Alynana Media Cambodia
Icon Collap
clinic narit

នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះកម្ពុជាគ្រោងនិងខ្ចីបំណុលបន្ថែមជិត ២,៣ពាន់លានដុល្លារ

Admin Alynana | Nov 01, 2022
នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះកម្ពុជាគ្រោងនិងខ្ចីបំណុលបន្ថែមជិត ២,៣ពាន់លានដុល្លារ
Clinic narith

នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា មានផែនការនឹងបង្កើនទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍បន្ថែមទៀត រហូតដល់ ១ពាន់៧រយលាន SDR (ជាតម្លៃរូបិយវត្ថុដែលកំណត់ដោយ IMF) ដែលស្មើនឹងប្រមាណជិត ២ពាន់៣រយលានដុល្លារអាមេរិក ពោលគឺមានការកើនឡើង ១០០លាន SDR ឬស្មើនឹងនឹងជិត ១៣០លានដុល្លារ បើធៀបនឹងច្បាប់ថវិកាឆ្នាំ២០២២។ នេះបើតាមសេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៣ ដែលទើបតែបានអនុម័តនាថ្ងៃទី ២៨ ខែតុលា។

បើទោះបីជា មានការបង្កើនទំហំកម្ចីក៏ដោយចុះ ប៉ុន្ដែ រាជរដ្ឋាភិបាលកម្ពុជាអះអាងថា វានឹងមិនបង្កើតជាបន្ទុកបំណុលវ័ណ្ឌកដល់កម្ពុជាទេ ពោលគឺជាទិដ្ឋភាពបច្ចេកទេស ស្ថានភាពបំណុលសាធារណៈ កម្ពុជានៅតែត្រូវបានវាយតម្លៃថាមាន ចីរភាព និង ហានិភ័យកម្រិតទាបដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗ របស់កម្ពុជា សុទ្ធតែស្ថិតក្រោមអនុបាតគោលទាំងអស់។

តាមសេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៣ ដែលបានអនុម័ត នាថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២២ បានបង្ហាញថា រាជរដ្ឋាភិបាល កំណត់ទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍសម្រាប់ឆ្នាំ២០២៣ ក្នុងកម្រិត ១ពាន់៧រយលាន SDR ស្មើនឹងប្រមាណជិត ២ពាន់៣រយលានដុល្លារអាមេរិក កើនឡើង ១០០លានដុល្លារ SDR ឬស្មើនឹងប្រហែល ១៣០លានដុល្លារ ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២២។ ការខ្ចីបំណុលបន្ថែមសម្រាប់ឆ្នាំ២០២៣នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអះអាងថា ដោយផ្អែកលើទិដ្ឋភាពដូចជា ទី១-ទំហំនៃតម្រូវការវិនិយោគសាធារណៈមានការកើនឡើង ដែលកម្ពុជាមានភាពចាំបាច់ក្នុងការកៀរគរធនធាន បន្ថែមឱ្យបានច្រើន ដើម្បីបំពេញតម្រូវការសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។ ទី២-គម្រោងអភិវឌ្ឍន៍ ដែលនឹងចុះកិច្ចព្រមព្រៀងឥណទានសម្បទានក្នុងឆ្នាំ២០២៣ ជាគម្រោងវិនិយោគសាធារណៈក្នុងវិស័យអាទិភាព (ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការបង្កើនផលិតភាពសេដ្ឋកិច្ច និងផលិតភាពផលិតកម្ម) ហើយដែលត្រូវបានរំកិលពីឆ្នាំមុនៗមក តែមានចរិតយុទ្ធសាស្រ្តក្នុងការទ្រទ្រង់ដល់ចីរភាពនៃកំណើនសេដ្ឋកិច្ច ក្នុងរយៈពេលមធ្យម និងវែង។ ទី៣-ឥណទានមានកម្រិតសម្បទានខ្ពស់។ ទី៤-ស្ថានភាពបំណុលសាធារណៈកម្ពុជាបច្ចុប្បន្ន និងក្នុងរយៈពេលមធ្យម នៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប» និងទី៥-ការបន្តបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រង និងអនុវត្តគម្រោង។

យ៉ាងណាមិញនៅក្នុងការគ្រប់គ្រងបំណុលសាធារណៈនេះដែរ រាជរដ្ឋាភិបាលក៏បានប្រកាន់ខ្ជាប់នូវគោលការណ៍គន្លឹះ៥ចំណុច គឺទី១.ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន។ ទី២.ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខខណ្ឌអនុគ្រោះខ្ពស់។ ទី៣.ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។ ទី៤.ប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្ដិសិទ្ធភាពខ្ពស់បំផុត។ និងទី៥.ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលត្រូវមានស្តង់ដា និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រងការវិនិយោគសាធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍ជាតិនៅក្នុងដំណាក់កាលថ្មីពិសេសធានាបាននូវចីរភាពសេដ្ឋកិច្ច, សង្គម, បរិស្ថាន, និងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ។

ទន្ទឹមនេះ នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងបោះផ្សាយលក់មូលបត្ររដ្ឋជាលើកទី២ ចំនួន ២០០ លានដុល្លារអាមេរិក សម្រាប់សងប្រាក់ដើមនៃការបោះផ្សាយមូលបត្រឆ្នាំ ២០២២ ចំនួនប្រមាណ ៤៩ លានដុល្លារអាមេរិក និង ការគ្រោងថវិកាចំនួនប្រមាណ ១៥១ លានដុល្លារអាមេរិកទៀត សម្រាប់ធ្វើហិរញ្ញប្បទានលើគម្រោងវិនិយោគ ដែលអាចផ្តល់ចំណូលដោយត្រង់មករាជរដ្ឋាភិបាល និងផ្ដល់ផលរហ័ស ដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគ និងចិរភាពនៃការគ្រប់គ្រងបំណុល និងថវិកាជាតិ ។

ជុំវិញនឹងការខ្ចីបំណុលរបស់រាជរដ្ឋាភិបាលនេះដែរ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ច គូសបញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍ ដូច្នោះហើយតម្រូវការផ្នែកហិរញ្ញវត្ថុនេះនៅតែមានជាប្រចាំឆ្នាំ ដើម្បីយកទៅប្រើប្រាស់ក្នុងការអភិវឌ្ឍ ជាពិសេសការវិនិយោគលើវិស័យសាធារណៈ បង្កើនគុណភាពឲ្យកាន់តែល្អ ដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាងក្នុងតំបន់ ក្នុងគោលដៅទាក់ទាញវិនិយោគិនបរទេសមកធ្វើការវិនិយោគនៅកម្ពុជាកាន់តែប្រសើរឡើងថែមទៀត។ ជាងនេះទៅទៀត ការកំណត់ទំហំប្រាក់បំណុលរបស់កម្ពុជានេះ នៅមិនទាន់ដល់កម្រិតដែលប្រឈមនៅឡើយនោះទេ បើវាស់តាមអនុបាទបំណុល-ផលិតផលក្នុងស្រុកសរុប។

គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ សន្និធិបំណុលសាធារណៈក្រៅប្រទេសរបស់កម្ពុជាសរុបមានជាង៩ពាន់៥រយលានដុល្លារ ដោយក្នុងនោះ បំណុលជំពាក់ប្រទេសចិនច្រើនជាងគេដល់ទៅ ៤១% នៃបំណុលសរុប៕