Alynana Media Cambodia
Icon Collap
clinic narit

លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) បានអំពាវនាវដល់របបយោធាមីយ៉ាន់ម៉ា ឲ្យដោះលែងអ្នកទោសនយោបាយទាំងអស់

Admin Alynana | Nov 12, 2022
លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) បានអំពាវនាវដល់របបយោធាមីយ៉ាន់ម៉ា ឲ្យដោះលែងអ្នកទោសនយោបាយទាំងអស់
Clinic narith

 

(ភ្នំពេញ)៖ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បានអំពាវនាវដល់របបយោធាមីយ៉ាន់ម៉ា ដោះលែងអ្នកទោសនយោបាយទាំងអស់។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅរាជធានីភ្នំពេញ ក្រោយចូលរួមជាសហប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ កាលពីម្សិលមិញ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានង្ហាញពីឆន្ទៈចង់ឃើញរបបយោធាមីយ៉ាន់ម៉ា អនុវត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀង ៥ចំណុច ដែលត្រូវបានដាក់ចេញដោយអាស៊ាន។ លោករំពឹងថា ឥណ្ឌូនេស៉ី ដែលនឹងក្លាយជាប្រធានអាស៊ានប្តូរវេន នៅឆ្នាំ២០២៣ នឹងប្រឹងប្រែងដោះស្រាយបញ្ហា នៅក្នុងប្រទេសមីយ៉ាន់ម៉ានេះផងដែរ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលសំខាន់ គឺការអនុវត្តឱ្យបាននូវ កិច្ចព្រមព្រៀង ៥ចំណុច (5PCs)។ យើងទុកចិត្តប្រធានាធិបតីឥណ្ឌូនេស៉ី ក្នុងការដោះស្រាយបញ្ហាដែលត្រូវសម្រេចជាចុងក្រោយ ស្តារលទ្ធិប្រជាធិបតេយ្យ ដោះលែងអ្នកទោសនយោបាយ និងបញ្ចប់ការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ យើងជឿជាក់ថា ប្រធានាធិបតីឥណ្ឌូណេស៉ី នឹងអាចជំរុញរបៀបវារៈឆ្ពោះទៅមុខជាវិជ្ជមាន ហើយបេសកជនពិសេសរបស់យើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយបេសកជនអាស៊ាន ដើម្បីបង្កើតលក្ខខណ្ឌដើម្បីបង្កើតការផ្លាស់ប្តូរប្រជាធិបតេយ្យ ដោះលែងអ្នកទោសនយោបាយ និងបញ្ចប់ការរំលោភយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសមីយ៉ាន់ម៉ា»។

បើតាមលោក អាន់តូនីញ៉ូ ហ្គូទែរ៉េស ការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធក្នុងប្រទេសមីយ៉ាន់ម៉ា ពិតជាមិនអាចទទួលយកបាន និងបង្កការឈឺចាប់យ៉ាងសម្បើមដល់ប្រជាជនមីយ៉ាន់ម៉ា។ លោកថ្លែងចំៗថា សហគមន៍អន្តរជាតិទាំងអស់ បានបរាជ័យក្នុងការដោះស្រាយវិបត្តិនៅក្នុងប្រទេសនេះ។

សូមជម្រាបថា នៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ ប្រមុខដឹកនាំអាស៊ានទាំងអស់ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បានវាយតម្លៃ និងចេញសេចក្តីសម្រេចចិត្តរបស់ខ្លួន ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច របស់មីយ៉ាន់ម៉ា។ មេដឹកនាំអាស៊ាន បានបញ្ជាក់ជាថ្មីថា មីយ៉ានម៉ានៅតែជាផ្នែកដ៏សំខាន់របស់អាស៊ាន ហើយបានបានពិចារណាលើមាត្រា៧ និង២០ នៃធម្មនុញ្ញអាស៊ាន និងបានរំលឹកឡើងវិញនូវកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និង៣៩ កន្លងមក។

មេដឹកនាំអាស៊ាន យល់ឃើញថា ស្ថានការណ៍នៅមីយ៉ាន់ម៉ានៅតែធ្ងន់ធ្ងរ និងមានភាពផុយស្រួយ ជាមួយនឹងការកើនឡើងនៃអំពើហិង្សា ដែលជាកង្វល់ចម្បងប៉ះពាល់មិនត្រឹមតែមីយ៉ាន់ម៉ាប៉ុណ្ណោះទេ ថែមទាំងដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានផងដែរនោះ អាស៊ានប្ដេជ្ញាចិត្តជួយមីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែងសម្រាប់វិបត្តិបច្ចុប្បន្ន។ជាមួយនឹងភាពជឿនលឿនតិចតួច ដែលសម្រេចបានក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច កងទ័ពជាតិមីយ៉ាន់ម៉ាមានតួនាទីក្នុងការអនុវត្តតាមការប្តេជ្ញាចិត្តចំពោះថ្នាក់ដឹកនាំ អាស៊ាន។

