Alynana Media Cambodia
Icon Collap
clinic narit

តើកំណើនសេដ្ឋកិច្ចកម្ពុជានឹងត្រូវរងឥទ្ធិពលអ្វីខ្លះនៅឆ្នាំ២០២៣?

Admin Alynana | Dec 12, 2022
តើកំណើនសេដ្ឋកិច្ចកម្ពុជានឹងត្រូវរងឥទ្ធិពលអ្វីខ្លះនៅឆ្នាំ២០២៣?
Clinic narith

(ភ្នំពេញ)៖ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានស្ថាប័នជាតិ និងអន្តរជាតិបានព្យាករថា អាចនឹងសម្រេចបានក្នុងរង្វង់៥% ក្នុងឆ្នាំ២០២២ ដែលជាកំណើនមួយរឹងមាំ ទោះបីជាសេដ្ឋកិច្ចកំពុងមានការគំរាមកំហែងច្រើនក្ដី។ យ៉ាងណាមិញ នៅឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា អាចនឹងបន្ដកំណើនប្រមាណ៦% ក៏ប៉ុន្តែ ហានិភ័យនៅឆ្នាំ២០២៣ នៅតែមានច្រើនសម្រាប់ការលូតលាស់របស់សេដ្ឋកិច្ចកម្ពុជា។

សម្រាប់​កំណើន​នៅឆ្នាំ២០២៣ខាងមុខនេះ មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញការព្រួយបារម្ភចំពោះភាពមិនច្បាស់លាស់នៃស្ថានភាពពិភពលោក ដែលអាចនឹងធ្វើឱ្យលំហូរពាណិជ្ជកម្ម វិនិយោគ និងមូលធននៅកម្ពុជាអាចនឹងថមថយ ហើយផលិតភាពការងារក៏នឹងធ្លាក់ចុះដែរ ខណៈថ្លៃដើមផលិតនឹងកើនឡើង កត្តាទាំងនេះ នឹងដាក់សម្ពាធថែមទៀត ដល់កំណើន អតិផរណា និងអត្រាការប្រាក់នាពេលខាងមុខ។

ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកត់សម្គាល់ឃើញថា ទោះបីជាមានភាពមិនប្រាកដនៅប៉ុន្មាឆ្នាំមកនេះក្ដី ប៉ុន្ដែ​ស្ថានភាព​សង្គម-សេដ្ឋកិច្ចកម្ពុជា នៅតែរក្សាបានភាពធន់ និងរឹងមាំ ជាមួយនឹងការរក្សាបាននូវកំណើនវិជ្ជមាន។ បើតាមឯកឧត្ដម វង្សី វិស្សុត កំណើននេះ បានមកដោយសារភាពរឹងម៉ាំនៃវិស័យផលិតកម្ម ការនាំចេញ និងការងើបឡើងវិញជាបណ្តើរៗ នៃវិស័យទេសចរណ៍ ព្រមទាំងការស្ទុះឡើងនៃសកម្មភាពសេដ្ឋកិច្ច និងការប្រើប្រាស់ក្នុងស្រុក។ ក៏ប៉ុន្តែ សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាតំបន់ និងពិភពលោក កំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជាកាន់តែខ្ពស់ជាងមុន ដោយសារហានិភ័យ និងបញ្ហាប្រឈមស្មុគស្មាញចាក់ស្រេះជាច្រើន ដូចជា ការអូសបន្លាយនៃសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាចក្នុងតំបន់អាស៊ី ការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល សន្ទុះកើនឡើងនៃអត្រាអតិផរណា ការតម្លើងអាត្រាការប្រាក់ និងប្រាក់ដុល្លារអាមេរិក និងបញ្ហាកង្វះថាមពល ព្រមទាំងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ​នៃការប្រែប្រួលអាកាសធាតុ ជាដើម។

បញ្ហាប្រឈម និងហានិភ័យខាងលើ អាចនឹងធ្វើឱ្យលំហូរពាណិជ្ជកម្ម វិនិយោគ និងមូលធនថមថយ ហើយផលិតភាពធ្លាក់ចុះ ប៉ុន្តែថ្លៃដើមផលិតនឹង​កើនឡើង ដែលនឹងដាក់សម្ពាធថែមទៀត​ដល់កំណើន អតិផរណា និងអត្រាការប្រាក់។

តើអ្វីខ្លះដែលជាដំណោះស្រាយ​របស់​រាជរដ្ឋាភិបាល​ ដើម្បីទប់ទល់នឹងហានិភ័យ ក៏ដូចជាកត្តាប្រឈមសេដ្ឋកិច្ចទាំងនេះ?

