Alynana Media Cambodia
Icon Collap
clinic narit

តុលាការពាណិជ្ជកម្មដំបូងរបស់កម្ពុជា នឹងលេចរូបរាងឡើងនៅឆ្នាំ២០២៣ ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

Admin Alynana | Nov 29, 2022
តុលាការពាណិជ្ជកម្មដំបូងរបស់កម្ពុជា នឹងលេចរូបរាងឡើងនៅឆ្នាំ២០២៣ ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម
Clinic narith

(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ និងដៃគូពាក់ព័ន្ធ កំពុងតែមមាញឹកក្នុងការរៀបដំណើរការ និងនីតិវិធីផ្សេងៗមួយចំនួន មុនឈានទៅដាក់ឲ្យដំណើរ​ការជាផ្លូវការនៃ តុលាការពាណិជ្ជកម្ម ដែលដោះស្រាយតែវិវាទក្នុងរឿង ពាណិជ្ជកម្មប៉ុណ្ណោះ។ អ្វីដែលជាការរំពឹងទុកនោះ ក្រសួងយុត្តិធម៌ អាចនឹងដាក់ឲ្យដំណើរការតុលាការពាណិជ្ជកម្ម នៅក្នុងអំឡុងឆ្នាំ២០២៣ខាងមុខនេះ។

នេះបើតាមការឲ្យដឹងពី លោក ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក្នុងសិក្ខាសាលាស្ដីពី «ការបង្កើត និងដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា» នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយសហការជាមួយ ការិយាល័យធនាគារអភិវឌ្ឍន៍អាស៉ី ប្រចាំនៅកម្ពុជា និងមានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្ម និងចៅក្រម សិស្សចៅក្រម នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការផងដែរ។

លោក ជីវ សុងហាក់ បានគូសបញ្ជាក់ថា ដើមឡើយការបើកដំណើរការតុលាការពាណិជ្ជកម្មនេះ គឺគ្រោងធ្វើឡើងនៅឆ្នាំ២០២២នេះតែម្ដង ប៉ុន្ដែក្រសួងយុត្តិធម៌ ​បានជួបនូវបញ្ហាប្រឈមមួយចំនួន ដែលត្រូវសិក្សាបំពេញបន្ថែម ហើយត្រូវការពេលវេលាបន្ថែមទៀត។ បញ្ហាប្រឈមទាំងអស់នោះ រួមមានការកង្វះធនធានមនុស្ស, កង្វះធនធានថវិកា, កង្វះទីតាំងសមរម្យ និងកង្វះនីតិវិធី លិខិតបទដ្ឋានគតិយុត្តជាដើម។

លោក ជីវ សុងហាក់ បានថ្លែងយ៉ាងដូច្នេះថា «អ្វីដែលជាការរំពឹងទុកសម្រាប់ការបង្កើត និងដំណើរការតុលាការពាណិជ្ជកម្មនេះ ក្រសួងយុត្តិធម៌ រំពឹងថា នឹងលេចចេញជារូបរាងឡើងនៅឆ្នាំ២០២៣។ បើទោះបីយឺតបន្ដិច ប៉ុន្ដែយើងបង្កើតបានតុលាការមួយដែលល្អ ត្រឹមត្រូវ ហើយសាធារណៈជនអាចទទួលយកបាន។ ដោយសារយើងមានសន្ដិភាព មានការរីកចម្រើនសេដ្ឋកិច្ច អញ្ចឹងយើងត្រូវតែមានតុលាការឯកទេសមួយ»។

មន្ដ្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ បានអះអាងថា ការដាក់ឲ្យដំណើរការតុលាការពាណិជ្ជកម្មនេះ គឺជំហ៊ានដំបូងធ្វើឡើងនៅរាជធានីភ្នំពេញ ហើយក្នុងនោះមានទាំងសាលាដំបូង និងសាលាឧទ្ធរណ៍នៅជាមួយគ្នាតែម្ដង។ លោកបន្ដទៀតថា ជំហ៊ានបន្ទាប់អាចគ្រោងបង្កើតនៅខេត្តព្រះសីហនុ ហើយជាពិសេសនៅតំបន់ណាដែលមានការធ្វើពាណិជ្ជកម្មច្រើន។

