(ភ្នំពេញ)៖ យ៉ាងហោចណាស់មានដេប៉ូ និងស្ថានីយប្រេងឥន្ធនៈជិត១ពាន់កន្លែងត្រូវបានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំរកឃើញលក់បន្លំគុណភាព និងបរិមាណក្នុងចំណោមស្ថានីយ និងដេប៉ូជាង៣ពាន់កន្លែង ដែលបានចុះត្រួតពិនិត្យក្នុងរយៈពេលជាង១១ខែកន្លងមកនេះ។ ម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ដែលប្រកបអាជីវកម្មមិនសុចរិតទាំងនោះ ត្រូវបានរងការព្រមាន និងពិន័យអន្តរការ ហើយក្នុងករណីមិនរាងចាលស្ថានីយ និងដេប៉ូទាំងនេះនឹងប្រឈមការព្យួរ ដកហូត ឬលុបចោលវិញ្ញាបនបត្រចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មផងដែរ។
ឯកឧត្តម ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា នៅក្នុងរយៈពេលជាង១១ខែកន្លងមកនេះមន្ត្រីអគ្គនាយកដ្ឋាន ក.ប.បបានចុះត្រួតពិនិត្យគុណភាព និងរង្វាស់រង្វាល់នៅតាមស្ថានីយនិងដេប៉ូប្រេងឥន្ធនៈចំនួនជាង៣ពាន់៦រយកន្លែង។ ក្នុងនោះមានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន៩៦៥កន្លែងត្រូវបានរកឃើញថា បានប្រកបអាជីវកម្មមិនសុចរិត តាមរយៈការលក់មិនគ្រប់លីត្រ និងបន្លំគុណភាព។
ចំនួននេះមានការកើនឡើងយ៉ាងគំហុកបើធៀបនឹងឆ្នាំ២០២១ ដោយកាលនោះ មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប រកឃើញស្ថានីយ និងដេប៉ូប្រេងឥន្ធនៈតែ៩១កន្លងប៉ុណ្ណោះបានប្រព្រឹត្តិកំហុស។ ក្នុងនោះដេប៉ូប្រេងឥន្ធនៈចំនួន៤៨ត្រូវបានរកឃើញលក់មិនគ្រប់លីត្រ, ដេប៉ូចំនួន៣៦លក់បន្លំគុណភាព និងដេប៉ូចំនួន៧លក់លើសតម្លៃកំណត់ដោយក្រសួង។ តែយ៉ាងណាក្នុងឆ្នាំ២០២១ក្រសួងបានចុះត្រួតពិនិត្យគុណភាពនិងរង្វាស់រង្វាល់នៅតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈបានតែ១៤៩កន្លែងប៉ុណ្ណោះ។
បើតាមឯកឧត្តម ផាន អូន ម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈដែលប្រកបអាជីវកម្មមិនសុចរិតខាងលើត្រូវបានរងការព្រមាន និងពិន័យអន្តរការណ៍ពីមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប ហើយក្នុងករណីមិនរាងចាលស្ថានីយ និងដេប៉ូទាំងនេះនឹងប្រឈមការព្យួរ ដកហូត ឬលុបវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬអាជ្ញាបណ្ណនៅក្រសួងពាណិជ្ជកម្ម។ ប៉ុន្ដែ ក្រសួងពាណិជ្ជកម្មមិនចង់អនុវត្តវិធានក្តៅបែបនេះនោះទេ។
សម្រាប់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំរូបនេះ ការ ធ្វើអាជីវកម្មមិនសុចរិតពាក់ព័ន្ធនឹងប្រេងឥន្ធនៈមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ការប្រកួតប្រជែងមិនស្មោះត្រង់ក្នុងពាណិជ្ជកម្មនោះទេ ថែមទាំងប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលទៀតផង។ ដូច្នេះគោលបំណងដែលមន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប ចុះត្រួតពិនិត្យនៅតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ គឺដើម្បីរួមចំណែកជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងធានាការប្រកួតប្រជែងដោយភាពស្មោះត្រង់ក្នុងការធ្វើពាណិជ្ជកម្មលើវិស័យប្រេងឥន្ធនៈនៅកម្ពុជា។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ផាន អូន នៅឆ្នាំ២០២៣ ខាងមុខ មន្ត្រីនៃអគ្គនាយកដ្ឋានក.ប.ប. នឹងបន្តចុះត្រួតពិនិត្យ និងចាត់វិធានការស្របតាមច្បាប់ និងឯកសារគតិយុត្តជាធរមាន ចំពោះស្ថានីយ និងដេប៉ូប្រេងឥន្ធនៈណាដែលធ្វើអាជីវកម្មមិនសុចរិត ដើម្បីការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់៕