Alynana Media Cambodia
Icon Collap
clinic narit

ខេត្តសៀមរាបទទួលបាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ មាន​ចំនួន​ច្រើនរហូតដល់ទៅជាង ១,៦ លាន​នាក់

Admin Alynana | Nov 03, 2022
ខេត្តសៀមរាបទទួលបាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ មាន​ចំនួន​ច្រើនរហូតដល់ទៅជាង ១,៦ លាន​នាក់
Clinic narith

(សៀមរាប)៖ ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​នៅក្នុង​ខេត្តសៀមរាប នា​អំឡុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ឆ្នាំនេះ​ត្រូវ​រំពឹង​ថា​នឹង​មាន​ចំនួន​ច្រើន ខណៈ​រយៈពេល ៩ ខែ​ដើមឆ្នាំ ២០២២ ខេត្តសៀមរាប ទទួល​បាន​ទេសចរ​សរុប​ជាង ១,៦ លាន​នាក់ កើន ១ ១៨៩ ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២១។ នេះ​បើ​តាម​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប។

12-tourise_0

ព្រះរាជ​ពិធីបុណ្យ​អុំទូក​បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក ឆ្នាំនេះ​នឹង​ត្រូវ​រៀបចំឡើង​ពី​ថ្ងៃទី ៧-៩ ខែវិច្ឆិកា។

​នៅ​ថ្ងៃទី ១ ខែវិច្ឆិកា បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែកញ្ញា ឆ្នាំ ២០២២ ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​នៅក្នុង​ខេត្តសៀមរាប មាន​ចំនួន ១ ៦៣៤ ៣៥២ នាក់ កើនឡើង ១ ១៨៩,៧៤ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២១ ដែល​មាន​ចំនួន ១២៦ ៧១៩ នាក់។ ក្នុង​នោះ​ភ្ញៀវ​ជាតិ ១ ៥០០ ២០០ នាក់ កើន ១ ១៤៤,៤៤ ភាគរយ និង​អន្តរជាតិ ១៣៤ ១៥២ នាក់ កើន ២ ០៧៥,៣២ ភាគរយ។

បើ​តាម​ទិន្នន័យ ភ្ញៀវ​ជនជាតិ​ចិន ស្ថិតនៅ​ចំណាត់ថ្នាក់​លើ​គេ គឺ​ចំនួន ១៣ ៨០៩ នាក់ កើន ៣១៦,៤៣ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន, បារាំង​ចំនួន ១៣ ៤១៣ នាក់​កើនឡើង ២ ៧២៩,៤៧ ភាគរយ, អង់គ្លេស ១៣ ០០៦ នាក់​កើនឡើង ៧៧៣៤,៩៣ ភាគរយ, អាមេរិក ១២ ៩១២ នាក់​កើន៣ ៤៦៦,៨៥ ភាគរយ, វៀតណាម ៨៤៨៥ នាក់ កើន ៧ ០៣០,២៥ ភាគរយ, ថៃ ៦ ៩៦៥ នាក់​កើន ៣ ៩៧៣,០៩ ភាគរយ និង​ភ្ញៀវ​មក​ពី​ប្រទេស​មួយចំនួន​ទៀត​ដូចជា អាល្លឺម៉ង់, អូស្រ្តាលី, កូរ៉េ និង​ជប៉ុន ជាដើម។

នាយក​រដ្ឋបាល​ខេត្តសៀមរាប លោក លី វណ្ណៈ បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី ១ ខែវិច្ឆិកា​ថា ខេត្តសៀមរាប រំពឹង​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ដ៏​ច្រើន​ក្នុង​អំឡុង​ពិធីបុណ្យ​អុំទូក ដែល​នឹង​ចាប់ផ្តើម​នៅដើម​សប្តាហ៍​ក្រោយ។ មានក​ត្តា​ជាច្រើន​ដែល​កំពុង​ជួយ​ខេត្តសៀមរាប ឱ្យ​ស្រូប​ភ្ញៀវ​ទៅ​កម្សាន្ត​ច្រើន ដែល​មាន​ដូចជា យុទ្ធ​សាស្រ្ត​ដ៏​មានប្រសិទ្ធភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការគ្រប់គ្រង​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ ១៩, ប្រព័ន្ធ​ផ្លូវ​ក្នុង​ក្រុង​មាន​ភាពល្អ​ប្រសើរ, មាន​រមណីយ​ដ្ឋាន​ថ្មីៗជាច្រើន ខណៈ​អាជ្ញាធរ​ខេត្ត​ក៏បាន​រៀបចំ​សោភណភាព​ក្នុង​ក្រុង​ដោយមាន​ការ​ដាក់​តាំង​ភ្លើងបំភ្លឺ ជាច្រើន​ទៀត។
-2-2

 

លោក​ថ្លែង​ថា៖ «យើង​រំពឹង​ថា​នឹង​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាច្រើន​មក​កម្សាន្ត​នៅក្នុង​ខេត្តសៀមរាប​អំឡុង ១ សប្តាហ៍​ខាងមុខ ព្រោះ​ក្រៅពី​ការគ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វីដ ១៩ ល្អ​ប្រសើរ រយៈពេល​នៃ​ការ​ឈប់សម្រាក​ក៏​វែង​ផង​ដែរ»។

លោក​លើកឡើង​ទៀត​ថា កំណើន​ភ្ញៀវ​ទេសចរ​ក៏​នឹង​រួមចំណែក​ក្នុង​ការបង្កើត​ការងារ និង​ប្រាក់ចំណូល​ដល់​ប្រជាជន​នៅ​មូលដ្ឋាន​ផ្ទាល់​ផង​ដែរ។

ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី បាន​និយាយ​ថា ភ្ញៀវ​មកលេង​សៀមរាប បាន​កើនឡើង​វិញ​ជា​បណ្តើរៗ ក្រោយពី​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ ១៩ មាន​ភាព​ធូរស្រាល ហើយ​ប្រទេស​ស្ទើរ​ទាំងអស់​នៅ​លើ​ពិភពលោក​បាន​ប្រកាស​បើក​ឡើងវិញ។ ជាក់ស្តែង​អ្នក​ក្នុង​វិស័យ​ទេសចរណ៍ ដែល​ពីមុន​មាន​មួយចំនួន​បាន​ងាក​ទៅ​ប្រកប​អាជីវ​កម្ម​ផ្សេងៗ ក៏​ចាប់ផ្តើម​ចូល​មក​ក្នុង​វិស័យ​នេះ​វិញ​ជាបន្តបន្ទាប់។

លោក​បន្ថែម​ទៀត​ថា សូម្បី​សណ្ឋាគារ ដែល​កាលពី​ឆ្នាំមុន​ស្ទើរតែ​គ្មាន​ភ្ញៀវ​សោះ ពេលនេះ​ក៏​ទទួលការ​កក់​ច្រើន​ដែរ គឺ​រហូតដល់​ចុងឆ្នាំ។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​គិតថា​នឹង​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ចូល​មក​កម្សាន្ត​នៅក្នុង​ខេត្តសៀមរាប​នា​អំឡុង​បុណ្យអុំទូក​ខាងមុខ ពិសេស​ភ្ញៀវ​ក្នុង​ស្រុក។ បន្ទាប់ពី​នោះ​នឹង​មាន​ភ្ញៀវ​បរទេស​កាន់តែ​ច្រើន​ចូល​មក​ទស្សនា​ប្រាសាទអង្គរវត្ត។ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ចំពោះ​ការ​រីកចម្រើន​ឡើងវិញ​នូវ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា»៕