អង្គការស្ថិតិពាណិជ្ជកម្មបន្ទះសៀគ្វីពិភពលោក ហៅកាត់ថា WSTS បានបន្ទាបការព្យាកររបស់ខ្លួនចំពោះទីផ្សារឈីបសាកលនៅក្នុងឆ្នាំ២០២២នេះ និងឆ្នាំ២០២៣ ជាពិសេសនៅឆ្នាំ២០២៣តែម្ដង ដោយទីផ្សារមួយនេះនឹងកាន់តែស្រកចុះតម្លៃថែមទៀតប្រមាណ ២៣ពាន់លានដុល្លារ ដោយសារតែបញ្ហាសាកល អតិផរណា សង្គ្រាមបច្ចេកវិទ្យារបស់ប្រទេសមហាអំណាច និងការបិទខ្ទប់នៅក្នុងប្រទេសចិនជាដើម។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei។
អង្គការ WSTS បានចេញការព្យាករកាលពីថ្ងៃទី២៩ ខែវិច្ឆិកាថា ទីផ្សារឈីបសាកលក្នុងឆ្នាំ២០២២នេះ មានកំណើន ៤,៤% និងឆ្នាំ២០២៣ មានកំណើន ៤,១%ប៉ុណ្ណោះ ពោលគឺទាបជាងអ្វីដែលបានព្យាករកាលពីលើកមុនទៅទៀត។
អង្គការនេះលើកឡើងថា ទីផ្សារឈីបសាកលប្រចាំឆ្នាំ២០២២ គឺនឹងមានតម្លៃខ្ទង់ ៥៨០ពាន់លានដុល្លារ ប៉ុន្តែវានឹងស្រកចុះវិញ ៤,១% មកនៅត្រឹម ៥៥៧ពាន់លានដុល្លារ នៅឆ្នាំ២០២៣ ពោលគឺស្រកតម្លៃអស់ ២៣ពាន់លានដុល្លារឯណោះ ហើយវាគឺជាការធ្លាក់ចុះប្រចាំឆ្នាំជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៩មក។
សម្រាប់ទីផ្សារឈីបនៅក្នុងឆ្នាំ២០២២នេះ តំបន់ទាំងអស់សុទ្ធតែមានកំណើនដូចជាអាមេរិក មានកំណើន ១៧%, អឺរ៉ុប ១២,៦% និងជប៉ុន ១០% លើកលែងតែតំបន់អាស៊ីប៉ាស៊ីហ្វិក គឺនឹងធ្លាក់ចុះ ២%។ ទោះយ៉ាងណា ការបន្ទាបការព្យាករខាងលើនេះ ក៏ដោយសារតែប្រទេសចិន ដែលគ្របដណ្តប់ឥទ្ធិពលលើទីផ្សារឈីបសាកលនោះ មានការរំខានផ្នែកផលិតកម្មបន្ទះឈីប ដោយសារតែបញ្ហារឹតត្បិតកូវីដ១៩។
ការប៉ុនប៉ងរបស់រដ្ឋាភិបាលចិន ក្នុងការប្រយុទ្ធនឹងកូវីដ១៩តាមរយៈការរឹតត្បិតនោះ ក៏បានបង្កផលប៉ះពាល់ទៅដល់ទិន្នផលរបស់រោងចក្រផងដែរ។ ក្នុងពេលជាមួយគ្នានេះ អាមេរិក ក៏បានដាក់ចេញវិធានការរឹតត្បិតការនាំចេញបច្ចេកវិទ្យាផលិតឈីបទៅកាន់ប្រទេសចិនថែមទៀតផង។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតឈីបបានពង្រីកនូវបរិមាណរបស់ខ្លួន ដោយសារការប្រើឈីបនៅក្នុងយានយន្ត និងឧស្សាហកម្មនៅតែមានតម្រូវការខ្ពស់ បើទោះតម្រូវការអ្នកប្រើប្រាស់សម្រាប់ស្មាតហ្វូន និងកុំព្យូទ័រ កំពុងធ្លាក់ចុះក៏ដោយ៕