ទីក្រុងរបស់ប្រទេសចិនកាន់តែច្រើន រួមមានទីក្រុងអ៊ូរុមឈី ជាទីក្រុងដែលចលនាបាតុកម្មផ្ទុះឡើងដំបូង សុទ្ធតែបានបន្ធូរដៃលើវិធានការសូន្យកូវីដរបស់ខ្លួនចាប់តាំងពីចុងសប្តាហ៍មុនមកទល់នឹងពេលនេះ។ រដ្ឋអំណាចទីក្រុងប៉េកាំងហាក់កំពុង បន្ធូរដៃលើវិធានការសូន្យកូវីដរបស់ខ្លួន ដោយព្យាយាមកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានមកលើពលរដ្ឋ ដែលជាប់ពាក់ព័ន្ធនឹងករណីឆ្លងប្រយោល ឬអ្នកដែលរស់នៅក្នុងតំបន់ដែលមិនបានជាប់ពាក់ព័ន្ធតែម្តង។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការបន្ធូរដៃនេះក៏ធ្វើឡើងក្រោយពេលដែល មានចលនាបាតុកម្មដ៏កម្រប្រឆាំងនឹងវិធានការខាងលើ ហើយទាមទារឱ្យមេដឹកនាំកំពូលរបស់ចិន គឺលោក ស៊ី ជីនពីង ចុះចេញពីអំណាចថែមទៀតផង។
ទីក្រុងអ៊ូរុមឈី រដ្ឋធានីនៃរបស់តំបន់ស៊ីនជាំងប្រទេសចិន និងជាកន្លែងដែលមានការប្រមូលផ្តុំតវ៉ាមុនគេនោះ ចាប់ពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានបើកដំណើរការឡើងវិញ នូវផ្សារទំនើប ផ្សារក្នុងតំបន់ ភោជនីយដ្ឋាន និងទីកន្លែងសាធារណៈនានា បន្ទាប់ពីការបិទខ្ទប់អស់ពេលជាច្រើនខែ។ នេះបើតាមការបញ្ជាក់ពីរដ្ឋអំណាចក្រុងមួយនេះ។
ដោយឡែក ទីក្រុងចឹងចូវ ជាទីដែលមានរោងចក្រផលិតទូរសព្ទដៃ iPhone ដ៏ធំ ក៏ត្រូវបានអាជ្ញាធរលុបចោលតម្រូវការបង្ហាញលទ្ធផលតេស្តអវិជ្ជមានកូវីដ ពេលធ្វើដំណើរតាមមធ្យោយបាយសាធារណៈ និងចូលទៅកាន់ទីតាំងសាធារណៈនានាផងដែរ។ ប៉ុន្តែសម្រាប់កន្លែងដែលបិទជិត និងមានជាប់ពាក់ព័ន្ធសេវាកម្មដូចជា ខារ៉ាអូខេ ហាងសាឡន និងហាងអ៊ីធឺណែតកាហ្វេ អាចបើកដំណើរការវិញបាន តែត្រូវឆែករកតេស្តអវិជ្ជមានក្នុង ៤៨ម៉ោងចុងក្រោយ មុនអនុញ្ញាតឱ្យចូល។ នៅទីក្រុងសៀងហៃវិញ ក៏លែងទាមទារឱ្យបង្ហាញតេស្តអវិជ្ជមានទៀតដែរ។
ក្រុងណានីង និងវូហាន ជាទីដែលកូវីដ១៩ផ្តើមផ្ទុះឡើងដំបូងកាលឆ្នាំ២០១៩ ក៏បានលុបចោលតម្រូវការធ្វើតេស្តមុននឹងជិះរថភ្លើងក្រោមដីផងដែរ ខណៈរដ្ឋធានីប៉េកាំង បានប្រកាសឱ្យអ្នកវិជ្ជមានកូវីដ១៩ អាចសម្រាកព្យាបាលនៅផ្ទះដោយខ្លួនឯងបាន មិនចាំបាច់ទៅមណ្ឌលថែទាំដែលរៀបចំដោយរដ្ឋឡើយ។
គួរជម្រាបថា ទន្ទឹមនឹងការបើកដំណើរការទីតាំងសាធារណៈឡើងវិញ គេក៏លែងឃើញមានទៀតដែរនូវចលនាបាតុកម្មនៅតាមតំបន់ទាំងនេះ ពិសេសកន្លែងដែលធ្លាប់តែមានការដើរក្បួនកាលពីជិត២សប្តាហ៍មុន។ ការតវ៉ាកាលនោះ ជាការបង្ហាញពីការមិនពេញ និងការមិនគោរពច្បាប់របស់ពីសំណាក់ពលរដ្ឋចិន ដែលជារឿងដ៏កម្រនឹងកើតមានឡើងនៅចិនដីគោក ចាប់តាំងពីលោកប្រធានាធិបតី ស៊ី ជីនពីង បានឡើងកាន់អំណាចកាលពីឆ្នាំ២០១២មក។
ក្រោយការផ្តើមបន្ធូរដៃរបស់អាជ្ញាធរ ស្រាប់តែអនុនាយករដ្ឋមន្ត្រីចិនលោកស្រី ស៊ុន ឈុនឡាន ដែលមានតួនាទីជាប្រធានដឹកនាំយុទ្ធនាការ ប្រឆាំងនឹងមេរោគឆ្លងកូវីដ១៩ក្នុងប្រទេសចិន បានចេញមកនិយាយកាលពីចុងសប្តាហ៍មុនថា សមត្ថភាពឆ្លងរបស់កូវីដ១៩នៅចិន កំពុងតែចុះខ្សោយហើយ។
មែនទែនទៅ ការលើកឡើងបែបនេះ មិនមែនជារឿងថ្មីនោះទេសម្រាប់ពិភពលោក តែអាចថ្មីខ្លះដែរសម្រាប់ចិន។ អ្នកវិទ្យាសាស្ត្រ និងប្រទេសជុំវិញពិភពលោកតាំងតែពីមួយឆ្នាំមុនម្ល៉េះ សុទ្ធតែបានអះអាងថា សមត្ថភាពឆ្លង និងសមត្ថភាពបង្ករោគ របស់វីរុសកូវីដបានធ្លាក់ចុះខ្សោយហើយ ដោយសារតែប្រព័ន្ធភាពស៊ាំ ដែលមានពីវ៉ាក់សាំងមានគ្រប់គ្រាន់នៅក្នុងសហគមន៍ ឬបានពីការដែលមនុស្សគ្រប់ស្ទើរគ្នាបានឆ្លងកូវីដ១៩រួច។
បើតាមប្រភពរដ្ឋាភិបាលចិនប្រាប់រ៉យទ័រដោយសុំមិនបញ្ចេញឈ្មោះឱ្យដឹងថា រដ្ឋអំណាចទីក្រុងប៉េកាំងនឹងប្រកាសលុបចោលតម្រូវការធ្វើតេស្តកូវីដ សម្រាប់ក្របខណ្ឌទូទាំងប្រទេសតែម្តង នៅសប្តាហ៍នេះហើយ។ ក្នុងនោះសូម្បីតែសម្រាប់ អ្នកដែលវិជ្ជមានកូវីដ១៩ និងអ្នកដែលជាប់ពាក់ព័ន្ធផ្ទាល់និងប្រយោលក៏ត្រូវ បន្ធូរបន្ថយការរឹតបន្តឹងវិធានគ្រប់គ្រងផងដែរ៕