បើតាមអង្គការមូលនិធិ Devex បានកត់ត្រាពីទំហំមូលនិធិដែលអ៊ុយក្រែនបានទទួលពីសម្ព័ន្ធមិត្ត រួមទាំងអង្គការស្ថាប័នហិរញ្ញវត្ថុមួយចំនួន គិតចាប់តាំងថ្ងៃទី ២៤ ខែកុម្ភៈ ដល់ថ្លៃទី ១៧ ខែតុលា មានសរុបដល់ ១០០ពាន់លានដុល្លារ ហើយមានភាគរយតិចតូចណាស់នៃមូលនិធិទាំងនោះ គឺត្រូវបានផ្តល់ជាជំនួយមនុស្សធម៌។
យោងតាមទិន្នន័យផ្លូវការរបស់អង្គការ ដេវេច (Devex) បានឲ្យដឹងថា អង្គការនេះបានតាមដានប្រភពព័ត៌មានជាង ៨៥០ អំពីអ្នកផ្តល់មូលនិធិធំជាងគេនៅជុំវិញពិភពលោក រួមទាំងរដ្ឋាភិបាលថ្នាក់ជាតិ ទីភ្នាក់ងារអន្តរជាតិពហុភាគី និងស្ថាប័នក្រៅរដ្ឋាភិបាលជាច្រើនទៀត។
ក្នុងនោះ អង្គការ Devex បានរកឃើញថា ជំនួយឥតសំណងដែលអ៊ុយក្រែនទទួលបានពីគ្រប់ភាគីសរុបមានចំនួនជាង ១៩ ពាន់លានដុល្លារ ដែលមូលនិធិនេះគឺត្រូវផ្តល់សម្រាប់សកម្មភាពមនុស្សធម៌ ឬដើម្បីរក្សាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងអ៊ុយក្រែន ដោយរហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយឥតសំណងធំជាងគេដល់អ៊ុយក្រែនមានចំនួន ៤ពាន់រយលានដុល្លារ តាមរយៈធនាគារពិភពលោក។
លើសពីនេះ ការវិភាគរបស់អង្គការ Devex ប្រទេសនានាបានផ្តល់ប្រាក់កម្ចីជិត ៨០ ពាន់លានដុល្លារ និងហិរញ្ញប្បទានដែលអាចសងបានផ្សេងទៀតដល់ប្រទេសអ៊ុយក្រែន ដែលនេះទំនងជាដើម្បីធ្វើការរក្សាដំណើរការសេដ្ឋកិច្ចអ៊ុយក្រែន ខណៈខ្លួនកំពុងជាប់ដៃធ្វើសង្គ្រាមជាមួយរុស្សី។
កាលពីដើមឆ្នាំនេះ ម្ចាស់ជំនួយ និងរដ្ឋាភិបាលនៃប្រទេសធំៗមួយចំនួនបានសន្យាផ្តល់ជំនួយជាច្រើនពាន់ដុល្លារបន្ថែមទៀតសម្រាប់អនាគតអ៊ុយក្រែន ដូចជាប្រាក់កម្ចីជាង ១០ ពាន់ដុល្លារដែលបានព្រៀមព្រៀងគ្នានៃកិច្ចប្រជុំមួយក្នុងប្រទេសប៉ូឡូញកាលពីខែមេសា និងជិត ២០ ពាន់លានដុល្លារផ្សេងទៀតនៅឯកិច្ចប្រជុំនៃប្រទេស G7 ក្នុងខែឧសភាកន្លងទៅ។ រហូតមកដល់ពេលនេះ វាមិនច្បាស់ទេថា មូលនិធិទាំងនោះបានហូរចូលដល់ដៃរដ្ឋាភិបាលទីក្រុងកៀវកម្រិតណា ដើម្បីប្រើប្រាស់វាទៅជាជំនួយ និងកម្ចីសម្រាប់ទ្រទ្រង់ប្រទេសនោះ។
ទោះយ៉ាងណាក៏ដោយ ទំហំនៃតម្រូវប្រើប្រាស់ការគឺច្រើនសន្ធឹកសន្ធាប់ណាស់ដូចគ្នា បើតាមអង្គការសហប្រជាជាតិបាននិយាយកាលពីខែមេសាថា យ៉ាងហោចណាស់មនុស្សជាង ១៥ លាននាក់នៅក្នុងប្រទេសអ៊ុយក្រែនកំពុងត្រូវការជំនួយជាបន្ទាន់។ ហើយអ៊ុយក្រែនបាននិយាយថា ប្រទេសខ្លួនក៏កំពុងឆ្ពោះទៅរកឱនភាពនៃសេដ្ឋកិច្ច ដែលត្រូវការថវិកាចំនួន ៥ ពាន់លានដុល្លារជារៀងរាល់ខែ។ យោងតាម អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ុយក្រែនបានប្រាប់អង្គការ Devex ថា ប្រាក់ទាំងអស់ ដែលទទួលបានរហូតមកដល់ពេលនេះត្រូវបានប្រើប្រាស់អស់ហើយ ដោយខ្លួនមិនមានផែនការច្បាស់លាស់សម្រាប់ត្រៀមក្នុងរយៈពេលប្រាំមួយខែបន្ទាប់ទៀតនោះទេ។
