រដ្ឋកូរ៉េខាងជើងបានបាញ់កាំភ្លើងធំប្រហែល១៣០គ្រាប់កាលពីថ្ងៃចន្ទ ទី២ ខែធ្នូ ចូលទៅក្នុងសមុទ្រនៅជិតព្រំដែនទឹកភាគខាងលិច និងខាងកើតជាមួយកូរ៉េខាងត្បូង ដែលជាសកម្មភាពបង្កហេតុចុងក្រោយគេបង្អស់របស់របបក្រុងព្យុងយ៉ាង ដោយការបាញ់កាំភ្លើងធំដ៏សន្ធឹកសន្ធាប់នេះ គឺជាការព្រមានឆ្លើយតបមួយទៅកាន់ទីក្រុងសេអ៊ូ ដែលថ្មីៗនេះ បានបាញ់មីស៊ីលបង្អួតសាច់ដុំទៅកាន់ទីក្រុងព្យុងយ៉ាង និងមានការធ្វើសមយុទ្ធយោធាជាមួយនឹងសម្ព័ន្ធមិត្តអាមេរិកផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
យោធាកូរ៉េខាងជើងបាននិយាយថា ការបាញ់កាំភ្លើងធំប្រមាណ ១៣០គ្រាប់ផ្លោងចូលសមុទ្រនេះ គឺជាការព្រមានប្រឆាំងនឹងសមយុទ្ធបាញ់មីស៊ីលរបស់កូរ៉េខាងត្បូងដែលកំពុងបន្តធ្វើនៅជិតទីក្រុង Cheorwon ក្បែរព្រំដែនកូរ៉េខាងជើង ហើយទីក្រុងព្យុងយ៉ាងថែមទាំងចោទទីក្រុងសេអ៊ូលថា ជាអ្នកបង្កភាពតានតឹងដាក់ខ្លួនមុនផងដែរ។
បើតាមអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា សព្វាវុធរបស់កូរ៉េខាងជើង ដែលបានបាញ់កាលពីរសៀលថ្ងៃច័ន្ទពីតំបន់ឆ្នេរភាគខាងលិច និងខាងកើតរបស់ប្រទេសកូរ៉េខាងជើងនោះ បានធ្លាក់ក្នុងផ្នែកខាងជើងនៃតំបន់ការពាររួម ដែលត្រូវបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងអន្តរកូរ៉េឆ្នាំ២០១៨ ដើម្បីកាត់បន្ថយភាពតានតឹងផ្នែកយោធា។ ជាមួយគ្នានេះ មិនទាន់មានរបាយការណ៍ភ្លាមថាគ្រាប់ផ្លោងទាំង១៣០គ្រាប់នោះ ត្រូវបានធ្លាក់ចូលក្នុងដែនសមុទ្រកូរ៉េខាងជើង ឬយ៉ាងណានោះទេ។
ទន្ទឹមគ្នានេះ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងក៏បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា យោធារបស់ខ្លួនរួមជាមួយសហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងដិតដល់នូវសកម្មភាពយោធារបស់កូរ៉េខាងជើង ខណៈពួកគេកំពុងត្រៀមខ្លួនសម្រាប់ឆ្លើយតបនឹង «ឧបទ្ទវហេតុដែលអាចកើតមានណាមួយ» ក្នុងស្ថានការដ៏ផុយស្រួយនេះ។
មែនទែនទៅ ការបាញ់ផ្លោងរបស់កូរ៉េខាងជើងនេះ គឺបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន សេអ៊ូល និងតូក្យូបានប្រកាសដាក់ទណ្ឌកម្មជាផ្លូវការលើមនុស្ស និងស្ថាប័នមួយចំនួនរបស់កូរ៉េខាងជើងដែលត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើខុសច្បាប់ ដើម្បីផ្តល់ហិរញ្ញប្បទានដល់កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់រដ្ឋផ្តាច់ការមួយនេះ។
គួរជម្រាបថា វាជាលើកទីមួយហើយចាប់តាំងពីថ្ងៃទី៣ វិច្ឆិកាមក ដែលកូរ៉ខាងជើងបានបាញ់គ្រាប់កាំភ្លើងធំទម្លាក់ចូលទៅក្នុងតំបន់ការពារដែនសមុទ្ររួមជាមួយកូរ៉េខាងត្បូង។ បើតាមអ្នកជំនាញយោធានិយាយថា ការធ្វើបែបនេះរបស់កូរ៉េខាងជើងសង្ឃឹមថា នឹងអាចធ្វើការចរចាសម្បទានសេដ្ឋកិច្ច និងសន្តិសុខក្នុងជំហររឹងមាំ និងបង្ខំឱ្យសហរដ្ឋអាមេរិកទទួលយកខ្លួនវាជាមហាអំណាចនុយក្លេអ៊ែរ៕