(ភ្នំពេញ)៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាដែលជាចំណុចក្តៅមិនមានការប៉ះទង្គិចពាក្យសម្តីគ្នា រវាងមេដឹកនាំពិភពលោកនោះទេ ហើយក៏មិនមានមេដឹកនាំណា ដើរចេញពីបន្ទប់ប្រជុំនោះដែរ ដោយសារភាពចាស់ទុំរបស់មេដឹកនាំអាស៊ីបូព៌ាទាំងនោះ។
លោកថ្លែងថា៖ «អាស៊ីបូព៌ាគឺជាចំណុចក្តៅ ប៉ុន្តែពាក្យសម្តីសំដៅនៅក្នុងការសន្ទនាក្នុងអាស៊ីបូព៌ាមិនបានប៉ះទង្គិចគ្នានោះទេ ហើយក៏គ្មាននរណាដើរចេញនៅពេលដែលម្នាក់និយាយ ម្នាក់ទៀតដើរចេញនោះដែរ។ ចំណុចនេះគឺបញ្ជាក់អំពីភាពចាស់ទុំក្នុងចំណោមមេដឹកនាំអាស៊ីបូព៌ារបស់យើង ដែលមានកម្ពុជាជាម្ចាស់ផ្ទះក្នុងការធ្វើការសម្របសម្រួល ដើម្បីឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ មានមតិនៅក្នុងអង្គប្រជុំនោះ»។
នៅក្នុងសន្និសីទកាសែតបន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ នាថ្ងៃទី ១៣ ខែវិច្ឆិកា លោក ហ៊ុន សែន ថ្លែងថា កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១២ បានកត់សម្គាល់ដោយការពេញចិត្តចំពោះវឌ្ឍនភាពសំខាន់ៗ ដែលអនុម័តក្រោមផែនការសកម្មភាពនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពិន ដើម្បីអនុវត្តសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្ដីពីគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍កិច្ចប្រជុំកំពូលអាស៊ីបូព៌ាឆ្នាំ ២០១៨-២០២២។
លោកថ្លែងទៀតថា កម្ពុជាក៏បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចសន្ទនាសកលអាស៊ាន លើកទី២ ក្រោមប្រធានបទ «ការស្ដារឡើងវិញយ៉ាងទូលំទូលាយក្រោយកូវីដ ១៩ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអាស៊ាន ដៃគូខាងក្រៅនិងប្រធានស្ថាប័ន អន្តរជាតិនានា»៕