ទីក្រុងធំៗចំនួនពីររបស់ប្រទេសចិនចាប់ពីថ្ងៃព្រហស្បតិ៍ទី ០១ ខែធ្នូមក បានចាប់ផ្តើមបន្ធូរបន្ថយវិធានការគ្រប់គ្រងមេរោគឆ្លងកូវីដ១៩វិញហើយ ពិសេសគឺនៅក្រោយការសម្ដែងការមិនពេញចិត្ត ជាមួយនឹងគោលនយោបាយសូន្យកូវីដ១៩ដ៏តឹងរ៉ឹងរបស់ប្រទេសនេះបានផ្ទុះឡើង ជាសាធារណៈយ៉ាងទូលំទូលាយតាមផ្លូវក្នុងទីក្រុងសំខាន់ៗជាច្រើន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ក្នុងចំណោមទីក្រុងដែលមានករណីឆ្លងថ្មីៗកើនឡើង និងដែលបានស្ថិតនៅក្រោមការរឹតបន្តឹងទាំងអស់ ក្រុងក្វាងចូវត្រូវបានរដ្ឋអំណាចចិនបញ្ជាឱ្យលុបចោលការហាមឃាត់ការហាមាត់មួយចំនួន និងលុបចោលការទាមទារឱ្យធ្វើតេស្ត PCR មុននឹងចូលទៅក្នុងអគារជាច្រើនជាច្រើនផងដែរ។ ដោយឡែកទីក្រុង ឆុងឈីង (Chongqing)វិញ ក៏បានបន្ធូរបន្ថយការរឹតបន្តឹងលើការធ្វើដំណើរចេញចូល និងដើរហើររបស់ពលរដ្ឋនៅក្នុងផ្នែកខ្លះនៃទីក្រុងដូចគ្នា។
ចំណាត់ការបែបនេះពីរដ្ឋអំណាចក្រុងប៉េកាំងជាសញ្ញាមួយបង្ហាញថា ថ្នាក់ដឹកនាំរបស់ប្រទេសចិន កំពុងគិតគូឡើងវិញលើគោលនយោបាយសូន្យកូវីដរបស់ខ្លួន សម្រាប់ការដោះស្រាយការចំលងកូវីដ១៩រលកថ្មីនៅក្នុងប្រទេស។ នេះក៏មកពីទីក្រុងប៉េកាំងកត់សម្គាល់ឃើញ ឬអាចនិយាយបានថាភ្ញាក់ខ្លួន នៅពេលឃើញពលរដ្ឋចិនជាច្រើនបានចុះផ្លូវតវ៉ាដោយប្រថុយនឹងការចាប់ខ្លួន ក៏ដូចជាទោសទណ្ឌនានា ដើម្បីអំពាវនាវឱ្យបញ្ចប់គោលនយោបាយសូន្យកូវីដដ៏តឹងតែង នឹងអនុវត្តអស់៣ឆ្នាំមកនេះ។
អនុនាយករដ្ឋមន្ត្រីចិនលោកស្រី ស៊ុន ឈុនឡាន ដែលមានតួនាទីជាប្រធានដឹកនាំយុទ្ធនាការ ប្រឆាំងនឹងមេរោគឆ្លងកូវីដ១៩ក្នុងប្រទេសចិន បាននិយាយកាលពីថ្ងៃទី ៣០ ខែវិច្ឆិកាថា ប្រទេសចិនកំពុងប្រឈមមុខនឹងស្ថានភាពថ្មី ហើយក៏មានកិច្ចការថ្មីដែលត្រូវធ្វើផងដែរ។ លោកស្រីអះអាងថា នៅពេលដែលអត្រានៃការចាក់វ៉ាក់សាំងកើនឡើង មេរោគបំប្លែងខ្លួន omicron នឹងលែងមានឥទ្ធិពលខ្លាំងទៀតហើយ។
គេកត់សម្គាល់បានថា ក្នុងអ្វីដែលលោកស្រី ស៊ុន ឈុនឡាន បាននិយាយ គឺមិនបានលើកយកពាក្យវិធានការសូន្យកូវីដ ឬចំណុចដែលពាក់ព័ន្ធនឹងវិធានការនេះទេ។
បន្ទាប់ពីការថ្លែងរបស់មន្ត្រីជាន់ខ្ពស់ក្រុងប៉េកាំងរូបនេះ រដ្ឋបាលទីក្រុងក្វាងចូវបានប្រកាសពីការផ្លាស់ប្តូរចំពោះការរឹតបន្តឹងរបស់ខ្លួន ដោយបានដកការបិទខ្ទប់នៅទូទាំងទីក្រុង និងតំបន់ច្រើនទៀតក្នុងថ្ងៃតែមួយ។ ឥឡូវនេះការធ្វើដំណើរត្រូវបានអនុញ្ញាត ឱ្យចេញចូលពីតំបន់មួយទៅតំបន់មួយឡើងវិញហើយ។
គួរជម្រាបថា ទីក្រុងទាំងពីរធំៗដែលប្រកាសបន្ធូរដៃនេះ សុទ្ធសឹងជាក្រុងដែលមានករណីឆ្លងច្រើន ហើយក៏មានការតវ៉ាខ្លាំងដែរកាលពីចុងខែវិច្ឆិកា។ ទោះយ៉ាងណា ក៏នៅមានតំបន់ ឬច្រកតូចៗខ្លះដែលនៅបន្តរិតបន្តឹងដោយផ្នែកផងដែរ ខណៈរោងចក្រមួយចំនួនមិនទាន់មានកម្មករចូលធ្វើការវិញនៅឡើយ៕