Alynana Media Cambodia
Icon Collap
clinic narit

ចំនួនអ្នកធ្វើដំណើរលើផ្លូវល្បឿនលឿននឹងថយចុះ ទោះបីមានការបញ្ចុះតម្លៃ២០% ក្ដី

Admin Alynana | Nov 04, 2022
ចំនួនអ្នកធ្វើដំណើរលើផ្លូវល្បឿនលឿននឹងថយចុះ ទោះបីមានការបញ្ចុះតម្លៃ២០% ក្ដី
Clinic narith

មានយានយន្តជិត៤៤ម៉ឺនគ្រឿងបានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុក្នុងអំឡុងពេលបើកឲ្យធ្វើដំណើរសាកល្បងដោយឥតគិតថ្លៃក្នុងរយៈពេលពេញមួយខែតុលាកន្លងទៅ។ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនជឿជាក់ថា ក្រោយក្រុមហ៊ុនចាប់ផ្តើមយកកម្រៃសេវា ចំនួនអ្នកធ្វើដំណើរលើផ្លូវនេះនឹងមានការធ្លាក់ចុះ បើទោះបីមានការបញ្ចុះតម្លៃ២០% សម្រាប់ការធ្វើដំណើរក្នុងរយៈពេល១ឆ្នាំដំបូងក្តី។

សម្រាប់អ្នកជំនាញតម្លៃសេវាប្រើប្រាស់ផ្លូវល្បឿនលឿននៅតែស្ថិត​ក្នុង​កម្រិតមួយខ្ពស់នៅឡើយ សម្រាប់​អ្នកប្រើប្រាស់​។

ក្រោយបើកឲ្យធ្វើដំណើរដោយឥតគិតថ្លៃពេញមួយខែតុលា កន្លងទៅ ក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុបានចាប់ផ្តើមយកតម្លៃសេវា​លើការប្រើប្រាស់​ផ្លូវល្បឿនលឿននេះ​ហើយគិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅ ជាមួយការបញ្ចុះតម្លៃ២០% នៅ១ឆ្នាំដំបូង។ បើតាមការគូសបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ការយកតម្លៃសេវាលើការប្រើប្រាស់ផ្លូវល្បឿនលឿននេះ គឺគិតលើចម្ងាយនៃការធ្វើដំណើរ ដោយក្នុង១គីឡូម៉ែត្រមានតម្លៃចាប់ពី០,០៨ដុល្លារអាមេរិកទៅតាមប្រភេទ​រថយន្តនីមួយៗ។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែចង្វាកផ្គត់ផ្គង់កម្ពុជាយល់ឃើញថា ការបញ្ចុះតម្លៃ២០%នៅមួយឆ្នាំដំបូងនេះ វាជាការផ្តល់ឱកាស​ឲ្យប្រជាពលរដ្ឋមានលទ្ធភាពក្នុងការធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុនេះ។ ប៉ុន្តែសម្រាប់ លោក តម្លៃសេវា​សម្រាប់ប្រើប្រាស់ផ្លូវល្បឿនលឿននេះនៅតែស្ថិតក្នុងកម្រិតមួយខ្ពស់ដដែល។​ កត្តានេះធ្វើឲ្យ លោក ជឿជាក់ថា ចំនួនយានយន្តដែលធ្វើដំណើរ​លើផ្លូវល្បឿនលឿននេះនឹងមានកម្រិត បើធៀបនឹងពេលបើក​ឲ្យធ្វើដំណើរដោយឥតគិតថ្លៃកន្លងមក។ ទោះបីយ៉ាងនេះក្តី អ្នកជំនាញរូបនេះ​យល់ឃើញថា ទាំងអ្នកដំណើរធម្មតា និងក្រុមហ៊ុនដឹកជញ្ជូន​ទំនិញនឹង​បន្តប្រើប្រាស់ផ្លូវល្បឿនលឿននេះ ក្នុងករណីតម្រូវការចាំបាច់ ដ្បិតវាចំណេញពេលវេលា។

ក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់​ដោយយោងតាមស្ថិតិយានយន្តថា មានយានយន្តជិត៤៤ម៉ឺនគ្រឿងបានធ្វើដំណើរលើផ្លូវល្បឿនភ្នំពេញ-ក្រុងព្រះសីហនុក្នុងរយៈពេល៣១ថ្ងៃ នៃការដាក់ឲ្យដំណើរការសាកល្បងដោយឥតគិតថ្លៃពេញមួយខែតុលា ដោយយានយន្តទាំងនេះធ្វើដំណើរចេញចូល​តាមស្ថានីយ៍ទាំង៨ទីតាំង​។ ក្រសួងកត់សម្គាល់ឃើញថា ក្នុងអំឡុងពេលបើកឲ្យ​ធ្វើដំណើរ​សាកល្បងនេះ ក៏មានហេតុការណ៍គ្រោះថ្នាក់កើតឡើងចំនួន១៩ករណីផងដែរ។​​ ហើយក្នុងចំណោមយានយន្ត​ទាំងនេះ មានអ្នកទាក់ទង​មកកាន់លេខសង្គ្រោះរបស់ក្រុមហ៊ុន ១៣៩៩ សុំប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះចំនួន ១,២៩១ខ្សែ។

ជាមួយគ្នានេះ ក្រសួង ស្នើឲ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមស្វែងយល់ និងអនុវត្តតាមសេចក្តីណែនាំឱ្យបានម៉ឺងម៉ាត់ ចំពោះគ្រប់លក្ខខណ្ឌក្នុងការបើកបរលើផ្លូវល្បឿនលឿននេះ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានជាយថាហេតុ៕