Alynana Media Cambodia
Icon Collap
clinic narit

ហេតុអ្វីវៀតណាមបរាជ័យក្នុងការគ្រប់គ្រងការផ្គត់ផ្គង់ប្រេងឥន្ធនៈ?

Admin Alynana | Oct 24, 2022
ហេតុអ្វីវៀតណាមបរាជ័យក្នុងការគ្រប់គ្រងការផ្គត់ផ្គង់ប្រេងឥន្ធនៈ?
Clinic narith

សមាជិកសភាជាតិវៀតណាមជាច្រើនរូប កាលពីថ្ងៃទី ២២ខែតុលា បាននិយាយស្ដីបន្ទោសចំៗថា វិបត្តិខ្វះខាតការផ្គត់ផ្គង់ប្រេងសាំង ដែលបាននិងកំពុងកើតមានឡើងនៅវៀតណាមនៅមួយរយៈចុងក្រោយមកនេះ គឺដោយសារតែការខ្វះការសម្របសម្រួលរវាងក្រសួងពាក់ព័ន្ធ។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មានក្នុងស្រុកវៀតណាម។

លោក Tran Anh Tuan អនុប្រធាននាយកដ្ឋានផែនការ និងការវិនិយោគទីក្រុងហូជីមិញ បានប្រាប់ទៅកាន់សភាជាតិថា ប្រទេសវៀតណាមថ្មីៗនេះ បានជួបបញ្ហាដ៏គួរឲ្យនឹកស្មានមិនដល់ ទាក់ទងនឹងការផ្គត់ផ្គង់ប្រេងឥន្ធនៈ។ លោកបន្ថែមថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុ បានបរាជ័យក្នុងការយកចិត្តទុកដាក់ដោះស្រាយបញ្ហាអភិវឌ្ឍទីផ្សារជាក់ស្ដែង សម្រាប់ផលិតផលប្រេងឥន្ធនៈនេះ ទើបបានបង្កឲ្យមានការខ្វះខាតប្រេងប្រើប្រាស់យ៉ាងដូច្នេះ។

មានប្រជាជនជាច្រើននៅទីក្រុងហូជីមិញ និងខេត្តភាគខាងត្បូងប្រទេសវៀតណាម បានជួបបញ្ហាលំបាកយ៉ាងខ្លាំងក្នុងការទទួលបានប្រេងសាំងសម្រាប់ប្រើប្រាស់ នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ដោយសារតែមានស្ថានីយលក់ប្រេងជាច្រើនកន្លែងបាននិយាយថា ពួកគេអស់ប្រេងលក់ ឬមានការលក់រិតត្បិតលើបរិមាណជាដើម។

សមាជិកសភាជាតិវៀតណាម លោកស្រី Nguyen Thi Kim Be បានអះអាងថា ក្រសួងពាក់ព័ន្ធបានត្រឹមតែនិយាយសាចទឹកដាក់គ្នាទៅវិញទៅមក ជុំវិញបញ្ហាផ្គត់ផ្គង់ប្រេងសាំងនេះ ហើយភ្នាក់ងាររដ្ឋនានា បានបរាជ័យក្នុងការគ្រប់គ្រងទីផ្សារឲ្យបានដិតដល់ និងមិនមានការអន្តរាគមន៍បានទាន់ពេលវេលា។ លោកស្រីបន្ថែមថា រដ្ឋាភិបាលគួរតែរកមូលហេតុឲ្យឃើញ ហើយបញ្ជាក់ឲ្យច្បាស់ថា តើភ្នាក់ងាររដ្ឋណា ត្រូវទទួលខុសត្រូវលើផ្នែកណា ដើម្បីទប់ស្កាត់កុំឲ្យមានវិបត្តិកើតឡើងនាពេលអនាគត។

ទោះយ៉ាងណា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បានចេញមកអះអាងថា វៀតណាមមិនដែលខ្វះប្រេងសាំងនោះឡើយ។ ប៉ុន្ដែ បញ្ហាគឺនៅត្រង់ថា មានស្ថានីយប្រេងឥន្ធនៈជាច្រើនបានបិទឈប់លក់ប្រេង ដោយសារតែការឡើងចុះតម្លៃប្រេងសកលបានធ្វើឲ្យពួកគេរងនូវការការខាតបង់។

រដ្ឋមន្ត្រីក្រសួងឧស្សាកម្ម និងពាណិជ្ជកម្មវៀតណាមរូបនេះ បន្ថែមថា នៅថ្ងៃអនាគតក្រសួងនឹងធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាលើការផ្គត់ផ្គង់ប្រេងសាំងឲ្យបានគ្រប់គ្រាន់សម្រាប់ទីផ្សារ ហើយក៏នឹងមានការផាកពិន័យ ឬដកអាជ្ញាបណ្ណអាជីវកម្ម ចំពោះអ្នកដែលបំពានបទប្បញ្ញត្តិគ្រប់គ្រងរបស់អាជ្ញាធរផងដែរ។

ប្រធានក្រុមប្រឹក្សាភិបាលទីក្រុងហូជីមិញ លោក Pham Van Mai បានស្នើឲ្យមានការវាយតម្លៃលម្អិតបន្ថែមទៀត ដោយភ្នាក់ងារគ្រប់គ្រងប្រេងឥន្ធនៈវៀតណាមអំពីស្ថានភាពផ្គត់ផ្គង់ប្រេងឥន្ធនៈ និងការបង្កើតយន្ដការបម្រុងថាមពល ជាពិសេសដើម្បីធានាការផ្គត់ផ្គង់សម្រាប់មជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗ ដូចជាទីក្រុងហាណូយ ហូជីមិញ ដាណាង និងហៃផុងជាដើម។

សូមបញ្ជាក់ថា នៅក្នុងប្រទេសវៀតណាម មានក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈចំនួន៣៦ ដែលបាននាំចូលប្រេងសាំងពីបណ្ដាប្រទេសនានា ឬប្រភពប្រេងដែលចម្រាញ់ក្នុងស្រុក និងមានអ្នកចែកចាយប្រេង៥០០ក្រុមហ៊ុន ខណៈស្ថានីយលក់ប្រេងវិញមានជិត២ម៉ឺកន្លែង៕