អាកាសយានដ្ឋានតូចមួយនៅភាគខាងជើងប្រទេសអូស្ត្រាលី គ្រោងនឹងរៀបចំជាអចិន្ត្រៃយ៍សម្រាប់ឱ្យយន្តហោះទម្លាក់គ្រាប់បែក B-52 របស់សហរដ្ឋអាមេរិកឈរជើង ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកង់បេរ៉ា ដើម្បីត្រៀមខ្លួនសម្រាប់ករណីផ្ទុះសង្គ្រាមឈ្លានពានលើកោះតៃវ៉ាន់ ដែលអាចកើតមានឡើងនាពេលខាងមុខដ៏ខ្លីពីសំណាក់ចិនដីគោក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei Asia។
ឯកសារដេញថ្លៃមួយរបស់សហរដ្ឋអាមេរិក ដែលទទួលបានដោយទីភ្នាក់ងារកាសែត Four Corners របស់អូស្ត្រាលី បានបង្ហាញពីផែនការសាងសង់កន្លែងសម្រាប់ចត និងផ្ទុកយន្តហោះ B-52 ចំនួនប្រាំមួយគ្រឿងនៅក្នុងមូលដ្ឋាននោះ។ ហើយកន្លែងសម្រាប់ «ប្រតិបត្តិការកងអនុសេនាធំ» របស់កងទ័ពអាកាសអាមេរិកក៏ត្រូវបានគ្រោងរៀបចំ ដែលរួមមានធុងស្តុកប្រេង និងលេណដ្ឋានយោធាផងដែរ។
កិច្ចព្រមព្រៀងនេះគឺនឹងធ្វើឡើងក្នុងមូលដ្ឋានទ័ពអាកាស Tindal របស់កងទ័ពអាកាសអូស្ត្រាលីនៅភាគខាងត្បូងនៃទីក្រុង Darwin ដែលត្រូវចំណាយទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារ ដើម្បីរចនាបន្ថែម ក៏ដូចជាសាងសង់ចំណតថ្មី សម្រាប់ដាក់ពង្រាយយន្តហោះ B-52 ដែលមានសមត្ថភាពផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ និងអាចធ្វើការហោះហើរដោយគ្មានគូរប្រៀបពាសពេញមហាសមុទ្រប៉ាស៊ីហ្វិកករណីសង្គ្រាមជាមួយចិនផ្ទុះឡើង។
អ្នកនាំពាក្យយោធាអាមេរិកបានប្រាប់កាសែត Four Corners ថា «ការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែករបស់កងទ័ពអាកាសអាមេរិកនៅក្នុងប្រទេសអូស្ត្រាលីនេះ គឺជាការផ្ញើសារដ៏ច្បាស់លាស់មួយទៅកាន់សត្រូវអំពីសមត្ថភាពរបស់អាមេរិក នៃគម្រោងយោធាប្រកបដោយសក្តានុពលនេះ»។ តែយ៉ាងណា អ្នកវិភាគជាច្រើនយល់ស្របថា «សត្រូវ» ក្នុងន័យនេះ គឺមិនមានប្រទេសណា ក្រៅតែពីប្រទេសចិន ដែលមានចេតនាចង់វាយលុកលើតៃវ៉ាន់នោះទេ។
ក្នុងសុន្ទរកថាកាលពីខែសីហាកន្លងទៅ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese បាននិយាយថា៖ «អូស្ត្រាលីបានប្រឈមមុខនឹងបរិយាកាសយុទ្ធសាស្ត្រដ៏ស្មុគស្មាញបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៧០ឆ្នាំមកនេះ»។
គួរជម្រាបថា ជាងមួយទសវត្សរ៍ចុងក្រោយនេះ ទីក្រុងកង់បេរ៉ាបានព្យាយាមពិនិត្យមើល និងពង្រឹងវិស័យការពារជាតិរបស់ខ្លួននៅចំពោះមុនការគំរាមគំហែងរបស់យោធាចិន ហើយកិច្ចព្រមព្រៀងថ្មីនេះនឹងបង្ហាញពីការកើនឡើងនៃទំនាក់ទំនងយោធារវាងអាមេរិក និងអូស្ត្រាលីថែមមួយកម្រិតទៀត។
លោក Hugh White សាស្ត្រាចារ្យទទួលបន្ទុកផ្នែកសិក្សាយុទ្ធសាស្ត្រនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីបានប្រាប់សារព័ត៌មាន Nikkei Asia ថា៖ «ការដាក់ពង្រាយនេះគឺជាការពង្រឹងសមត្ថភាពរបស់អូស្ត្រាលីក្នុងការជួយអាមេរិកដោយផ្ទាល់នៅក្នុងសង្រ្គាម និងសង្រ្គាមនុយក្លេអ៊ែរជាមួយប្រទេសចិនជាយថាហេតុ»។
ជាការពិតប្រកែកមិនបាន អូស្ត្រាលីជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាអន្តរជាតិដែលហាមប្រាមការផលិតអាវុធនុយក្លេអ៊ែរ ហើយប្រទេសនេះក៏បានប្តជ្ញាចំពោះការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ និងធានាជួយការពារស្ថិរភាពនៅតំបន់ប៉ាស៊ីហ្វិកទាំងមូលផងដែរ។
គួររំលេចបន្តិចថា អ្វីដែលគេចាប់អារម្មណ៍លើកិច្ចព្រមព្រៀងថ្មីនេះ គឺការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52 ជាច្រើនគ្រឿងក្នុងទឹកដីអូស្ត្រាលី។ យន្តហោះ B-52 គឺវាមានសមត្ថភាពហោះបានកម្ពស់ជាង១៥គីឡូម៉ែត្រលើអាកាស និងអាចផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ ព្រមទាំងមានសមត្ថភាពផ្ទុកមីស៊ីលបណ្តែតប្រភេទ JASSM-ER ដល់ទៅ២០គ្រាប់ ដែលអាចបាញ់បានចម្ងាយប្រមាណ៩០០គីឡូម៉ែត្រពីលើអាកាស។
ទោះយ៉ាងណាក៏ដោយ អ្នកវិភាគមួយចំនួនអះអាងថា ការដាក់ពង្រាយយន្តហោះ B-52 នេះគឺមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ ព្រោះយន្តហោះទម្លាក់គ្រាប់បែកនេះ តែងតែធ្វើសមយុទ្ធហ្វឹកហ្វឺនក្នុងប្រទេសអូស្ត្រាលីកាលពីមុនមក ហើយវាក៏តែងតែមានវត្ដមាននៅក្នុងមូលដ្ឋានយោធាអាមេរិកក្នុងប្រទេសអូស្ត្រាលីដែរ។
ដោយឡែក លោក Sam Roggeveen អ្នកវិភាគសន្តិសុខអន្តរជាតិនៅវិទ្យាស្ថាន Lowy និងជាអ្នកស្រាវជ្រាវកិច្ចការបរទេសរបស់អូស្ត្រាលីផងដែរនោះបាននិយាយថា៖ «ការគំរាមគំហែងរបស់ចិនគឺមិនដូចអ្វីដែលសហរដ្ឋអាមេរិកធ្លាប់ពើបប្រទះក្នុងអតីតកាលនោះទេ។ លោក សេម បានសង្កត់ធ្ងន់ថា ដើម្បីធ្វើការវាយប្រហារណាមួយលើប្រទេសចិន សហរដ្ឋអាមេរិកត្រូវការហេតុផលដ៏ល្អមួយ ដែលជាហេតុផលពិតប្រាកដ ដូចជាមូលហេតុនៃការតាំងទីនេះជាដើម»៕