Alynana Media Cambodia
Icon Collap
clinic narit

ព្រឹកថ្ងៃទី១០នេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក

Admin Alynana | Dec 10, 2022
ព្រឹកថ្ងៃទី១០នេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក
Clinic narith

 

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារឆ្នេរសុខា ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកត្រូវបានបង្កើតនៅឆ្នាំ១៩៩៧ នាទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។ បច្ចុប្បន្នក្លឹបនេះមានទីស្នាក់ការនៅទីក្រុងវ៉ាននីស ប្រទេសបារាំង និងមានឆ្នេរសមាជិកចំនួន ៤៤ឆ្នេរ ស្នើនឹង ២៦ប្រទេស។ កម្ពុជា ត្រូវបានដាក់បញ្ចូលជាសមាជិកពេញសិទ្ធក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកក្នុងមហាសន្និបាតលើកទី៧របស់ក្លឹបកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតួបាគួតា ប្រទេសសេណេហ្គាល់។

ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក តែងតែរៀបចំមហាសន្និបាតរៀងរាល់ឆ្នាំនៅតាមបណ្តាប្រទេសនានាជាសមាជិកក្លឹប។ មហាសន្និបាតនេះ ជាវេទិកាដ៏សំខាន់មួយផ្តល់ឱកាសឱ្យប្រទេសជាសមាជិកក្លឹប បានជួបជជែក និងផ្លាស់ប្តូរបទពិសោធន៍គ្នាលើការគ្រប់គ្រងឆ្នេរសមុទ្រ ក៏ដូចជាលើកឡើងនូវបញ្ហាប្រឈមរបស់ពួកគេ ដើម្បីស្វះស្វែងរកដំណោះស្រាយក្នុងការគ្រប់គ្រងឆ្នេរប្រកបដោយនិរន្តរភាព និងរក្សាបាននូវភាពស្រស់ស្អាត និងការទាក់ទាញអ្នកទេសចរ។ ជាពិសេសមហាសន្និបាតនេះ ក៏ជាឱកាសក្នុងការផ្សព្វផ្សាយគោលដៅ និងផលិតផលទេសចរណ៍ផងដែរ។

បន្ទាប់ពីក្លាយជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកនៅឆ្នាំ២០១១ កម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនេះ រួចម្តងមកហើយកាលពីឆ្នាំ២០១៣ នៅរមណីយដ្ឋានឋានសួគ៌បូកគោ ក្នុងខេត្តកំពត។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ដោយមើលឃើញឱកាសផ្សព្វផ្សាយសក្តានុពលទេសចរណ៍ទៅកាន់ពិភពលោក តាមរយៈការធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំមហាសន្និបាតរបស់ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោកនោះ នៅឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យក្រសួងទេសចរណ៍ដាក់ពាក្យ ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនេះជាថ្មីម្តងទៀត។

តាមរយៈសំណើរបស់កម្ពុជា មហាសន្និបាតរបស់ក្លឹបលើកទី១៤ ដែលរៀបចំនៅទីក្រុងឆ្នេរសមុទ្រតូយ៉ាម៉ា ប្រទេសជប៉ុន ឆ្នាំ២០១៩ ក៏បានបោះឆ្នោតជាឯកច្ឆ័ន្ទផ្តល់សិទ្ធិឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនេះជាលើកទី២ នៅក្នុងឆ្នាំ២០២២ បន្ទាប់ពីពិនិត្យឃើញកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនៅឆ្នាំ២០១៣។

មហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ដែលរៀបចំឡើងនៅកម្ពុជានេះ មានរយៈពេលប្រមាណជា៦ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ ១៤ ខែធ្នូ ឆ្នាំ២០២២។ មហាសន្និបាតនេះ រៀបចំឡើងក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម»។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ការដាក់ចេញនូវប្រធានបទនេះ គឺសមស្របទៅនឹងស្ថានភាពនាពេលបច្ចុប្បន្ន ដែលពិភពលោកទាំងមូលកំពុងប្រឈមនឹងវិបត្តិសាកលជាច្រើនបន្ថែមពីលើវិបត្តិជំងឺកូវីដ១៩ ជាពិសេសសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ពិភពលោក ទាំងលើផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងសណ្តាប់ធ្នាប់ពិភពលោក។

