ខណៈដែលអឺរ៉ុបកំពុងតែជួបវិបត្តិថាមពលចំពេលរដូវរងារខិតជិតមកដល់នៅក្នុងពេលខាងមុខនេះដូច្នេះហើយគេបានឃើញពលរដ្ឋអឺរ៉ុបមួយចំនួនបែកគំនិតទៅកាប់ឈើធ្វើជាអុសទុកសម្រាប់ដុតកម្ដៅនៅក្នុងរដូវត្រជាក់ និងសម្រាប់លក់ដែលធ្វើឱ្យតម្លៃឈើអុសនេះឡើងថ្លៃខ្ពស់គួរឲ្យកត់សម្គាល់។ ប៉ុន្តែទន្ទឹងនឹងនោះប្រជាពលរដ្ឋ ឬក្រុមឈ្មួញនៅអឺរ៉ុបក៏ព្រួយបារម្ភពីអំពើចោរកម្មលួចយកអុសពីកន្លែងស្តុកទុករបស់ពួកគេផងដែរ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារ AP។
វិបត្តិថាមពលនៅអឺរ៉ុបដោយសាររុស្ស៊ីបានកាត់បន្ថយលំហូរឧស្ម័នធម្មជាតិចំពេលមានសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែននោះ បានបង្ខំឱ្យប្រជាពលរដ្ឋមួយចំនួនងាកទៅរកប្រភពកម្ដៅដែលមានតម្លៃថោកដូចជាការកាប់ឈើមកធ្វើអុសដុតជាដើម នៅពេលរដូវត្រជាក់ខិតកាន់តែជិតចូលមកដល់នៅអឺរ៉ុប។
ត្រូវបានស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន AP ប្រជាពលរដ្ឋម្នាក់ឈ្មោះ ទូដូ ប៉ូផេស្គូ (Tudor Popescu) បានអះអាងថា រូបគេបានជញ្ជូនវាយកអុសទៅគរនៅក្នុងផ្ទះរបស់គាត់ក្នុងរដ្ឋធានីនៅប្រទេសម៉ុលដូវី ដើម្បីត្រៀមទុកដុតកម្ដៅខ្លួនសម្រាប់រដូវរងារក្នុងពេលខាងមុខនេះ។
កាលពីមុន លោក ប៉ូផេស្គូ បានពឹងផ្អែកលើឧស្ម័នធម្មជាតិដើម្បីរក្សាកម្ដៅនៅពេលព្រឹក និងដុតអុសនៅពេលល្ងាច ប៉ុន្តែឧស្ម័នឥឡូវនេះមានការផ្គត់ផ្គង់ឧស្ម័នតិចជាងមុន ដែលបង្កឱ្យមានវិបត្តិនៅក្នុងប្រទេសដ៏តូចរបស់គាត់ដែលស្ថិតនៅអឺរ៉ុបខាងកើតមួយនេះ។
នៅពេលដែលមនុស្សទៅកាប់អុសដើម្បីស្តុកទុក និងដុតអុសកាន់តែច្រើនឡើងនេះ វាបានធ្វើឱ្យតម្លៃអុសបានកើនឡើងខ្ពស់ ហើយកង្វះខាតអុស និងចោរកម្មក៏ត្រូវបានរាយការណ៍ថា មានការកើនឡើង ហើយការបោកប្រាស់តាមអ៊ីនធឺណិតក៏កំពុងកើតឡើងផងដែរ។ ក្រុមអ្នកអភិរក្សព្រៃឈើកំពុងដាក់ប្រព័ន្ធតាមដាន GPS បង្កប់នៅក្នុងឈើដើម្បីតាមដានពីស្តុកតម្លៃមួយចំនួន ហើយក៏មានការភ័យខ្លាចផងដែរ ពីផលប៉ះពាល់បរិស្ថានបណ្ដាលមកពីការបំពុលខ្យល់ និងការកាប់ឈើកាន់តែខ្លាំងឡើងនៅក្នុងប្រទេសតូចៗមួយចំនួននៅអឺរ៉ុប។
តម្រូវការឈើអុសមិនមានកំណត់ចំពោះប្រទេសក្រីក្រដូចជាប្រទេសម៉ូលដូវីនេះទេ ប៉ុន្តែថ្មីៗនេះក៏មានប្រទេសជឿនលឿនមួយចំនួននៅទូទាំងតំបន់អឺរ៉ុបត្រូវការអុសនេះផងដែរ។ តួយ៉ាងប្រទេសអាល្លឺម៉ង់ ប៉ូឡូញ និងសាធារណរដ្ឋឆេកជាដើម កំពុងមើលឃើញតម្រូវការកាន់តែខ្លាំងឡើងសម្រាប់ឈើគុបដែលគេលក់ជាផ្នែកមួយ នៃការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាពរបស់ពួកគេ។
នៅក្នុងប្រទេសប៉ូឡូញ តម្រូវការអុសតូចៗពីក្នុងព្រៃធម្មជាតិបានកើនឡើង ៤៦% ហើយអុសធំៗបានកើនឡើង ៤២% បើគិតត្រឹមចុងខែសីហាកន្លងទៅ ធៀបទៅនឹងឆ្នាំមុន ហើយនេះគឺជាតម្រូវការឈើអុសដែលមានកម្រិតខ្ពស់បំផុត។
ទន្ទឹមនឹងហាងឆេងអុសឡើងថ្លៃនេះ ប្រជាពលរដ្ឋក៏មានការព្រួយបារម្ភកាន់តែខ្លាំងផងដែរចំពោះក្រុមចោរដែលលួចយកអុសរបស់ពួកគេ និងមានការបោកប្រាស់តាមអ៊ីនធឺណិតកាន់តែកើនឡើង។ មន្ត្រីម្នាក់នៅប្រទេសអាល្លឺម៉ង់ឈ្មោះ នីកូឡេ ហ្វ៊ីគ្លើ (Nicole Fiegler) បាននិយាយថា ដើម្បីទប់ស្កាត់អំពើចោរកម្មនេះ នាយកដ្ឋានព្រៃឈើក្នុងរដ្ឋមួយនៅប្រទេសនេះ កំពុងសាកល្បងដាក់ឧបករណ៍តាមដាន GPS នៅក្នុងកំណាត់ឈើថែមទៀតផង៕