ទិន្នផលរោងចក្រនៅប្រទេសជប៉ុនបានធ្លាក់ចុះនៅក្នុងខែកញ្ញាជាកម្រិតធ្លាក់ចុះទាបជាលើកដំបូងនៅក្នុងរយៈពេល ៤ ខែចុងក្រោយនេះ ដោយសារក្រុមហ៊ុនផលិតមួយចំនួនបានរងផលប៉ះពាល់ពីការកើនឡើងនៃតម្លៃវត្ថុធាតុដើម និងដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក។
ប៉ុន្តែវាក៏មានសញ្ញាដ៏ភ្លឺស្វាងសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចធំទី៣របស់ពិភពលោកនេះផងដែរ ដោយការលក់រាយបានកើនឡើងក្នុងរយៈពេល៧ខែជាប់ៗគ្នា ធ្វើឱ្យជប៉ុនមានសង្ឃឹមកាន់តែខ្លាំងសម្រាប់ការបង្កើនការប្រើប្រាស់ប្រកបដោយនិរន្តរភាពបន្ទាប់ពីការបន្ធូរបន្ថយការគ្រប់គ្រងព្រំដែនទាក់ទងនឹងជំងឺកូវីដ១៩ សម្រាប់ភ្ញៀវទេសចរបរទេសកាលពីដើមខែតុលានេះ។ នេះបើតាមការចេញផ្សាយរបស់កាសែត Nikkei នៅថ្ងៃនេះ។
ទិន្នន័យរបស់រាជរដ្ឋាភិបាលជប៉ុនបានបង្ហាញកាលពីថ្ងៃចន្ទថា ទិន្នផលរោងចក្របានធ្លាក់ចុះ រហូតដល់ ១,៦% កាលពីខែកញ្ញាបើធៀបនឹងខែកន្លងទៅ ហើយកម្រិតនៃការធ្លាក់ចុះនេះគឺមានទំហំធំជាងការព្យាកររបស់ក្រុមអ្នកសេដ្ឋកិច្ចដែលថានឹងមានការធ្លាក់ចុះជាមធ្យម ១% ។
ទិន្នន័យនេះបានកត់សម្គាល់ពីការធ្លាក់ចុះពីមួយខែទៅមួយខែជាលើកដំបូងក្នុងរយៈពេល ៤ ខែចុងក្រោយនេះ នៅក្នុងផលិតកម្មឧស្សាហកម្ម ហើយទិន្នន័យទិន្នផលនៃវិស័យរោងចក្របានបង្ហាញឡើង បន្ទាប់ពីមានតួលេខកើនឡើង ២,៧% នៅក្នុងខែសីហា។
ការស្ទង់មតិសាជីវកម្មរបស់ទីភ្នាក់ងាររ៉យទ័របានបង្ហាញនៅដើមខែតុលាថា ទំនុកចិត្តក្នុងចំណោមក្រុមហ៊ុនផលិតរបស់ជប៉ុនទំនងជានឹងរងផលប៉ះពាល់នៅក្នុងខែតុលា ដ្បិតថាអតិផរណា គឺស្ថិតនៅក្នុងចំណោមក្ដីកង្វល់ធំៗ សម្រាប់អាជីវកម្មរបស់ប្រទេសជប៉ុន។
សម្ពាធអតិផរណានៅប្រទេសជប៉ុនដែលពឹងផ្អែកលើការនាំចូលនោះ មានកម្រិតកាន់តែធ្ងន់ធ្ងរឡើងដោយសារការធ្លាក់ថ្លៃរយៈពេលយូរនៃប្រាក់យ៉េនជប៉ុន ដែលបានឈានដល់កម្រិតទាបបំផុតថ្មីមិនធ្លាប់មានក្នុងរយៈពេល ៣២ ឆ្នាំកន្លងមកនេះ បើធៀបនឹងប្រាក់ដុល្លារអាមេរិកនៅក្នុងខែតុលានេះ។
កាលពីថ្ងៃសុក្រ ទី២៨ ខែតុលា រាជរដ្ឋាភិបាលជប៉ុនបានប្រកាសកញ្ចប់ថវិកាប្រហែល ២៦៤ ពាន់លានដុល្លារជាវិធានការប្រឆាំងនឹងអតិផរណា ជាមួយនឹងការផ្តល់មូលនិធិដោយថវិកាបន្ថែមចំនួនជាង ២០០ ពាន់លានដុល្លារ ខណៈដែលធនាគារកណ្តាលជប៉ុនបានសម្រេចចិត្តរក្សាការបន្ធូរបន្ថយរូបិយវត្ថុរបស់ខ្លួននៅដដែល ដោយគ្មានផ្លាស់ប្តូរដើម្បីគាំទ្រដល់សេដ្ឋកិច្ចផុយស្រួយរបស់ខ្លួននោះទេ បើទោះជាមានហានិភ័យនៃការធ្លាក់ថែមទៀតនូវតម្លៃរបស់ប្រាក់យ៉េនក៏ដោយ។
សេដ្ឋវិទូដែលត្រូវបានស្ទង់មតិដោយរ៉យទ័រកាលពីសប្តាហ៍មុនបានរំពឹងថា សេដ្ឋកិច្ចជប៉ុននឹងបន្ត កើនឡើងប្រចាំឆ្នាំ ២% នៅអំឡុងខែតុលាដល់ខែធ្នូ ពោលគឺប្រសើរជាងបន្ដិចបើធៀបនឹងការប៉ាន់ប្រមាណពីលើកមុនរបស់ពួកគេ។ ក្រុមសេដ្ឋវិទូ ក៏បានកំពុងចង្អុលបង្ហាញពីហានិភ័យដ៏ធំបំផុតចំពោះសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនក្នុងរយៈពេល១ឆ្នាំទៀតផងដែរ នោះគឺជាការអូសបន្លាយពេលយូរនៃវិធានការរឹតបន្តឹងរូបិយវត្ថុរបស់អាមេរិក៕