(ព្រះសីហនុ)៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើទៅដល់ក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តព្រះសីហនុ ពិនិត្យលទ្ធភាពរៀបចំសារមន្ទីរឆ្នេរ និងបានស្នើទៅដល់ប្រធានក្លឹបនិងសមាជិកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោកជួយចែករំលែកបទពិសោធន៍និងដំណើរការនៃការរៀបចំសារមន្ទីរនេះផងដែរ។
សម្ដេចតេជោ ថ្លែងបែបនេះនៅក្នុងពិធីបើកមហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ក្នុងខេត្តព្រះសីហនុ។
កម្ពុជា ត្រូវបានដាក់បញ្ចូលជាសមាជិកពេញសិទ្ធក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកក្នុងមហាសន្និបាតលើកទី៧ របស់ក្លឹបកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតួបាគួតា ប្រទេសសេណេហ្គាល់។
ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក តែងតែរៀបចំមហាសន្និបាតរៀងរាល់ឆ្នាំនៅតាមបណ្តាប្រទេសនានាជាសមាជិកក្លឹប។
មហាសន្និបាតនេះ ជាវេទិកាដ៏សំខាន់មួយផ្តល់ឱកាសឱ្យប្រទេសជាសមាជិកក្លឹប បានជួបជជែក និងផ្លាស់ប្តូរបទពិសោធន៍គ្នាលើការគ្រប់គ្រងឆ្នេរសមុទ្រ ក៏ដូចជាលើកឡើងនូវបញ្ហាប្រឈមរបស់ពួកគេ ដើម្បីស្វះស្វែងរកដំណោះស្រាយក្នុងការគ្រប់គ្រងឆ្នេរប្រកបដោយនិរន្តរភាព និងរក្សាបាននូវភាពស្រស់ស្អាត និងការទាក់ទាញអ្នកទេសចរ។ ជាពិសេសមហាសន្និបាតនេះ ក៏ជាឱកាសក្នុងការផ្សព្វផ្សាយគោលដៅ និងផលិតផលទេសចរណ៍ផងដែរ៕