តាមការពន្យល់របស់ឯកឧត្តមវង្សី វិស្សុត ជាការពិតពិភពលោក និងតំបន់ ក៏ដូចជា កម្ពុជា គឺកំពុងស្ថិតក្នុងកាលៈទេសៈ​ដ៏លំបាក ក៏ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តខ្ពស់ ដើម្បីនាំកម្ពុជាឱ្យឆ្លងផុត​ពីស្ថានភាពដ៏លំបាកនេះ ហើយប្រែក្លាយ​ឱ្យទៅ​ជា​ឱកាស ក្នុងការស្តារ និងជំរុញសេដ្ឋកិច្ចឱ្យវិលត្រឡប់ទៅកាន់សក្តានុពល​​នៃកំណើនខ្ពស់ឡើងវិញ ទាំងក្នុងរយៈពេលខ្លី និងមធ្យម ក៏ដូចការកសាងភាពធន់ សម្រាប់ទ្រទ្រង់ដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព និងបរិយាប័ន្ន ក្នុងរយៈពេលវែង។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏នឹងបន្តកែទម្រង់រចនាសម្ព័ន្ធក្នុងវិស័យសំខាន់ៗ រួមមាន៖ ឡូជីស្ទីក កសិកម្ម អប់រំ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ អគ្គិសនី និងឌីជីថល ព្រមទាំងការកែលម្អបរិយាកាសវិនិយោគ និងធុរកិច្ច ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ចឱ្យកាន់តែខ្លាំងក្លា សំដៅបង្កើនសមត្ថភាពនាំចេញផង និងទាក់ទាញការវិនិយោគពីខាងក្រៅផង ពិសេសការវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់ និងនវានុវត្តន៍ ទាំងក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងទាំងក្នុងក្របខណ្ឌនៃការប្តូរទីតាំងវិនិយោគក្នុងតំបន់។

ជាមួយគ្នានោះ រាជរដ្ឋាភិបាល កម្ពុជា ក៏បានលើកកម្ពស់​សហគ្រិនភាព ដែលជាយុទ្ធសាស្ត្រយូរអង្វែងមួយ ក្នុងការបង្កើតតម្លៃ បង្កើនតម្លៃបន្ថែម និងការងារ សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច ក៏ដូចជា ធ្វើឱ្យកំណើនកាន់តែមានភាពធន់ និងមានចីរភាព ដើម្បីពង្រឹងភាពប្រកួតប្រជែងសេដ្ឋកិច្ចកម្ពុជាផង និងធ្វើពិពិធកម្មមូលដ្ឋាននៃកំណើនឲ្យកាន់តែរីកលូតលាស់ និងរឹងមាំថែមទៀត។

ជុំវិញស្ថានភាពសេដ្ឋកិច្ចកម្ពុជា ត្រូវបានសេដ្ឋវិទូរបស់ធនាគារពិភពលោកប្រចាំនៅកម្ពុជា​សម្តែងការព្រួយបារម្ភ ចំពោះសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣ថា នឹងមានកំណើនយឺតជាងអ្វីដែលគេធ្លាប់រំពឹងទុកកាលពីដើមឆ្នាំ២០២២។ ការព្រួយបារម្ភរបស់សេដ្ឋវិទូធនាគារពិភពលោកប្រចាំកម្ពុជា បែបនេះ ស្របពេលដែលរបាយការណ៍ថ្មីចុងក្រោយរបស់ធនាគារពិភពលោកបង្ហាញថា សេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញមែន តែក៏កំពុងជួបជាមួយនឹងឧបសគ្គពីខាងក្រៅច្រើនទៀត ដែលធ្វើឱ្យកម្ពុជាងាយរងគ្រោះក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍ ដូចជា ការបញ្ជាទិញធ្លាក់ចុះនៅចុងឆ្នាំ២០២២ ក្នុងវិស័យកាត់ដេរ និងផលិតផលមួយចំនួនទៀត ដែលធ្លាប់មានទីផ្សារនាំទៅប្រទេសគោលដៅ ដូចជា សហរដ្ឋអាមេរិក និងអឺរ៉ុប ខណៈកត្តាព្រួយបារម្ភមួយទៀត គឺវិស័យអចលនទ្រព្យដែលកំពុងមើលឃើញពីការស្រុតចុះ ក្រោយការស្ងប់ស្ងាត់វិនិយោគិនមកពីប្រទេសចិន។

របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាសម្រាប់ខែធ្នូ ឆ្នាំ២០២២ ធនាគារពិភពលោកព្យាករថាកម្ពុជាមានកំណើនសេដ្ឋកិច្ច ៤,៨%នៅក្នុងឆ្នាំ២០២២។ ក្នុងនោះការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតមានសន្ទុះកើនឡើង មួយផ្នែកដោយសារការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍។ ដោយឡែក កំណើនសេដ្ឋកិច្ចកម្ពុជា​ត្រូវបានព្យាករថានឹងកើន ៥,២%៕