(អារ៉ាប់អេហ្ស៉ីប)៖ ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច០២ទស្សវត្សចុងក្រោយកម្ពុជាបានប្រែក្លាយពីប្រទេសចំណូលទាប ទៅជាប្រទេសចំណូលមធ្យមកម្រិតទាប និង កំពុង វិវឌ្ឍទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ដែលប្រការនេះបានផ្តល់ឱកាសឱ្យកម្ពុជាបើកទំព័រថ្មីក្នុងនាមជារដ្ឋអធិបតេយ្យ ជាសមាជិកពេញមុខពេញមាត់នៃសហគមន៍ប្រជាជាតិ ក្នុងការចូលរួមទប់ស្កាត់វិបត្តិសកលនានា។ នេះជាការលើកឡើងរបស់ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ នាថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុង Sharm el-Sheikh សាធារណរដ្ឋ អារ៉ាប់អេហ្ស៊ីប ក្នុងឱកាសដែលឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងសុន្ទរកថាក្នុងសន្និសីទកំពូលលើកទី២៧ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។
ឯកឧត្តម សាយ សំអាល់ បានថ្លែងថា ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច០២ទស្សវត្សចុងក្រោយកម្ពុជាបានប្រែក្លាយពីប្រទេសចំណូលទាប មកជាប្រទេសចំណូលមធ្យមកម្រិតទាប និង កំពុង វិវឌ្ឍទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ដែលប្រការនេះបានផ្តល់ឱកាសឱ្យកម្ពុជាបើកទំព័រថ្មីក្នុងជានាមជារដ្ឋអធិបតេយ្យ ជាសមាជិកពេញមុខពេញមាត់នៃសហគមន៍ប្រជាជាតិ ក្នុងការចូលរួមទប់ស្កាត់វិបត្តិសកលនានា។
ស្របពេលជាមួយគ្នានេះ ការប្រែប្រួលអាកាសធាតុកំពុងញាំញីដល់ដំណើរការអភិវឌ្ឍន៍ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទ្រព្យសម្បត្តិ និងជីវិតមនុស្ស សត្វ។
ជាការឆ្លើយតបកម្ពុជាបានធ្វើបដិភាគថវិកាប្រមាណ ២,៣% នៃផលិតផលក្នុងស្រុកសុរប (GDP) សម្រាប់សកម្មភាពប្រែប្រួលអាកាសធាតុ បង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ ការពារព្រៃឈើ និងរៀបចំលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ ផែនការនានា ជាអាទិ៍ យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន និងរបាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលនឹងរួមចំណែកគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព បើទោះជាមានការប្រែប្រួលអាកាសធាតុក្តី។
ឯកឧត្តមបានអំពាវនាវឱ្យប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ ឱ្យបង្ហាញភាពជាអ្នកដឹកនាំ និងទទូលខុសត្រូវខ្ពស់ ដោយបង្កើនមហិច្ឆតាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើនវិធានការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសការប្តេជ្ញាចិត្តផ្តល់ថវិកា១០០ពាន់លានដុល្លារសហរដ្ឋអាមេរិក ដូចដែលបានសន្យា ឱ្យបានលឿននិងជាក់ស្តែង និងពន្លឿនការផ្ទេរបច្ចេកវិទ្យាដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។
ជាមួយគ្នានេះដែរក្នុងនាមជាប្រធានអាស៊ានប្តូរវន កម្ពុជាបានផ្តួចផ្តើម កិច្ចព្រមព្រៀងបៃតង (ASEAN Green Deal) ដែលជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីតម្រង់ទិសអាស៊ានឱ្យស្ថិតនៅលើមាគ៌ាអភិវឌ្ឍន៍បៃតង និងដោយចីរភាព៕