(កំពង់ឆ្នាំង)៖រាជរដ្ឋាភិបាលកម្ពុជា បានបែងចែកដីបឹងទន្លេសាប ជា៣តំបន់ ដើម្បីបង្កភាពងាយស្រួលដល់ការគ្រប់គ្រង ដោយក្នុងនោះ ដីតំបន់៣ ជាដីដែលមិនអាចអាស្រ័យផល និងមិនអាចធ្វើជាម្ចាស់កម្មសិទ្ធិបានឡើយ។ កន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចកាត់ឆ្វៀលដីអភិរក្សបឹងទន្លេសាប ដែលជាដីមិនមែនជាដីព្រៃលិចទឹក ចេញពីតំបន់៣ និងតំបន់២ ជូនទៅប្រជាពលរដ្ឋដែលបានអាស្រ័យផលជាក់ស្តែងនៅទីនោះ ចាប់ពី១០ឆ្នាំឡើងទៅ។
ជុំវិញគោលបំណងនៃការកាត់ឆ្វៀលដីតំបន់បឹងទន្លេសាបនេះដែរ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានគូសបញ្ជាក់ឡើងវិញនៅថ្ងៃទី ២៦ ខែតុលាថា គឺដើម្បីចូលរួមការពារ អភិរក្សតំបន់បឹងទន្លេសាប ក៏ដូចជា ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋជុំវិញតំបន់នោះ ទទួលបានអត្ថប្រយោជន៍ពីតំបន់បឹងទន្លេសាប ហើយសម្តេច ក៏បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធត្រូវធ្វើការងារនេះឲ្យបានឆាប់ផងដែរ។
ថ្លែងនាឱកាសចុះចែកពូជស្រូវជូនកសិករខេត្តកំពង់ឆ្នាំង ដែលរងគ្រោះដោយសារទឹកជំនន់ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានក្រើនរំលឹកជាថ្មីម្ដងទៀត ដល់ក្រសួង-ស្ថាប័ន និងមន្រ្តីពាក់ព័ន្ធ ជុំវិញការពន្លឿនកិច្ចការឆ្វៀលដីជូនពលរដ្ឋនៅតំបន់៣ ក្នុងបឹងទន្លេសាប។ សម្ដេចតេជោ ហ៊ុន បានបញ្ជាក់ដូច្នេះ កន្លងមក សម្ដេចបានណែនាំឲ្យមន្រ្តីពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលរស់នៅ និងអាស្រ័យផលរយៈពេលយូរ នៅជុំវិញតំបន់បឹងទន្លេសាបនេះ ដោយសម្ដេចបញ្ជាឲ្យឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ ជាអ្នកទទួលបន្ទុកលើកិច្ចការនេះ។ មិនតែប៉ុណ្ណោះ សម្ដេចក៏បានដាក់បទបញ្ជាជុំវិញការងារនេះ ឲ្យរួចរាល់មុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងឈានមកដល់ នៅខែមេសា ឆ្នាំ២០២៣ ខាងមុខ។ ការរៀបចំតំបន់បឹងទន្លេសាបឡើងវិញ ក៏ដោយសារតែប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមើលឃើញថា នារយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ប្រជាពលរដ្ឋនៅតំបន់បឹងទន្លេសាប ហាក់នៅតែមិនទាន់មានភាពច្បាស់លាស់ក្នុងការតាំងទីលំនៅ។
ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅតែបង្ហាញនូវគោលជំហរពាក់ព័ន្ធនឹងការដកហូតយកដីព្រៃលិចទឹកពីជនខិលខូច និងអ្នកមានអំណាច ដែលបានទន្រ្ទានកាន់កាប់ រយៈពេលកន្លងមក ដើម្បីយកមកកាន់កាប់ និងដាំកូនឈើឡើងវិញ ជាកំហិត។ ទន្ទឹមនោះ សម្តេច ហ៊ុន សែន ក៏បានបង្ហាញនូវការសោកស្តាយ ផងដែរ ដែលកន្លងមក សម្តេចបានចុះហត្ថលេខា លើអនុក្រឹត្យនៅឆ្នាំ២០១២ ដោយមិនបានយកចិត្តទុកដាក់ លើការកែសម្រួលតំបន់៣ តំបន់២ និងតំបន់១ នៅបឹងទន្លេសាប។ ប៉ុន្តែ សម្ដេចក៏បានបញ្ជាក់ទៀតថា ពេលនេះ រាជរដ្ឋាភិបាលបានរកឃើញវិធីសាស្ត្រ ដើម្បីអាចឲ្យប្រជាពលរដ្ឋរស់នៅបានផង និងអាចថែទាំបឹងទន្លេសាបបានផង តាមរយៈការកាត់ឆ្វៀលដីជូនពលរដ្ឋនៅក្នុងតំបន់បឹងទន្លេសាបនេះ។
គួរបញ្ជាក់ថា មូលហេតុដែលសម្តេចតេជោ ហ៊ុន សែន សម្រេចកាត់ឆ្វៀលដីជុំវិញបឹងទន្លេសាបជូនប្រជាពលរដ្ឋ ដោយសារប្រជាពលរដ្ឋទាំងនោះរស់នៅទីនោះយូរឆ្នាំ និងបានបង្កើតជាភូមិ ឃុំ ស្រុក និងវត្តអារ៉ាមជាដើមដែលអាចមានសិទ្ធិគ្រប់គ្រាន់ក្នុងការទទួលបានដីកាន់កាប់ និងអាស្រ័យផង។ ប៉ុន្តែពលរដ្ឋ ដែលទើបកាប់ទន្ទ្រានដីព្រៃលិចទឹកថ្មីៗ ដើម្បីធ្វើជាកម្មសិទ្ធិខ្លួននោះ រដ្ឋាភិបាល មិនប្រគល់ឲ្យកាន់កាប់នោះទេ ត្រូវរឹបអូសយកមកវិញ។ ជាមួយគ្នានោះ សម្ដេច ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យបញ្ឈប់ការកាប់ព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាប និងអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមដាំកូនឈើឡើងវិញ ដើម្បីចូលរួមការពារ និងអភិរក្សតំបន់បឹងទន្លេសាបនេះឲ្យបានល្អ ដើម្បីជាជម្រកត្រីពងកូន ដែលជាប្រយោជន៍របស់ប្រជាជនកម្ពុជា៕