(ភ្នំពេញ)៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក លី កេឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនបានរួមគ្នាដាក់សម្ពោធជានិមិត្តរូបបើកឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ បន្ទាប់ពីផ្លូវនេះត្រូវបានបើកឱ្យប្រើប្រាស់ដោយគិតថ្លៃ ដែលមានការចរាចរចន្លោះ ១ ម៉ឺន ទៅជិត ២ ម៉ឺនគ្រឿងជារៀងរាល់ថ្ងៃ។ ការដាក់សម្ពោធជានិមិត្តរូបបើកឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី ៩ ខែវិច្ឆិកា ក្នុងអំឡុងពេលលោក លី កេឈាង ជួបពិភាក្សាទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រីកម្ពុជានៅវិមានសន្តិភាព ក្នុងអំឡុងពេលមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី ៨-១១ ខែវិច្ឆិកា ឆ្នាំ ២០២២ ។
លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ថា ដោយសារតែថ្នាក់ដឹកនាំទាំង ២ មិនមានពេលវេលាគ្រប់គ្រាន់ដែលអាចចុះទៅដោយផ្ទាល់ ដើម្បីទស្សនកិច្ចនៅលើផ្លូវល្បឿនលឿន ទើបថ្នាក់ដឹកនាំទាំង ២ បានសម្រេចរួមគ្នាដាក់សម្ពោធជានិមិត្តរូបបើកឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿននៅក្នុងជំនួបទ្វេភាគីនេះតែម្តង។
លោក គង់ វិមាន បានបញ្ជាក់ថា៖ «កម្មវិធីនេះ គឺបង្ហាញជាប្រវត្តិសាស្ត្រ ដែលជាការវិនិយោគផ្លូវល្បឿនលឿនទី ១ នៅកម្ពុជា ហើយវាជាការវិនិយោគទុនពីបរទេសមកកម្ពុជា។ ចំពោះមុខផ្លូវនេះបានធ្វើការសាងសង់រួចរាល់ ១០០ ភាគរយហើយ ហើយក៏បានដាក់ប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា មកដែរ»។
ជាមួយនឹងការប្រកាសរួមគ្នាដាក់សម្ភោធជានិមិត្តរូបបើកឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវល្បឿនលឿននេះ លោក គង់វិមាន បានអះអាងថា កម្ពុជា ក៏នឹងមានការចុះ MoU ជាមួយរដ្ឋាភិបាលចិន ដើម្បីសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ចម្ងាយ ១៣៨ គីឡូម៉ែត្រ ដែលជាគម្រោងផ្លូវល្បឿនលឿនទី ២ ផងដែរ។
លោកអះអាងថា ពិធីនេះនឹងធ្វើឡើងនៅថ្ងៃទី ១០ វិច្ឆិកា ខណៈគម្រោងនេះនឹងចាប់ផ្តើមបើកសម្ពោធការដ្ឋាននៅដើមឆ្នាំ ២០២៣ ខាងមុខនេះ ដោយក្រុមហ៊ុន CRBC ជាក្រុមហ៊ុនទទួលការវិនិយោគផ្លូវល្បឿនលឿនទី ១ ។
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនប្រកាសបើកដំណើរការសាកល្បងដោយឥតគិតថ្លៃរយៈពេល ១ ខែកាលពីខែតុលា ហើយផ្លូវនេះត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ដោយគិតថ្លៃសេវាចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ដែលមានចម្ងាយផ្លូវសរុប ១៨៧,០៥ គីឡូម៉ែត្រ ហើយអ្នកបើកបរអាចចំណាយពេលប្រមាណ ២ ម៉ោងប៉ុណ្ណោះពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ។
