ថ្ងៃនេះយើងទាំងអស់គ្នាដែលជា ចាងហ្វាង និពន្ធនាយក តំណាងសមាគម និងជាអ្នកដឹកនាំសារព័ត៌មានសរុបចំនួន ៩២ នាក់មកពី ៦០ អង្គភាពបានជួបជុំគ្នាក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ( វ.ន.ស.ក.) លើកទី១៩ ដើម្បីជជែកពិភាក្សា និងអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពី «ការពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា»។ ក្រោយពីបានពិភាក្សាយ៉ាងផុលផុសយើងទាំងអស់គ្នាបានអនុម័តសេចក្តីថ្លែងការណ៍រួមដែលមានអត្ថន័យដូចខាងក្រោម៖
១-វ.ន.ស.ក. យល់ឃើញថា ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មានពិតជាមានសារសំខាន់ណាស់ក្នុងការលើកស្ទួយតម្លៃរបស់អ្នកសារព័ត៌មាន និងជំនឿរបស់មហាជនមកលើសារព័ត៌មាន ជាពិសេសក្នុងបរិបទនៃការរីកដុះដាលខ្លាំងនៃសារព័ត៌មានអនឡាញ បណ្តាញសង្គម។
២-វ.ន.ស.ក. យល់ឃើញថា ក្លិប ឬសមាគមអ្នកសារព័ត៌មានដែលមានសព្វថ្ងៃ គ្មានឥទ្ធិពលគ្រប់គ្រាន់ក្នុងការតម្រង់ទិសអ្នកសារព័ត៌មានទាំងអស់ ឱ្យគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនឲ្យបានត្រឹមត្រូវនោះឡើយ ដោយសារតែក្លិប និងសមាគមទាំងអស់គ្មានសិទ្ធិស្របច្បាប់ ឬឥទ្ធិពលស្តីបន្ទោស ណែនាំ ព្រមានដល់អ្នកប្រកបអាជីពសារព័ត៌មាននៅពេលដែលពួកគេប្រព្រឹត្តខុស។
៣-វ.ន.ស.ក. យល់ឃើញថា គ្មាន បុគ្គល ណា ឬស្ថាប័នផ្សេងឯណាអាចមកដើរតួនាទីជំនួសអ្នកសារព័ត៌មានខ្លួនឯងក្នុងការតម្រែតម្រង់ ឬលើកស្ទួយតម្លៃវិជ្ជាជីវៈសារព័ត៌មានបានឡើយ។ ផ្ទុយទៅវិញសាធារណជន ឬស្ថាប័នដទៃតែងតែរិះគន់យ៉ាងខ្លាំងនៅពេលដែលអ្នកសារព័ត៌មានមួយចំនួនប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈ។
៤-វ.ន.ស.ក. យល់ឃើញថា ការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានមួយដែលមាន មុខងារច្បាស់លាស់ក្នុងការតម្រង់ទិស ដាក់ពិន័យ ក៏ដូចជាកែលម្អវិជ្ជាជីវៈសារព័ត៌មានពិតជាតម្រូវការចាំបាច់សម្រាប់ស្ថានភាពសារព័ត៌មាននៅកម្ពុជាបច្ចុប្បន្ន។
៥- ដោយសារ វ.ន.ស.ក, ធ្លាប់បានលើកប្រធានបទនេះមកពិភាក្សាងហើយកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ ក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១០ ហើយក្លិបអ្នកកាសែតកម្ពុជាធ្លាប់បានពិភាក្សាជាមួយដៃគូពាក់ព័ន្ធជាច្រើន និងក៏បានសិក្សាពីបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោកអំពីក្រុមប្រឹក្សាសារព័ត៌មាន ឬក្រុមប្រឹក្សាក្រុម សីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដូច្នេះ វ.ន.ស.ក. យល់ឃើញថា ក្លិបអ្នកកាសែតកម្ពុជាគួរតែបន្តបេសកកម្មនេះរហូតទទួល បានជោគជ័យ។ ៦- វ.ន.ស.ក, សូមអំពាវនាវដល់សមាគមអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ចូលរួមក្នុងក្រុមប្រឹក្សាក្រុមសីលធម៌ សារព័ត៌មាននេះ ហើយគាំទ្រដំណើរការក្រុមប្រឹក្សានេះឱ្យប្រព្រឹត្តទៅដោយរលូន និងប្រកបដោយប្រសិទ្ធភាព ពីព្រោះវាពិតជាមានសារសំខាន់ណាស់សម្រាប់ការលើកកម្ពស់គុណភាពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានទាំងអស់ ឲ្យទទួលបាននូវការគោរព ផ្តល់តម្លៃពីសាធារណជន និងអាជ្ញាធរគ្រប់មជ្ឈដ្ឋាន។
៧- វ.ន.ស.ក. យល់ឃើញថា បន្ទាប់ពីវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៩ បិទបញ្ចប់ ក្លិបអ្នកកាសែតកម្ពុជា នឹងដើរតួនាទីជាអ្នកសម្របសម្រួល និងពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យលទ្ធភាពរៀបចំបង្កើត ក្រុមប្រឹក្សាក្រុមសិលធម៌វិជ្ជាជីវៈសារព័ត៌មានមួយ។
៨- វ.ន.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងព័ត៌មានដែលតែងតែគាំទ្រនូវរាល់គំនិតផ្តួចផ្តើមរបស់ វ.ន.ស.ក. ជាពិសេសគំនិតផ្ដួចផ្ដើមស្តីពីការបង្កើតក្រុមប្រឹក្សាក្រុមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដើម្បីជាប្រយោជន៍ដល់អ្នកសារព័ត៌មានទាំងអស់។
៩- វ.ន.ស.ក. សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានផ្ដល់តម្លៃដល់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា និងបានយកឱកាសនេះចេញសារលិខិតផ្ញើជូន និពន្ធនាយក ចាងហ្វាង ក៏ដូចជាអ្នកប្រកបអាជីពវិជ្ជាជីវៈសារព័ត៌មាន ទាំងអស់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។