កំពង់ធំ៖ ក្នុងខែតុលា ឆ្នាំ២០២២ ក្រុមមន្ត្រីឧទ្យានុរក្សតំបន់រ៉ាមសារបឹងទន្លេឆ្មារ ដែលស្ថិតក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប បានថតរូបភាពនៃប្រភេទ មំសាសីមួយក្បាល ក្នុងកំឡុងពេលចុះល្បាតប្រចាំខែរបស់ពួកគាត់។ ដោយសាររូបភាពដែលទទួលបានពិបាកក្នុងការធ្វើអត្តសញ្ញាណ ទើបអង្គការជីវិតធម្មជាតិនៅកម្ពុជាបានស្វែងរកជំនួយពីអ្នកជំនាញផ្នែកខ្លាត្រីទាំងនៅក្នុងស្រុក(គម្រោងខ្លាត្រីកម្ពុជា) និងក្រៅប្រទេស។
ជាលទ្ធផលអ្នកជំនាញបានកំណត់ថា វាពិតជាខ្លាត្រីពិតប្រាកដមែន។ នេះជាកំណត់ត្រាជាក់លាក់ជាលើកទីមួយពីវត្តមានសត្វខ្លាត្រីនៅតំបន់រ៉ាមសារបឹងទន្លេឆ្មារ។ ខ្លាត្រី គឺជាប្រភេទកំពុងរងគ្រោះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN អាស្រ័យដោយចំនួនរបស់វាបាននឹងកំពុងបន្តថយចុះ។ ខ្លាត្រីអាចមានទម្ងន់ពី ១០ ទៅ ១៥គីឡូក្រាម ឬលើសពីនេះ ហើយមានលក្ខណៈសម្របខ្លួនខ្ពស់ទៅតាមទីជម្រកក្នុងតំបន់ព្រៃលិចទឹក ជាពិសេសស្បែកការពារទឹកពីរស្រទាប់ ដូចមានក្នុងរូបភាពនេះ។ ការបាត់បង់ទីជម្រក ការបរបាញ់ ការបំពុលជាដើម ជាកត្តាគំរាមកំហែងដល់ប្រភេទមំសាសីមួយនេះ។
កំណត់ត្រាពីវត្តមានសត្វខ្លាត្រីនៅតំបន់បឹងទន្លេឆ្មារនៃបឹងទន្លេសាបនេះ ជាព័ត៌មានដ៏គួរឱ្យរីករាយ ពោលគឺ វាបញ្ជាក់ថា តំបន់រ៉ាមសារនេះមិនត្រឹមតែដើរតួសំខាន់ក្នុងការផ្តល់ទីជម្រកត្រីពងកូន និងសត្វស្លាបទឹកប៉ុណ្ណោះទេ វាក៏ជាទីតាំងដ៏សំខាន់ ដែលគាំទ្រប្រភេទថនិកសត្វផងដែរ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា បានគាំទ្រដល់ក្រសួងបរិស្ថាន ដែលកំពុងរៀបចំបែងចែកតំបន់ និងផែនការគ្រប់គ្រងនៃតំបន់រ៉ាមសារបឹងទន្លេឆ្មារ ដើម្បីគាំទ្រដល់ការគ្រប់គ្រង និងអភិរក្សឱ្យកាន់តែមានប្រសិទ្ធភាព។ កំណត់ត្រាអំពីវត្តមានខ្លាត្រីនេះ នឹងគាំទ្រដល់ការវិនិច្ឆ័យក្នុងការបែងចែកតំបន់គ្រប់គ្រងឱ្យកាន់តែប្រសើរឡើង។
ចាប់តំាងពីឆ្នាំ២០២១ អង្គការជីវិតធម្មជាតិនៅកម្ពុជា និងដោយការគាំទ្រថវិកាពី EU បានជួយបង្កើនសមត្ថភាពនិងគំាទ្រការល្បាតប្រចាំខែរបស់ឧទ្យានុរក្សតំបន់រ៉ាមសារបឹងទន្លេឆ្មារ ដើម្បីពង្រឹងការគ្រប់គ្រងតំបន់ការពារ និងបង្ក្រាបបទល្មើសឲ្យមានប្រសិទ្ធភាព និងធ្វើឲ្យប្រសើឡើងនូវព័ត៌មានជីវចម្រុះជាមូលដ្ឋាន។
សូមបញ្ជាក់ថា តំបន់រ៉ាមសារបឹងទន្លេឆ្មារ ស្ថិតក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប មានផ្ទៃដីសរុបចំនួន ២៨ម៉ឺនហិកតា និងត្រូវបានចុះបញ្ជីលេខ៩៩៧ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៩៩។ តំបន់រ៉ាមសារទន្លេឆ្មានេះ សម្បូរដោយរុក្ខជាតិ មច្ឆាប្រភេទកម្រ ក្នុងនោះដូចជាត្រីរាជ ត្រីគល់រាំង ជាដើម។ ចំពោះថនិកសត្វ មានដូចជា ភេខ្លួនរលោង ខ្លាត្រី និងពពួកសត្វស្លាបទឹក។ សត្វទាំងនោះភាគច្រើន ជាប្រភេទសត្វជិតផុតពូជ និងរងគ្រោះថ្នាក់លើពិភពលោក ដូចជារនាលស រនាលពណ៌ ទុងប្រផេះ ពពួលទឹក ស្មោញ ត្រដក់តូច និងត្រដក់ធំ។ តំបន់នេះមានព្រៃលិចទឹក សត្វស្លាបទឹក និងភូមិអណ្ដែតទឹកដែលអំណោយផលដល់អេកូទេសចរណ៍បែបធម្មជាតិ៕