លោករដ្ឋមន្ត្រីបន្ថែមថា ប្រធានបទនេះ ក៏សមស្របជាមួយបរិបទកម្ពុជា ដែលសន្តិភាពបានដើរតួនាទីយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសជាតិ បង្កើតជាក្តីសង្ឃឹមយ៉ាងមុតមាំសម្រាប់ប្រជាជនទាំងមូល។ ក្នុងន័យនេះ សន្តិភាព គឺពិតជាមិនអាចខ្វះបានសម្រាប់ការទ្រទ្រង់ការអភិវឌ្ឍប្រទេសជាតិ ខណៈដែលក្តីសង្ឃឹមជាច្រើនសម្រាប់ពេលអនាគត បានកំពុងបង្កើតជាកាលានុវត្តភាពច្រើនផ្តើមចេញពីសន្តិភាពនេះ។

លោក ថោង ខុន បានឱ្យដឹងថា ក្នុងនាមជាម្ចាស់ផ្ទះនៃមហាសន្និបាតនេះ កម្ពុជា នឹងចែករំលែកនូវបទពិសោធន៍ និងការអនុវត្តល្អៗរបស់ខ្លួនទៅកាន់សមាជិកក្លឹបទាំងអស់​ និងពិភពលោកទាំងមូល ទាំងលើការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ផ្តើមចេញពីសន្តិភាព ដែលខ្លួនរកបានដោយកម្រជាមួយក្តីសង្ឃឹមប្រកបដោយសុទ្ឋិនិយមជាសត្យានុម័តនាពេលអនាគត។

លោករដ្ឋមន្ត្រី ថោង ខុន ក៏បានបង្ហាញក្តីរំពឹងផងដែរថា តាមរយៈដំណើរទស្សនកិច្ចទៅកាន់គោលដៅទេសចរណ៍ ពីសំណាក់ប្រតិភូនៃបណ្តាប្រទេសសមាជិកក្លឹបនោះ នឹងជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកផងដែរ ពីព្រោះក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេនៅលើសាកលលោក មានសមាជិក មានប្រព័ន្ធផ្សព្វផ្សាយ ហើយក៏ដូចជាទីភ្នាក់ងារមួយក្នុងការផ្សព្វផ្សាយ ណែនាំ ចង្អុលបង្ហាញទៅកាន់ភ្ញៀវទេសចរប្រកបដោយប្រសិទ្ធភាព។

សូមបញ្ជាក់ថា ប្រតិភូក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដែលចូលរួមក្នុងមហាសន្និបាតរៀបចំដោយកម្ពុជា មានចំនួនសរុបប្រមាណ ១៣០រូប តំណាងឱ្យឆ្នេរសមុទ្រចំនួន ៣៤ឆ្នេរ មកពីប្រទេសចំនួន២១ ជុំវិញពិភពលោក។ ប្រតិភូដែលអញ្ជើញចូលរួមនេះ មកពីវៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៉ីស្រាអែល តួកគី បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ កាណាដា ប្រេស៉ីល ម៉ាទីនិក (នៅសមុទ្រការីបង់) ម៉ារ៉ុក ម៉ូសំប៊ិក សេណេហ្កាល់ អង់ហ្គោឡា។ ក្រៅពីនេះ ក៏មានប្រតិភូតំណាងឱ្យឆ្នេរសង្កេតការណ៍ ៣ទៀត មកពីម៉ាឡេស៉ី ហ្វាំងឡង់ និងប៉ាពូអាស៉ីនូវែលហ្គីណេ។

សូមរំលឹកដែរថា ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើលោក បានខកខានរៀបចំមហាសន្និបាតនេះអស់រយៈពេលពីរឆ្នាំមកហើយ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩។ កម្ពុជា គឺជាប្រទេសដំបូង ដែលរៀបចំមហាសន្និបាតនេះឡើងវិញ ក្រោយការរាតត្បាតនៃជំងឺកូវីដ១៩។ ដូច្នេះមហាសន្និបាតនេះ ក៏នឹងក្លាយទៅជាការចែករំលែកនូវជោគជ័យរបស់កម្ពុជា លើកការគ្រប់គ្រងជំងឺកូវីដ១៩ ដែលជាមេរោគនាំឱ្យកើតវិបត្តិធ្ងន់ធ្ងរលើវិស័យទេសចរណ៍ផងដែរនោះ៕