Alynana Media Cambodia
Icon Collap
clinic narit

ច្បាប់លក់សព្វាវុធរបស់អាមេរិកទៅឱ្យកោះតៃវ៉ាន់នឹងកើនឡើងរហូតដល់ ១០ ពាន់លានដុល្លារ

Admin Alynana | Dec 10, 2022
ច្បាប់លក់សព្វាវុធរបស់អាមេរិកទៅឱ្យកោះតៃវ៉ាន់នឹងកើនឡើងរហូតដល់ ១០ ពាន់លានដុល្លារ
Clinic narith

សភាសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមបោះឆ្នោតឱ្យបានឆាប់នៅថ្ងៃពុធ ទី៧ ខែធ្នូ លើច្បាប់ស្តីពីគោលនយោបាយយោធាដ៏មហាសាល ដែលអនុញ្ញាតឱ្យមានការផ្គត់ផ្គង់ជំនួយសន្តិសុខ និងការលក់សព្វាវុធតាមដានរហ័សសម្រាប់កោះតៃវ៉ាន់ដល់ទៅ១០ពាន់លានដុល្លារ ស្របពេលដែលប្រទេសចិនកំពុងដាក់សម្ភាធលើកោះ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។

ការកែសម្រួលនៃច្បាប់ក្នុងវិស័យ​ការពារជាតិប្រចាំឆ្នាំ ឬហៅ (NDAA)នេះ គឺមិនបានរួមបញ្ចូលបទប្បញ្ញត្តិដ៏ចម្រូងចម្រាសមួយចំនួនរបស់សមាជិកសភាតៃវ៉ាន់ ដែលបានស្នើឡើងកាលពីដើមឆ្នាំនេះទេ ក្នុងនោះ រួមទាំងការដាក់ទណ្ឌកម្មនៅក្នុងករណីនៃ «ការកើនឡើងគួរឱ្យកត់សម្គាល់​ក្នុងការឈ្លានពាន» ប្រឆាំងនឹងតៃវ៉ាន់ដោយប្រទេសចិនដីគោក ក៏ដូចជា​សំណើចាត់ទុកតៃវ៉ាន់​ជា «សម្ព័ន្ធមិត្ត​សំខាន់​មិនមែន​ណាតូ»នោះ ក៏ត្រូវបានអាមេរិក​ដកចេញដែរ។

បើតាមគណៈកម្មាធិការទទួលបន្ទុកសព្វាវុធនៃព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃអង្គារ ទី ៦ ខែធ្នូ បានបង្ហាញពីច្បាប់អនុញ្ញាតការពារជាតិប្រចាំឆ្នាំ (NDAA) ដោយច្បាប់នេះមានកំណត់​នូវការចំណាយលើផ្នែកគោលនយោបាយយោធាដល់ទៅ ៨៥៨ ពាន់លានដុល្លារ ហើយគេរំពឹងថា សភាអាមេរិកនឹងត្រូវបានចុះហត្ថលេខាលើច្បាប់នេះក្នុងពេលឆាប់ៗនេះផងដែរ។

ក្នុងនោះដែរ «ច្បាប់ស្តីពីការពង្រឹងភាពធន់របស់កោះតៃវ៉ាន់» ដែលរួមបញ្ចូលនៅក្នុងច្បាប់ NDAA ដែរនោះ នឹងផ្តល់ការអនុញ្ញាតសម្រាប់ជំនួយឥតសំណងផ្នែកយោធាសម្រាប់តៃវ៉ាន់រហូតដល់ ២ ពាន់លានដុល្លារក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ ប្រសិនបើរដ្ឋមន្ត្រីការបរទេសអាមេរិកបញ្ជាក់ថា តៃវ៉ាន់​បានបង្កើន​ការចំណាយលើវិស័យការពារជាតិរបស់ខ្លួនដែរនោះ។

ច្បាប់របស់អាមេរិកនេះ វាក៏រួមបញ្ចូលផងដែរនូវការផ្តល់ការធានាហិរញ្ញប្បទានដល់អាជ្ញាធរ ប្រាក់កម្ចីយោធាបរទេស និងវិធានការផ្សេងទៀតដើម្បីតាមដានយ៉ាងរហ័ស​នូវការទិញ​សព្វាវុធ​របស់តៃវ៉ាន់ ក៏ដូចជា​ការបង្កើត​កម្មវិធី​ហ្វឹកហ្វឺនថ្មី​មួយ ដើម្បីអភិវឌ្ឍសមត្ថភាពការពារ​ខ្លួនរបស់តៃវ៉ាន់ដែរ។

សមាជិកព្រឹទ្ធសភាប្រជាធិបតេយ្យលោក Bob Menendez ដែលជាប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេស និងជាអ្នកគាំទ្រ​ដល់​ច្បាប់នេះបាននិយាយ៖ «លទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់នៅតែជាបេះដូងនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក ហើយភាពស៊ីជម្រៅ និងកម្លាំងនៃការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ិនតោន​ ចំពោះប្រជាជនតៃវ៉ាន់គឺខ្លាំងជាងពេលណាទាំងអស់»។

ទោះយ៉ាងណា ចិនចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយមិនដែលបោះបង់​ចោល​ការ​ប្រើ​កម្លាំង​ដើម្បី​យកមកដាក់ក្រោមការ​គ្រប់​គ្រង​របស់​ខ្លួនឡើយ។ ទីក្រុងប៉េកាំងក៏បានឆ្លើយតបដោយខឹងសម្បារនៅពេលដែលគណៈកម្មាទំនាក់ទំនងបរទេសព្រឹទ្ធសភាអាមេរិកបានអនុម័តច្បាប់អនុញ្ញាតការពារតៃវ៉ាន់កាន់តែទូលំទូលាយក្នុងខែកញ្ញាកន្លងទៅផងដែរ៕