លោក ហង់ ជួនណារ៉ុន លោក រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍នៅថ្ងៃទី ២១ ខែវិច្ឆិកានេះថា ការប្រឡងមធ្យមសិក្សាទុតិយភូមិលើកនេះ ក្រសួងអនុវត្តតាមគោលការប្រតិបត្តិស្ដង់ដា (SOP) ក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ ដោយមិនមានការធ្វើតេស្តមួយថ្ងៃមុននោះទេ ប៉ុន្តែលោកបានអំពាវនាវឲ្យបេក្ខជនទាំងអស់តាមដានសុខភាពខ្លួនឯងប្រសិនបើមានអាការមិនស្រួលដូចជា ក្ដៅខ្លួន ឈឺក្បាល ក្អក ដែលអាចជាលក្ខណៈនៃជំងឺកូវីដ សូមធ្វើតេស្ត្រជាមុនដោយខ្លួនឯង ហើយជូនដំណឹងដល់ប្រធានមណ្ឌលប្រឡង នោះក្រសួងនឹងរៀបចំជាបន្ទប់ពិសេសមួយ សម្រាប់បេក្ខជនដើម្បីឲ្យបេក្ខជនអាចចូលរួមប្រឡងបាន ដោយមិនបង្កើតជាហានិភ័យដល់បេក្ខជនផ្សេងទៀត។
លោក រដ្ឋមន្ត្រីក្រសួងអប់រំ ណែនាំឲ្យបេក្ខជនត្រូវពាក់ម៉ាសជាប្រចាំ ដើម្បីបន្តការពារសុវត្ថិភាពលោកគ្រូ អ្នកគ្រូ ដែលជាគណៈកម្មការ មេប្រយោគ និងគណៈកម្មការផ្សេងៗ ទៀតក៏ត្រូវតែពាក់ម៉ាសជាប្រចាំ និងបន្តអនុវត្តវិធានការការពារជំងឺកូវីដដើម្បីកុំឲ្យរីករាលដាល៕