បន្ទាប់ពីមានការវាយតម្លៃនេះ មេដឹកនាំអាស៊ាន ក្នុងកិច្ចប្រជុំកំពូលនៅកម្ពុជា បានធ្វើសេចក្ដីសម្រេចចិត្តដូចតទៅ៖

* កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ត្រូវតែនៅជាឯកសារយោងដែលមានសុពលភាពរបស់យើង និងគួរតែត្រូវបានអនុវត្តទាំងស្រុង។

ចាំបាច់ត្រូវមានផែនការអនុវត្តដែលបង្ហាញពីសូចនាកររឹងមាំជាក់ស្ដែង និងអាចវាស់វែងបាន ជាមួយនឹងការកំណត់ពេលវេលាជាក់លាក់ ដើម្បីគាំទ្រដល់កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ហើយត្រូវតែរៀបចំឡើង។ ប្រគល់ភារកិច្ចជូនរដ្ឋមន្ត្រីការបរទេសអាស៊ានរៀបចំផែនការអនុវត្តនេះ។

* ខិតខំឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ប្រកាន់ខ្ជាប់ និងអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ្រប្រាំចំណុច និងឱ្យអាស៊ានទាក់ទងភាគីពាក់ព័ន្ធទាំងអស់ឱ្យបានឆាប់។ ការទាក់ទងនឹងត្រូវធ្វើឡើងក្នុង ឥរិយាបថបត់បែន និងក្រៅផ្លូវការ ជាពិសេសដោយប្រេសិតពិសេសនៃប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ដោយសារតែអព្យាក្រឹតភាពភ្ជាប់ជាមួយនឹងអាណត្តិរបស់គាត់ ដែលមានគោលបំណង តែមួយគត់គឺស្ដារសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេស ស្របតាមកិច្ចព្រមព្រៀងជាឯកច្ឆន្ទ្រប្រាំចំណុច។

ខណៈពេលដែលរក្សាភាពជាតំណាងមិនមែននយោបាយរបស់មីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន យើងបានប្រគល់ភារកិច្ចជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ានពិនិត្យឡើងវិញបន្ថែមទៀតទៅលើភាពជាតំណាងរបស់មីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំអាស៊ាន ប្រសិនបើស្ថានការណ៍តម្រូវ។

* យើងបានបញ្ជាក់សាជាថ្មីថា កិច្ចប្រជុំកំពូលអាស៊ាន គឺជាស្ថាប័នសម្រេចចិត្តខ្ពស់បំផុត ហើយនឹងធ្វើការសម្រេចចិត្តចុងក្រោយលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច រួមទាំងនៅពេលដែលកុងសង់ស៊ីសមិនអាចសម្រេចបាន ស្របតាមធម្មនុញ្ញអាស៊ាន។

* ទទូចឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្ធូរបន្ថយភាពតានតឹង និងអត់ធ្មត់ជាអតិបរមា ហើយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលកាន់អាវុធ គួរតែទទួលខុសត្រូវដោយតម្លាភាព និងត្រូវបានថ្កោលទោសចំពោះអំពើហិង្សា ដោយកត់សម្គាល់ថា កងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា គឺជាកម្លាំងយោធាដ៏ធំបំផុតតែមួយគត់នៅក្នុងមីយ៉ាន់ម៉ា។

* អំពាវនាវដល់ភាគីទាំងអស់នៅមីយ៉ាន់ម៉ា ឱ្យសម្រួលសម្រួលដល់ការងាររបស់អគ្គលេខាធិការអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ និងគ្រោះមហន្តរាយ (មជ្ឈមណ្ឌល AHA) ក្នុងការផ្តល់ជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា ដល់ប្រជាជនទាំងអស់ ដែលកំពុងខ្វះខាត ដោយមិនមានការរើសអើង។ អគ្គលេខាធិការអាស៊ាន និងមជ្ឈមណ្ឌល AHA គួរការផ្តល់ជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា។ តែត្រូវបានផ្ដល់សិទ្ធិអំណាច ដោយទទួលបានស្វ័យភាពសមស្រប ដើម្បីសម្របសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា។

អាស៊ាននឹងអំពាវនាវឱ្យអង្គការសហប្រជាជាតិ និងដៃគូខាងក្រៅរបស់យើង ឱ្យជួយគាំទ្រយើង នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ្រប្រាំចំណុច។

* អាស៊ានត្រូវពិចារណារិះរកវិធីសាស្ត្រផ្សេងទៀតដែលអាចគាំទ្រដល់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច។

* យើងត្រូវពិនិត្យឡើងវិញនូវសេចក្តីសម្រេចចិត្តខាងលើនៅក្នុងសម័យប្រជុំនាពេលខាងមុខ ហើយប្រគល់ភារកិច្ចជូនរដ្ឋមន្ត្រីការបរទេស តាមដានភាពជឿនលឿន និងរាយការណ៍មកកិច្ច ប្រជុំកំពូលអាស៊ាន៕