(ភ្នំពេញ)៖ ក្រោយពីក្រុមហ៊ុន BYD Auto Industry បានប្រកាសស្នើសុំក្រសួងសាធារណាការ ដើម្បីធ្វើការបណ្តាក់ទុកដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីប្រមាណ ២០០ទីតាំងនៅទូទាំងប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២៣ខាងមុខនេះនឹងស្ថានីយបញ្ចូលយានយន្តអគ្គិសនី និងបន្តកើតឡើងដល់ជា២០០ទីតាំង នៅទូទាំងប្រទេសកម្ពុជា, ស្របជាមួយគ្នានោះដែរលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បន្តអំពាវនាវឱ្យប្រជាពលរដ្ឋ ងាកមកប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានច្រើន ដើម្បីទទួលបានផលចំនេញជាងការប្រើប្រាស់ប្រេងឥន្ធនៈ និងជួយកាត់បន្ថយការបំពុលបរិស្ថានផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះនាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅទីស្ដីការក្រសួង និងដោយមានការចូលរួមពីលោកស្រី ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន រួមទាំងមានតំណាងក្រុមហ៊ុនឯកជន និងមន្ត្រីជំនាញរបស់ក្រសួង ជាច្រើនរូបទៀតផងដែរ។
លោកទេសរដ្ឋមន្ត្រី បានអះអាងទៀតថា នៅក្នុងពេលបច្ចុប្បន្ននេះនៅកម្ពុជាមានស្ថានីយ៍សាកថាមពលយានយន្តអគ្គិសនីចំនួន ៨កន្លែងហើយរួមមាន៖ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន ៤គ្រឿង នៅក្រុងសៀមរាប ១ទីតាំង ក្រុងព្រះសីហនុ ១ទីតាំង ក្រុងបាត់ដំបង ១ទីតាំង និង ១ស្ថានីយ៍ទៀត វិនិយោគដោយក្រុមហ៊ុនកាល់តិច ស្ថិតនៅទីតាំងសង្កាត់ព្រៃស ។
បន្ថែមពីនេះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ទៀតថា នៅពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានជំរុញលើកទឹកចិត្តឱ្យវិស័យឯកជន វិនិយោគលើការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនេះ ឱ្យបានទូលំទូលាយនៅទូទាំងប្រទេស ជាពិសេសនៅតាមស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីធានាបាននូវការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់យានយន្តបានគ្រប់ពេលវេលា។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានអះអាងដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏កំពុងខិតខំប្រឹងប្រែងសហការជាមួយដៃគូអភិវឌ្ឍន៍នានា ដូចជាកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងវិស័យឯកជន ដើម្បីធ្វើការវិនិយោគក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី សំដៅជំរុញកំណើនការប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន ដែលបញ្ចេញពីយានយន្តប្រើប្រាស់ប្រេងឥន្ធនៈផងដែរ៕