Alynana Media Cambodia
Icon Collap
clinic narit

អាជ្ញាធរខេត្តព្រះសីហនុជំរុញឲ្យក្រុមហ៊ុនដ៏ធំមួយពីប្រទេសអូទ្រីស វិនិយោគគម្រោងកន្ត្រកខ្សែរ៉កទេសចរណ៍នៅកោះរុង

Admin Alynana | Nov 26, 2022
អាជ្ញាធរខេត្តព្រះសីហនុជំរុញឲ្យក្រុមហ៊ុនដ៏ធំមួយពីប្រទេសអូទ្រីស វិនិយោគគម្រោងកន្ត្រកខ្សែរ៉កទេសចរណ៍នៅកោះរុង
Clinic narith

(ព្រះសីហនុ)៖ ក្រុមហ៊ុនមកពីប្រទេសអូទ្រីសដ៏ធំមួយ កំពុងសិក្សាលើគម្រោងវិនិយោគ ទោងយោល កន្ត្រកខ្សែរ៉ក និងកន្លែងកម្សាន្ដជាច្រើននៅខេត្តព្រះសីហនុ ខណៈដែលខាងអាជ្ញាធរខេត្តជំរុញឲ្យក្រុមហ៊ុនសិក្សាលើការវិនិយោគគម្រោងកន្ត្រកខ្សែរ៉កទេសចរណ៍នេះ នៅតំបន់កោះរុង ដើម្បីជំរុញទាក់ទាញទេសចរកាន់តែច្រើនឡើងបន្ថែមទៀត។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃ២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

នាឱកាសធ្វើបទបង្ហាញ ស្តីពីគម្រោងសម្បទាលើកន្ត្រកខ្សែរ៉ក​ក្នុងវិស័យទេសចរណ៍ នៅខេត្តព្រះសីហនុ របស់ក្រុមហ៊ុន Doppelmayr Group នៃប្រទេសអូទ្រីស លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ថា គម្រោងវិនិយោគរបស់ក្រុមហ៊ុននេះ សមស្របជាមួយខេត្តព្រះសីហនុ ដែលមានសក្តានុពល និងត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ហើយរដ្ឋបាលខេត្តចង់បានក្រុមហ៊ុនមកធ្វើការវិនិយោគលើ​វិស័យទេសចរណ៍នៅខេត្តព្រះសីហនុផងដែរ។ ទន្ទឹមនេះ លោកអភិបាលរងខេត្តរូបនេះ ក៏បានធ្វើការណែនាំឱ្យក្រុមហ៊ុនធ្វើការវិនិយោគកន្ត្រកខ្សែរ៉កនេះនៅតំបន់កោះរ៉ុង និងនាំមកនូវអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុបន្ថែមទៀត ដើម្បីជំរុញទាក់ទាញទេសចរមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនឡើង។

លោក Martin Ladner អ្នកគ្រប់គ្រងក្រុមហ៊ុន Doppelmayr Group បានបញ្ជាក់ដែរថា ក្រុមហ៊ុន Doppelmayr Group ជាក្រុមហ៊ុនកន្ត្រកខ្សែរ៉កឈានមុខគេនៅលើពិភពលោក ដែលមានកន្ត្រកខ្សែរ៉កជាច្រើនប្រភេទ ហើយក្រុមហ៊ុនមានទស្សនវិស័យធ្វើការវិនិយោគលើវិស័យទេសចរណ៍ កន្ត្រកខ្សែរ៉ក ដែលពាក់ព័ន្ធនិងគមនាគមន៍ដឹកជញ្ជូនផងដែរ។ បច្ចុប្បន្ន ក្រុមហ៊ុនបានធ្វើការអភិវឌ្ឍកន្ត្រកខ្សែរ៉កនៅប្រទេសចំនួន៥០ ក្នុងនោះ មានកន្ត្រកខ្សែរ៉កតំបន់ភ្នំ ខ្សែរ៉កការដឹកជញ្ជូនក្នុងក្រុង និងខ្សែរ៉កដឹកជញ្ជូនឧបករណ៍ប្រើប្រាស់ផ្សេងៗទៀតផងដែរ។

បើតាម​លោក ឯម ភាព គិតចាប់ពីឆ្នាំ១៩៩៤ ដល់ខែតុលា ឆ្នាំ២០២២នេះ នៅខេត្តព្រះសីហនុមានក្រុមហ៊ុនវិនិយោគចំនួន ១៩៩ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍មានចំនួន ៨៤ក្រុមហ៊ុន និងវិនិយោគខ្នាតធំ (អភិវឌ្ឍន៍ទេសចរណ៍រយៈពេលវែង) តាមបណ្តាកោះ ឆ្នេរ មានចំនួន ៣៣ក្រុមហ៊ុន ។ ដោយឡែកខេត្តព្រះសីហនុ ក៏មានគម្រោងវិនិយោគទេសចរណ៍ផ្សារភ្ជាប់ និងធម្មជាតិ ខ្នាតតូចទំហំក្រោម ១០ហិកតា ដែលទទួលបានគោលកាណ៍វិនិយោគពីក្រសួងបរិស្ថានចំនួន ៨១គម្រោង ក្នុងនោះកំពុងដំណើរការចំនួន ៤១គម្រោង និង៤០គម្រោងទៀតកំពុងសិក្សាតាមផែនការមេអភិវឌ្ឍន៍របស់គម្រោង និងអនុវត្តនីតិវិធីច្បាប់៕