ភ្នំពេញ៖ ដើម្បីកាត់បន្ថយឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ការពារឯកជនភាពរបស់បុគ្គល និងស្ថាប័នសាធារណៈ ព្រមទាំងឯកជននៅកម្ពុជា ច្បាប់សន្តិសុខតាមអ៊ីនធឺណិត (សន្តិសុខសាយប័រ) ត្រូវបានព្រាងឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា។
ប្រទេសកម្ពុជានិងពិភពលោកទាំងមូល បាននិងកំពុងរងការវាយប្រហារកាន់តែខ្លាំងពីសំណាក់ក្រុមចោរបច្ចេកវិទ្យា (Hackers)។ ដើម្បីការពារសន្តិសុខតាមអ៊ីនធឺណិត ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត រដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធសន្តិសុខអ៊ីនធឺណិតថ្នាក់ជាតិ និងជ្រើសរើសមន្ត្រីជំនាញដើម្បីតាមដានការវាយប្រហារតាមអ៊ីនធឺណិតជាដើម។
ទន្ទឹមនេះ ក្រសួងប្រៃសណីយន៍និងទូរគមនាគមន៍ ក៏កំពុងតែរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីសន្តិសុខតាមអ៊ីនធឺណិត និងការការពារទិន្នន័យបុគ្គលផងដែរ។ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជាឯកឧត្តម លីវ សុផាណារិទ្ធិ បានគូសបញ្ជាក់ថា៖ «យើងបានធ្វើសេចក្តីព្រាងច្បាប់ស្តីអំពីសន្តិសុខតាមអ៊ីនធឺណិត (zero draft) គ្រប់ជ្រុងជ្រោយហើយ តែយើងត្រូវការធាតុចូល មតិយោបល់ចូលរួមបន្ថែមទៀតពីវិស័យឯកជន និងស្ថាប័នរដ្ឋដទៃៗទៀត។ ឥឡូវនេះ យើងកំពុងរងចាំការឆ្លើយតបមកវិញ ហើយបន្ទាប់មកយើងនឹងពិនិត្យប្រជុំម្តងទៀតតាមរយៈកិច្ចប្រជុំអន្តរក្រសួង»។
ក្រសួងប្រៃសណីយ៍ បានផ្ញើសេចក្តីពង្រាងច្បាប់ទៅកាន់ភាគីពាក់ព័ន្ធជាច្រើន ជាពិសេសចាប់ផ្តើមពីក្រុមហ៊ុនបច្ចេកវិទ្យា-អ៊ីនធឺណិតធំៗ ដើម្បីឲ្យអ្នកពាក់ព័ន្ធទាំងអស់នោះចូលរួមជួយពិនិត្យមើល សេចក្តីព្រាងច្បាប់ថែមទៀត។ លោកអនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ លីវ សុផាណារិទ្ធិ បានសង្កត់ធ្ងន់ថា៖ « ពាក្យថា សេចក្តីព្រាងច្បាប់ នៅមានការកែសម្រួលទៀត ហើយក្នុងការរៀបចំច្បាប់មួយៗ យើងត្រូវឆ្លងគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់»។
គួរបញ្ជាក់ថា ក្រុមការងារនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា គឺជាអ្នកចាត់ចែងធ្វើសេចក្តីពង្រាងច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិត។ ក្រសួងប្រៃសណីយ៍ បានផ្ញើសេចក្តីព្រាងច្បាប់នេះទៅកាន់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធជាច្រើន មុនធ្វើការប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើមតិយោបល់ដែលទទួលបានមក និងសម្រេចថាតើចំណុចណាគួរកែលម្អ ហើយចំណុចណាគួររៀបចំឲ្យមានធាតុចូលបន្ថែម។ មកដល់ពេលនេះ ក្រសួងប្រៃសណីយ៍ បានទទួលធាតុចូលជាបន្តបន្ទាប់ ហើយនឹងទទួលយកធាតុចូលពីស្ថាប័ននានាបន្ថែមទៀតរហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។
គួរជ្រាបដែរថា ក្រៅតែពីបានបញ្ចប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា ក៏បានបញ្ចប់ការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យឌីជីថល សេចក្តីព្រាងច្បាប់ស្តីពីសេវាប្រៃសណីយ៍ បញ្ចប់ការរៀបចំសេចក្តីព្រាងដំបូងនៃច្បាប់ស្តីពីការការពារទិន្នន័យបុគ្គល ហើយបាននិងកំពុងរៀបចំសេចក្តីព្រាងគោលនយោបាយបច្ចេកវិទ្យាក្លោដអាទិភាព (Cloud First Policy)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងនាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២៕