Alynana Media Cambodia
Icon Collap
clinic narit

ធនាគារកណ្តាលអាមេរិក នៅតែបន្តដំឡើងអត្រាការប្រាក់ជាថ្មីម្ដងទៀត ដើម្បីទប់ទល់នឹងបញ្ហាអតិផរណា

Admin Alynana | Nov 04, 2022
ធនាគារកណ្តាលអាមេរិក នៅតែបន្តដំឡើងអត្រាការប្រាក់ជាថ្មីម្ដងទៀត ដើម្បីទប់ទល់នឹងបញ្ហាអតិផរណា
Clinic narith

ធនាគារកណ្តាលអាមេរិកកាលពីថ្ងៃពុធទី០២វិច្ឆិកា បានប្រកាសដំឡើងអត្រាការប្រាក់គោលជាថ្មីម្តងទៀត ក្នុងអត្រា០,៧៥% ដោយបានគូសបង្ហាញថា នេះជាវិធីសាស្ត្រល្អតែមួយគត់ ដែលគេអាចទប់ទល់នឹងអតិផរណាបាន គ្រាន់តែវាប៉ះពាល់បន្តិចសម្រាប់អ្នកខ្ចីប្រាក់ ដោយគេត្រូវបង់អត្រាការប្រាក់កាន់តែខ្ពស់ជាងមុន។

ទោះយ៉ាងណា ធនាគារកណ្តាលអាមេរិក បានបង្ហើបថា ទោះបីជានឹងមានការដំឡើងអត្រា​ការប្រាក់​លើកក្រោយទៀតក្ដី ក៏វានឹងស្ថិតក្នុងចំនួនតិចតួចជាងការដំឡើងកន្លងមកដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើ​ន។

ប្រធានធនាគារកណ្តាលអាមេរិកលោក Fed Jerome Powell បាននិយាយនៅក្នុង​សន្និសីទសារព័ត៌មានមួយបន្ទាប់ពីបញ្ចប់កិច្ច​ប្រជុំគោលនយោបាយ​ចុងក្រោយ​របស់​ធនាគារកណ្តាលថា លោកចង់បកស្រាយ ដើម្បីកុំឱ្យមានការភាន់ច្រលំ​លើការដំឡើង​អត្រាការប្រាក់​លើកនេះ ហើយលោកបានបញ្ជាក់ផងដែរ អំពី​លទ្ធភាព​ដែលថា លើកក្រោយ​ការដំឡើងអត្រាការប្រាក់​អាចនឹងមានក្នុងកម្រិតទាបជាងនេះ។

ក្នុងន័យនេះ ទោះបីជាអ្នកបង្កើតគោលនយោបាយ អាចដំឡើងការប្រាក់ក្នុងអត្រាទាប​ក៏ពិតមែន តែមិនមែនមានន័យថា គេនឹងបញ្ឈប់ការដំឡើងអត្រាការប្រាក់ឡើយ។ អត្រាការប្រាក់នឹងនៅតែត្រូវដំឡើងដដែល ដើម្បីទប់ស្កាត់អតិផរណា គ្រាន់តែថា ដំឡើងតិចឬច្រើន ហើយវិធានការនេះនឹងបន្តរហូតដល់អតិផរណា​ត្រូវគេមើលឃើញថាធ្លាក់ចុះ​មកវិញ។

ក្រោយការប្រកាសដំឡើងអត្រាការប្រាក់គោល​នៅអាមេរិកកាលពីថ្ងៃទី២វិច្ឆិកា សន្ទស្សន៍ភាគហ៊ុនសំខាន់ៗ​របស់​សហរដ្ឋអាមេរិក​បានហក់ឡើងខ្ពស់។ ប្រការនេះបានធ្វើឱ្យ​សេដ្ឋកិច្ចអាមេរិក ដែលកំពុងប្រឈមនឹ​ងហានិភ័យ មានក្តីសង្ឃឹមឡើងវិញបន្តិច និងក៏ដូចជាជំរុញ​ឱ្យមានការកើនឡើង​អត្រាការប្រាក់បន្ថែមទៀត ព្រោះគេបានមើលឃើញថា វាជាវិធានការណ៍ដែលមានប្រសិទ្ធិភាព។ប៉ុន្តែក្រោយការចេញមកថ្លែងរបស់ប្រធាន​ធនាគារកណ្តាលអាមេរិក ថាការដំឡើងអត្រាការប្រាក់លើកក្រោយអាចនឹងមានទាបជាងការដំឡើងមុនៗនោះ ស្រាប់តែសន្ទស្សន៍ភាគហ៊ុនសំខាន់ៗទាំងនោះធ្លាក់ចុះវិញស្រឺតៗភ្លាមៗតែម្ដង។ ក្នុងនោះ សន្ទស្សន៍ភាគហ៊ុន S&P 500 បានធ្លាក់ចុះអស់ ២,៥% ហើយ ភាគហ៊ុន ណាដាក ខមប៉ូសីត(Nasdaq Composite) បានធ្លាក់ចុះជាង៣%។

គួរជម្រាបថា អត្រាអតិផរណានៅសហរដ្ឋអាមេរិក បាន​កើនឡើងខ្ពស់បំផុតមិនធ្លាប់មាន បើគិតក្នុងរវាង​៤០ឆ្នាំចុងក្រោយនេះ។ តួលេខ​ចុងក្រោយ​កាលពីខែកញ្ញាបង្ហាញថា អតិផរណានៅអាមេរិក មានកម្រិតកើនឡើង ដល់ទៅ​ ៨,២% ក្នុងរយៈពេល​មួយឆ្នាំចុងក្រោយ ខណៈទិន្នន័យសម្រាប់ខែតុលា មិនទាន់ត្រូវបានចេញផ្សាយជាផ្លូវការណ៍នៅឡើយទេ។

ការបន្តដំឡើងការប្រាក់ឥតឈប់ឈរនេះ ធ្វើឱ្យមានការព្រួយបារម្ភផងដែរ ថាសេដ្ឋកិច្ចអាមេរិក អាចនឹងធ្លាក់ចូលក្នុងវិបត្តិ ប្រសិនបើធនាគារកណ្តាល​អាមេរិក ដំឡើងអត្រាការប្រាក់នាំមុខខ្ពស់ទៅៗ។ ការប្រាក់ខ្ពស់ នឹងធ្វើឲ្យ​ស្ថាប័នហិរញ្ញវត្ថុ កាត់បន្ថយ​ការផ្តល់កម្ចី ធ្វើឲ្យ​គម្រោងវិនិយោគ បោះទុន និង​ការ​ចំណាយ​នានា ត្រូវ​រាំងស្ទះ។ បច្ចុប្បន្ន អត្រាការប្រាក់គោលរបស់អាមេរិក ក្រោយដំឡើងលើកចុងក្រោយនេះរួច គឺមាន ៤%។ អ្នកជំនាញសេដ្ឋកិ​ច្ច​បានលើកឡើងថា សេដ្ឋកិច្ចអាមេរិកកំពុងតែ​ដើរចូលទៅក្នុងវិបត្តិ​សេដ្ឋកិច្ច កម្រិតស្រាល នៅរវាងចុងឆ្នាំ២០២២ និងដើម​ ២០២៣៕