បើតាមអ្នកនាំពាក្យសេតវិមានលោក John Kirby បាននិយាយកាលពីថ្ងៃពុធ ទី ២ វិច្ឆិកា ថា សហរដ្ឋអាមេរិកមានព័ត៌មានដែលបង្ហាញថា កូរ៉េខាងជើងកំពុងផ្គត់ផ្គង់ដោយសម្ងាត់ដល់ប្រទេសរុស្ស៊ីនូវចំនួនគ្រាប់កាំភ្លើងធំក្នុងចំនួន «ដ៏ច្រើន» សម្រាប់សង្គ្រាមជាមួយប្រទេសអ៊ុយក្រែន នៅចំពេលដែល រុស្ស៊ីពេលនេះកំពុងស្វែងរកការផ្គត់ផ្គង់សព្វាវុធកាន់តែច្រើនឡើង ដើម្បីបន្ដសង្គ្រាមនៅអ៊ុយក្រែន។ជាក់ស្ដែង ថ្មីៗនេះ ទីក្រុងម៉ូស្គូក៏បានទិញសម្ភារៈយោធា ដូចជាយន្ដហោះដ្រូនពីប្រទេសអ៊ីរ៉ង់ផងដែរ។
លោក ចន ឃ័រប៊ី អ្នកនាំពាក្យសេតវិមានអាមេរិកបានលើកឡើងថា «កូរ៉េខាងជើងកំពុងព្យាយាមបិទបាំងការនាំចេញគ្រាប់កាំភ្លើងទៅកាន់រុស្ស៊ី តាមរយៈប្រទេសនៅតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាង ហើយយើងកំពុងតានដានមើលថា តើវាត្រូវបានទទួលដោយប្រទេសរុស្ស៊ីដែរ ឬយ៉ាងណា ដោយលោកបន្ថែមថា ទីក្រុងវ៉ាស៊ីនតោននឹងធ្វើការពិគ្រោះជាមួយអង្គការសហប្រជាជាតិលើភាពច្បាស់ការនៃការដឹកជញ្ចូនគ្រាប់រំសេវទាំងនោះ»។
តែយ៉ាងណា លោក Kirby ថា យើងមិនដឹងពីកន្លែងដែលពួកគេនឹងផ្ទេរ ឬដោះដូរឱ្យគ្នានោះទេ ប៉ុន្តែអ្នកនាំពាក្យសេតវិមានអាមេរិករូបនេះ បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេថា តើសហរដ្ឋអាមេរិកនឹងឆ្លើយតបបែបណាលើរឿងនេះ។
ទោះយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price ក្នុងសន្និសីទសារព័ត៌ប្រចាំថ្ងៃ បានស្នើថា «ទណ្ឌកម្មគឺជាជម្រើសមួយក្នុងចំណោមជម្រើសផ្សេងទៀត ដូចករណីដែលអ៊ីរ៉ង់បញ្ជូនយន្តហោះដ្រូនដល់រុស្ស៊ីដូច្នោះដែរ»។
លោក ប្រាយស៍ បានគូសបញ្ជាក់ថា យុទ្ធវិធីដែលអាមេរិកបានដាក់ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ទាំងប៉ុន្មាន គឺនឹងធ្វើដូចគ្នាជាមួយនឹងកូរ៉េខាងជើង ដែលបន្តផ្គត់ផ្គង់អាវុធដល់រុស្ស៊ី ហើយការដាក់ទណ្ឌកម្មគឺជាអ្វីដែលមានស្រាប់ តែអាមេរិកនឹងពិនិត្យមើលជម្រើសផ្សេងទៀតរួមទាំងកម្លាំងជាអន្តរជាតិផងដែរ។
គូរជម្រាបថា សហរដ្ឋអាមេរិកកាលពីខែកញ្ញាបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនអ៊ីរ៉ង់ ដែលខ្លួនបានចោទប្រកាន់ថា បានសម្របសម្រួលជើងហោះហើរយោធាដើម្បីដឹកជញ្ជូនយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ទៅកាន់ប្រទេសរុស្ស៊ី និងក្រុមហ៊ុនចំនួនបីផ្សេងទៀតដែលអាមេរិកបានចោតប្រកាន់ថា បានពាក់ព័ន្ធដូចគ្នានឹងការផលិតយន្តហោះដ្រូនរបស់អ៊ីរ៉ង់។
យ៉ាងណាមិញ តាមលោក John Kirby បាននិយាយថា៖ «បរិមាណគ្រាប់កាំភ្លើងដែលកូរ៉េខាងជើងបញ្ជូនទៅឲ្យរុស្ស៊ីទាំងនោះ គឺវាមិនសំខាន់ក្នុងការផ្លាស់ប្តូរនិន្នាការសង្គ្រាមនៅអ៊ុយក្រែននោះទេ តែអ្វីដែលសំខាន់នោះ គឺវាពិតជាគ្រោះថ្នាក់សម្រាប់ជនស្លូតត្រង់ ឬប្រជាជនអ៊ុយក្រែនទៅវិញទេ»។
របបក្រុងព្យុងយ៉ាងកាលពីខែកញ្ញាបានអះអាងថា ខ្លួនមិនដែលផ្គត់ផ្គង់សព្វាវុធ ឬគ្រាប់រំសេវដល់រុស្ស៊ី ហើយក៏គ្មានបំណងធ្វើដូចគ្នា ហើយក៏បានព្រមានប្រាប់សហរដ្ឋអាមេរិកឲ្យ «បិទមាត់» និងបញ្ឈប់ការផ្សព្វផ្សាយពាក្យចចាមអារ៉ាមដែលមានបំណង «ធ្វើឱ្យខូចមុខមាត់» របស់ប្រទេសខ្លួននោះ។
ផ្ទុយទៅវិញ ទាក់ទិននឹងការបាញ់មីស៊ីលកំញើញគ្នាទៅវិញទៅមករវាងបងប្អូនកូរ៉េទាំងពីរកាលពីថ្ងៃពុធ ទី ២ វិច្ឆកានេះដែរ លោក Kirby បានប្រាប់អ្នកយកព័ត៌មានថា ការបាញ់ទាំងនោះមិនបានបង្កការគំរាមកំហែងណាមួយទៅដល់ប្រទេសសម្ព័ន្ធមិ្តត្តអាមេរិកក្នុងតំបន់នោះទេ តែទីក្រុងព្យុងយ៉ាងត្រូវប្រាកដថាអាមេរិកនឹងមានសមត្ថភាព និងឆន្ទៈក្នុងការការពារសម្ព័ន្ធមិត្តរបស់ខ្លួន៕