ផ្លូវល្បឿនលឿននេះបានបើកការដ្ឋានសាងសង់ពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩ ដែលតួផ្លូវមានទទឹង ២៤ ម៉ែត្រមាន ៤ គន្លង (២ ទៅ ២ មក) និងគន្លងឈប់បន្ទាន់ (១ ទៅ ១ មក) តភ្ជាប់ពីភ្នំពេញដល់សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង។ ផ្លូវនេះមានសួនច្បារខណ្ឌកណ្តាលមានផ្លូវបំបែកប្តូរទិស ភ្ជាប់មកផ្លូវជាតិលេខ ៤ ចំនួន ៦ កន្លែងមានកន្លែងឈប់សម្រាក ៣ កន្លែង និងចំណតរថយន្ត ១ កន្លែងផងដែរ។
លោក គង់ វិមាន បានអះអាងបន្តថា បើទោះជាផ្លូវនេះ ត្រូវបានបើកឱ្យប្រើប្រាស់ជាផ្លូវការដោយគិតថ្លៃក៏ដោយ ក៏ចំនួនចរាចរណ៍នៅតែមិនថមថយដែរ ដោយក្នុងថ្ងៃធម្មតាចំនួនយានយន្តមានប្រមាណ ១ ម៉ឺនគ្រឿង ខណៈក្នុងថ្ងៃប្រារព្ធពិធីបុណ្យអំទូក និងថ្ងៃចុងសប្តាហ៍កើនឡើងរហូតជិត ២ ម៉ឺនគ្រឿងក្នុង ១ ថ្ងៃ។
លោកបានបញ្ជាក់ថា៖ «ជាមធ្យមគឺការដែលយើងបើកសាកល្បងក្នុងពេល ១ ខែ គឺឃើញថ្ងៃធម្មតាមានជាង ១ ម៉ឺនគ្រឿង ដែលចន្លោះពី ១២ ០០០ គ្រឿងទៅ ១៤ ០០០ គ្រឿងឡើងក្នុងថ្ងៃចុងសប្តាហ៍។ ដល់ពេលយើងចាប់ផ្តើមយកថវិកាចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ អី គឺក្នុង ១ ថ្ងៃ ក្រោម ១ ម៉ឺនគ្រឿង។ លើកលែងតែថ្ងៃសៅរ៍អាទិត្យ និងថ្ងៃឈប់សម្រាក ដូចបុណ្យអំទូកនេះកើនជិត ២ ម៉ឺនគ្រឿងក្នុង ១ ថ្ងៃ»។
យ៉ាងណាកាលពីថៃ្ង ៨ ខែវិច្ឆិកា ឆ្នាំ ២០២២ មានរថយន្ត Range Rover ស៊េរីទំនើប ១ គ្រឿង បានឆ្លងចរន្ដអគ្គិសនីឆាបឆេះខ្ទេចគ្មានសល់ ស្ថិតនៅលើផ្លូវល្បឿនលឿន គីឡូម៉ែត្រ ៥៦ ស្ថិតនៅឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ប៉ុន្តែគ្រោះថ្នាក់នេះមិនបណ្ដាលឱ្យមានអ្នករងរបួសនោះឡើយ។
លោក គង់ វិមាន បានអះអាងថា បញ្ហានេះកើតឡើងក៏ព្រោះតែអ្នកបើកបរបានខកខានពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាច្រើនខែមកហើយ ហើយក្នុងអំឡុងពេលកើតហេតុ អ្នកបើកបរជាជនជាតិចិនមិនបានរាយការណ៍មកសុំអន្តរាគមន៍ភ្លាមៗពីសមត្ថកិច្ចនោះទេ ដែលជាហេតុបណ្តាលឱ្យរថយន្តឆាបឆេះទាំងស្រុងទម្រាំតែក្រុមជួយសង្គ្រោះមកដល់។
ដូចនេះលោកអំពាវនាវឱ្យអ្នកប្រើប្រាស់ផ្លូវល្បឿនលឿនត្រូវពិនិត្យយានយន្ត និងគោរពតាមច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងកើតមានហេតុការណ៍គ្រោះថ្នាក់ដូចករណីនេះ ខណៈក្រសួងនឹងខិតខំពង្រឹងវិធានការច្បាប់ និងអនុវត្តឱ្យបានល្អបន្ថែមទៀត ដើម្បីធានាដល់សុវត្ថិភាពអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន។
សូមជម្រាបថា រយៈពេល ១ ខែនៃការបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុមានយានយន្តជិត ៤៤ ម៉ឺនគ្រឿងបានធ្វើចរាចរណ៍ និងមានករណីប្រឹក្សាយោបល់សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះ សរុប ១ ២៩១ ខ្សែ តាមរយៈលេខទាក់ទង ១ ៣៩៩ ខណៈករណីគ្រោះថ្នាក់មានចំនួន ១៩ ករណី ឬស្មើនឹង ០,០០៤ ភាគរយបើធៀបទៅនឹងទំហំចរាចរណ៍ដែលបានកត់ត្រា៕