លោកបានបន្ថែមទៀតថា ការបង្កើតតុលាការឯកទេសមួយនេះ ក៏ដើម្បីបង្កើនជំនឿទុកចិត្ដ ពីអ្នកវិនិយោគ តាមរយៈបង្កើនគុណភាពនៃសេវា ក្នុងការដោះស្រាយសំណុំរឿងក្ដី ទៅតាមជំនាញនីមួយៗ ដែលចូលរួមកាត់បន្ថយការកកស្ទះសំណុំរឿងតុលាការ តាមរយៈដំណើរការនីតិវិធីបានលឿនជាងមុន។

ពាក់ព័ន្ធដំណើរការឈានទៅបង្កើតតុលាការពាណិជ្ជកម្មនេះ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញនូវការយល់ឃើញថា នេះជាយន្ដការមួយដ៏ល្អសម្រាប់ពាណិជ្ជករដែលរកស៉ីនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាការបង្កើននូវទំនុកចិត្តផងដែរ។ លោកឧកញ៉ា លឹម ហេង បន្ដទៀតថា អ្វីដែលជាការចាប់អារម្មណ៍ខ្លាំងសម្រាប់ពាណិជ្ជករនោះ គឺយើងចង់បានតុលាការមួយដែលប្រកបដោយគុណភាព ជាពិសេសដំណើរការរហ័ស តម្លាភាព យុត្តិធម៌ និងគ្មានអំពើពុករលួយ។

បើតាមលោកឧកញ៉ា លឹម ហេង, កន្លងមក ក៏ដូចជាពេលបច្ចុប្បន្នគ្រាដែលកម្ពុជា មិនទាន់មានតុលាការពាណិជ្ជកម្មនោះ ពាណិជ្ជករដែលមានបញ្ហាត្រូវប្ដឹងផ្ដល់ពាក់ព័ន្ធវិវាទក្នុងមុខជំនួញរបស់ខ្លួន ត្រូវប្ដឹងទៅសាលាដំបូងរាជធានី-ខេត្ត ខណៈដែលសាលាដំបូងរាជធានី-ខេត្ត មានសំណុំរឿងច្រើនដែលកំពុងកាត់ក្ដីនោះម្ល៉េះហើយ ហាក់មានភាពយឺតយ៉ាវ និងបង្កការលំបាកមួយចំនួនដល់ពាណិជ្ជករ ដូច្នេះហើយការបង្កើតឲ្យមានតុលាការពាណិជ្ជកម្ម គឺជារឿងមួយដ៏សំខាន់បំផុត។

ឧកញ៉ា លឹម ហេង បានបញ្ជាក់យ៉ាងដូច្នេះថា «បើយើងមានតុលាការពាណិជ្ជកម្មពិសេសមួយ វានឹងជួយលើកទឹកចិត្ត ទាក់ទាញការវិនិយោគមកបន្ថែមទៀត ដើម្បីឲ្យអ្នករកស៉ីមានទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌របស់យើង។ ដែលកន្លងមកយើងជៀសវាងវិវាទក្ដីពាណិជ្ជកម្ម បង្កឲ្យមានបទល្មើសព្រហ្មទណ្ឌ ដែលនេះជាក្ដីបារម្ភរបស់អ្នករកស៉ី តែបើយើងមានតុលាការមួយដែលកាត់ក្ដីដោយយុត្តិធម៌ តម្លាភាព គ្មានអំពើពុករលួយសម្រាប់ពាណិជ្ជករនេះ ជាឱកាសមួយទាក់ទាញវិនិយោគខ្លាំងណាស់»។

សូមរំលឹកថា លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចបង្កើតគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម តាមរយៈលិខិតលេខ ០៣ កយ.សសរ/២១ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។

គណៈកម្មការនេះដឹកនាំដោយលោក ជីវ សុងហាក់ មានតួនាទីជាអាទិ៍ រួមមាន ការរៀបចំរាល់លិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងការដាក់ឲ្យដំណើរការតុលាការពាណិជ្ជកម្មនៅតាមសាលាជម្រះក្តីជាន់ទាប និងសភាពាណិជ្ជកម្មរបស់សាលាជម្រះក្តីជាន់ខ្ពស់, សិក្សា និងការរៀបចំទីតាំងសម្រាប់តុលាការពាណិជ្ជកម្ម, ការរៀបចំបទប្បញ្ញត្តិស្តីពីនីតិវិធីពាណិជ្ជកម្ម និងកំណត់ប្រភេទវិវាទពាណិជ្ជកម្ម៕