(អាមេរិក)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី ជីណា រៃមុនដូ (Gina Raimondo) បាននិយាយកាលពីថ្ងៃពុធ ទី ៣០ វិច្ឆិកា ថា ទីក្រុងវ៉ាស៊ីនតោនត្រូវតែធ្វើសកម្មភាពថែមមួយកម្រិតទៀតដើម្បីទប់ទល់នឹងប្រទេសចិន ហើយវាក៏មិនមែនជារឿងងាយស្រួលប៉ុន្មានដែរក្នុងការប្រកួតប្រជែងឥទ្ធិពលជាមួយមហាយក្សចិនដែលជាសេដ្ឋកិច្ចធំបំផុតទី២ក្នុងពិភពលោកមួយនេះ។
បើទោះជា ការប្រកួតប្រជែងរវាងអាមេរិក និងចិនត្រូវតែធ្វើឡើងដោយជៀសមិនរួចក្ដី ប៉ុន្ដែលោករដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិករូបនេះ បានសង្កត់យ៉ាងធ្ងន់ថា មហាយក្សសេដ្ឋកិច្ចធំៗទាំងពីរនេះ នៅតែមិនត្រូវកាត់ផ្តាច់ឃ្លាតឆ្ងាយពីគ្នាបានឡើយ។
លោកស្រី Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក បានលើកឡើងពីភាពខ្លាំងរបស់សហរដ្ឋអាមេរិកដូចជា សាកលវិទ្យាល័យអាមេរិកមានគុណភាពអប់រំខ្ពស់ ការផ្តល់មូលនិធិពីរដ្ឋាភិបាលរាប់ពាន់លានដុល្លារសម្រាប់ឧស្សាហកម្មផលិតឈីប (semiconductors) និងការស្រាវជ្រាវ ក៏ដូចជាសម្ព័ន្ធមិត្តដ៏រឹងមាំនៅជុំវិញពិភពលោក ដែលវាប្រៀបបានជាទ្រព្យសម្បត្តិ ឬជាខ្នងបង្អែកដ៏មហិមានៅពេលនិយាយដល់ប្រកួតប្រជែងជាមួយប្រទេសចិន។
ទោះជាបែបនេះក្តី លោកស្រី Raimondo បានគូសរំលេចថា «ថ្វីបើសហរដ្ឋអាមេរិកមានគុណសម្បត្តិទាំងអស់នេះមែន ហើយមានច្រើនក៏ដោយ ការប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាពជាមួយប្រទេសចិន នឹងមិនងាយស្រួលនោះទេ»។
លោកស្រីបាននិយាយថា ដោយហេតុថា សហរដ្ឋអាមេរិកមិនបានស្វែងរកការកាត់បន្ថយការពឹងផ្អែកក្នុងកម្រិតណាមួយនៃសេដ្ឋកិច្ចអាមេរិកពីប្រទេសចិននោះទេ។ ប៉ុន្តែបើនិយាយពីបច្ចេកវិទ្យាទំនើបរបស់អាមេរិក ដែលចិនចង់ប្រើប្រាស់ក្នុងយោធាខ្លួននោះ គឺទីក្រុងវ៉ាស៊ិនតោននឹងមិនអនុញ្ញាតជាដាច់ខាត។
គួររំលឹកថា សហរដ្ឋអាមេរិក និងចិនបានប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ហើយលោកស្រី Raimondo ដែលជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិកបានដាក់ចេញនូវយុទ្ធសាស្ត្រលម្អិតសំខាន់ៗជាច្រើន ដើម្បីទប់ទល់នឹងប្រទេសចិន។
លោកស្រីបានសង្កត់ធ្ងន់ថា៖ «ទីក្រុងវ៉ាស៊ិនតោនមានបំណងពង្រឹងប្រព័ន្ធគ្រប់គ្រងការនាំចេញរបស់ខ្លួន ពង្រឹងប្រព័ន្ធត្រួតពិនិត្យការវិនិយោគ ពង្រឹងភាពធន់នៃខ្សែចង្វាក់ផ្គត់ផ្គង់ និងបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីប្រឆាំងនឹងការបង្ខិតបង្ខំសេដ្ឋកិច្ចរបស់ចិន ក៏ដូចជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ចិនជាដើម»។ យ៉ាងណាក៏ដោយ ស្ថានទូតចិនប្រចាំក្រុងវ៉ាស៊ីនតោនមិនទាន់បានចេញមុនឆ្លើយតបភ្លាមៗជុំវិញការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកនេះនៅឡើយទេ។
គេនៅចាំថា នៅក្នុងខែតុលា ក្រសួងពាណិជ្ជកម្មរបស់អាមេរិកបានចេញផ្សាយនូវការត្រួតពិនិត្យការនាំចេញដ៏ទូលំទូលាយរបស់ខ្លួន រួមទាំងវិធានការរឹតបន្តឹងយ៉ាងតឹងតែងក្នុងនាំចេញបច្ចេកវិទ្យាបន្ទះឈីបរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិន ដែលេវាវិធាននេះបានធ្វើឱ្យលឿនផ្នែកបច្ចេកវិទ្យា និងយោធារបស់ទីក្រុងប៉េកាំងថមថយល្បឿនមិនតិចទេ។
មែនទែនទៅ ទាក់ទិននឹងយុទ្ធសាស្ត្ររបស់អាមេរិកនេះ ប្រទេសចិនបានប្រឆាំងដាច់ខាតចំពោះការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិកលើបន្ទះឈីប (semiconductor) ដោយលើកហេតុផលថា វាបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុនចិន និងផលប្រយោជន៍ពាណិជ្ជកម្មរបស់អ្នកនាំចេញរបស់សហរដ្ឋអាមេរិកដូចគ្នាដែរ៕