ជាការពិត តម្លៃនៃជនភៀសខ្លួនអ៊ុយក្រែនក៏បានក្លាយជាបញ្ហាបន្ទាន់មួយផងដែរ។ គិតត្រឹមដើមខែតុលានេះ មានជនភៀសខ្លួនអ៊ុយក្រែនជាង ៧ លាននាក់ ដែលបន្តស្ថិតក្នុងបណ្តាប្រទេសនៅទូទាំងទ្វីបអឺរ៉ុប ជាពិសេសនៅប្រទេសប៉ូឡូញ អាល្លឺម៉ង់ និងសាធារណរដ្ឋឆេក។
គួរកត់សម្គាល់ថា អ៊ុយក្រែនកំពុងទទួលបានការប្តេជ្ញាផ្តល់ជំនួយដ៏ច្រើនមហាសាលពីគ្រប់មជ្ឈដ្ឋានជុំវិញពិភពលោក។ កាលពីខែមិថុនាកន្លងទៅ ការវិភាគមួយរបស់ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌បានរកឃើញថា ជំនួយមនុស្សធម៌ដែលត្រូវបានផ្តល់ទៅឲ្យអ៊ុយក្រែន វាច្រើនជាងមូលនិធិដែលផ្តល់ទៅឲ្យប្រទេសស៊ីរី យេម៉ែន និងអាហ្វហ្គានីស្ថានរាប់ដងឯណោះ។
បើតាមទិន្នន័យដែលបានចុះផ្សាយដោយអង្គការ Devex បានរៀបរាប់ឲ្យដឹងថា សហភាពអឺរ៉ុបបានប្រកាសកញ្ចប់ថវិកាចំនួន ៣៥៣ លានដុល្លារ និង ៥៣៥ លានដុល្លារផ្សេងទៀតទៅដល់អ៊ុយក្រែនសម្រាប់តែជំនួយមនុស្សធម៌មួយមុខគត់។ ដោយឡែក នៅក្នុងកិច្ចប្រជុំកំពូលមួយជាមួយអង្គការអន្តរជាតិ (Global Citizen) និងរដ្ឋាភិបាលកាណាដា សហភាពអឺរ៉ុបក៏បានសន្យានឹងផ្តល់ជំនួយ ៥៩៣ លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន និងជាង ៣៩៥ លានដុល្លារទៀតសម្រាប់ទទួលយកជនភៀសខ្លួន។
យោងតាមកាសែត The New York Times រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រកាសកញ្ចប់ថវិកាសង្គ្រោះបន្ទាន់ជាច្រើនសម្រាប់អ៊ុយក្រែន ដែលចុងក្រោយបំផុតមានចំនួន ៤០ ពាន់លានដុល្លារ ដោយបែងចែកស្មើៗគ្នាទៅលើជំនួយផ្នែកយោធា និងជំនួយមនុស្សធម៌ ។ ម្យ៉ាងវិញទៀត ចក្រភពអង់គ្លេសក៏បានសន្យាផ្តល់ជំនួយមនុស្សធម៌ និងសេដ្ឋកិច្ចសរុបចំនួន ១ពាន់៧ រយលានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន ជាមួយនឹងជំនួយផ្នែកយោធាចំនួន ២ពាន់៥រយលានដុល្លារផងដែរ។
រីឯប្រទេសអាល្លឺម៉ង់ក្នុងពេលថ្មីៗនេះ បានផ្តល់ជំនួយឥតសំណងចំនួន ១ ពាន់លានដុល្លារដល់អ៊ុយក្រែន និងបានទទួលយកជនភៀសខ្លួនអ៊ុយក្រែនប្រហែលមួយលាននាក់។ ហើយធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិបានប្រកាសកញ្ចប់ជំនួយដែលមានតម្លៃសរុបជាង ៥ ពាន់លានដុល្លារ ហើយកាលពីថ្ងៃចន្ទ ទី ២៤ តុលានេះ ធនាគារពិភពលោកបាននិយាយថា ខ្លួនបានបញ្ចេញទឹកប្រាក់បន្ថែមចំនួន ៥០០ លានដុល្លារ ដើម្បីជួយអ៊ុយក្រែនក្នុងការបំពេញតម្រូវការចំណាយបន្ទាន់ជាដើម។
ទោះបីជាយ៉ាងក៏ដោយ អង្គការអន្តរជាតិមួយនេះ រួមជាមួយរដ្ឋាភិបាលអ៊ុយក្រែន និងគណៈកម្មាធិការអឺរ៉ុបបាននិយាយនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីខែកញ្ញាថា ការឈ្លានពានរបស់រុស្ស៊ីបានបណ្តាលឱ្យមានការខូចខាតយ៉ាងដំណំទៅលើប្រទេសអ៊ុយក្រែន ដោយគិតជាទឹកប្រាក់មានជាង ៩៧ ពាន់លានដុល្លារ។ ទន្ទឹមនឹងនេះ អ៊ុយក្រែន ក៏ត្រូវការចំណាយប្រាក់ ៣៥០ ពាន់លានដុល្លារដើម្បីកសាងប្រទេសមួយនេះឡើងវិញផងដែរ៕