តៃវ៉ាន់ និងសហរដ្ឋអាមេរិក បានបញ្ចប់កិច្ចប្រជុំពិភាក្សាពាណិជ្ជកម្មរយៈពេល២ថ្ងៃជាមួយគ្នា នៅក្នុងទីក្រុងញូវយក សហរដ្ឋអាមេរិក កាលពីថ្ងៃទី ៨-៩ខែវិច្ឆិកា ដោយការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក បានអះអាងថា ជំនួបពិភាក្សា ដែលមានការប្រឆាំងយ៉ាងខ្លាំងពីប្រទេសចិនមួយនេះ បានសម្រេចលទ្ធផលផ្លែផ្កាយ៉ាងល្អ បើទោះបីជា មិនទាន់ឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយក្ដី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuter។
ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក បានឱ្យដឹងថា ក្នុងអំឡុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នានូវគន្លឹះសំខាន់ៗ ក្នុងវិស័យពាណិជ្ជកម្មរួមគ្នា ១១ចំណុចដូចជា ការសម្របសម្រួលពាណិជ្ជកម្ម អនុវត្តបទប្បញ្ញត្តិ ការប្រឆាំងអំពើពុករលួយ កសិកម្ម ពាណិជ្ជកម្មឌីជីថល ពលកម្ម និងបរិស្ថាន។ ភាគីទាំងពីរ នឹងបន្តរៀបចំកិច្ចប្រជុំបន្ថែមទៀត នៅក្នុងពេលខាងមុខឆាប់ៗនេះ។
សូមជម្រាបថា ក្រុងតៃប៉ិ និងក្រុងវ៉ាស៊ីនតោន បានបញ្ចេញផែនការគំនិតផ្តួចផ្តើមពាណិជ្ជកម្មនេះ កាលពីខែមិថុនាកន្លងទៅ ដែលជាទំនាក់ទំនងពាណិជ្ជកម្មថ្មី បន្ទាប់ពីរដ្ឋបាលលោក ចូ បៃឌិន បានដកតៃវ៉ាន់ចេញពីគម្រោងសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ខ្លួន។
យ៉ាងណាមិញ ចិនបានជំទាស់ដាច់ខាតចំពោះគំនិតផ្តួចផ្តើមពាណិជ្ជកម្មថ្មីនេះ និងបានដាស់តឿនអាមេរិក ឱ្យប្រុងប្រយ័ត្នក្នុងការរឹតចំណងសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយតៃវ៉ាន់។ ជាមួយគ្នានេះ ក្រុងប៉េកាំងក៏បានជំទាស់នូវរាល់ការបង្កើតទំនាក់ទំនងផ្លូវការ រវាងតៃវ៉ាន់ និងប្រទេសដទៃ រួមទាំងការចរចា និងការចុះកិច្ចព្រមព្រៀងសេដ្ឋកិច្ច និងពាណិជ្ជកម្មណមួយ។
យ៉ាងណាក៏ដោយចុះ តៃវ៉ាន់បានរីករាយនឹងគំនិតផ្តួចផ្តើមពាណិជ្ជកម្មនេះ ដែលខ្លួនមើលឃើញថា វាជាសញ្ញាថ្មីមួយទៀត ដែលទទួលបានការគាំទ្រពីក្រុងវ៉ាស៊ីនតោន ក្នុងខណៈដែលកោះមួយនេះ កំពុងរងសម្ពាធពីការគំរាមកំហែងរបស់មហាយក្សចិន។
មេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen បានបញ្ជាក់ក្នុងវេទិកាពាណិជ្ជកម្មមួយកាលពីខែកក្កដាកន្លងទៅថា តៃវ៉ាន់ នឹងបន្តកិច្ចសហការ និងពង្រីកពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយអាមេរិក និងប្រទេសដទៃទៀតក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ក្នុងនោះ លោកស្រីបានលើកឡើងពីគំនិតផ្តួចផ្តើមពាណិជ្ជកម្មដែលធ្វើឡើងដោយអាមេរិក និងតៃវ៉ាន់ថា ជាការបើកផ្លូវដល់កិច្ចចរចា និងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម។
ជាមួយគ្នានោះ លោកស្រីក៏បានរំលឹកដល់គោលនយោបាយមកទិសខាងត្បូងថ្មី (New Southbound Policy) របស់ខ្លួនដែលចាប់ផ្តើមនៅក្នុងឆ្នាំ២០១៦ ថាវាបានបង្កើនចំណងពាណិជ្ជកម្ម និងវិនិយោគរបស់តៃវ៉ាន់ជាមួយប្រទេសចំនួន១៨ ដែលស្ថិតនៅអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង ព្រមទាំងប្រទេសអូស្ត្រាលីផងដែរ ពោលគឺការធ្វើពាណិជ្ជកម្មរវាងតៃវ៉ាន់ ជាមួយដៃគូក្នុងគោលនយោបាយនេះ សម្រេចបានទំហំទឹកប្រាក់ប្រមាណ ១៥០ ពាន់លានដុល្លារ កាលពីឆ្នាំ២០២១៕