ភ្នំពេញ៖ «ល្ខោនខ្មែរ» រដូវកាលទី១ ឆ្នាំ២០២២ វិញ្ញាសា«ទម្រង់របាំក្បាច់បុរាណខ្មែរ» ជ័យលាភីលេខ០១ បានទៅលើក្រុមយុវជនមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ សម្តែងល្ខោនក្បាច់បុរាណរឿង រាមកេរ្តិ៍ ត្រង់ឈុត ព្រះរាមលើកទ័ពទៅក្រុងលង្ការ។ ជ័យលាភីលេខ០២ បានទៅលើក្រុមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប សម្តែងល្ខោនក្បាច់បុរាណ រឿងរាមកេរ្តិ៍ ត្រង់ឈុត រាមលក្ស្មណ៍ជប់លក្ស្មណ៍ និងជ័យលាភីលេខ០៣ បានទៅលើក្រុម ខ្ញុំស្រលាញ់វប្បធម៌ នៃស.ស.យ.ក ខេត្តកំពង់ស្ពឺ សម្តែងល្ខោនក្បាច់បុរាណ រឿងព្រះសមុត្រ នាងប៊ុតសុម៉ាលី ត្រង់ឈុត នាងប៊ុតសុម៉ាលី សម្លាប់យក្សរៃយកាន។
កម្មវិធីល្ខោនខ្មែរ រដូវកាលទី១ ឆ្នាំ២០២២នេះ បង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង គាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ក្នុងនោះដំណើរការនៃការប្រកួតរដូវកាលទី១នេះ គឺជាការប្រកួតតាមរយៈអនឡាញក្នុងដំណាក់កាលដំបូង និងចូលរួមប្រកួតផ្ទាល់នៅដំណាក់កាលបន្ទាប់ ចាប់ពីពេលដាក់ពាក្យ និងការផ្ញើវីដេអូ ដើម្បីធ្វើការវាយតម្លៃប្រកួតដោយផ្ទាល់ តាមវគ្គនីមួយៗ រហូតដល់វគ្គវេទិការបស់ខ្ញុំ។ កម្មវិធីនេះទៀតសោត បានប្រព្រឹត្តឡើងកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ និងបានបែងចែកជា៩ដំណាក់កាល។
ក្រោមវត្តមានលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។
នាឱកាសប្រគល់បណ្ណ ស្លាក និងពានរង្វាន់ជូនក្រុមជ័យលាភី ក្នុងវិញ្ញាសាទម្រង់របាំក្បាច់បុរាណខ្មែរ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា «ល្ខោនខ្មែរ» រដូវកាលទី១ ឆ្នាំ២០២២ វិញ្ញាសា«ទម្រង់របាំក្បាច់បុរាណខ្មែរ» គឺជាគំនិតផ្តួចផ្តើមថ្មីមួយទៀតរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង និយាយដោយ ប៉ុន្តែបើនិយាយជារួម គឺជារបស់សហភាពសហព័ន្ធយុវជនកម្ពុជាយើង ដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី និងគិតថាស.ស.យ.កទាំងមូល គឺជាដៃគូដ៏ធំបំផុតរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការលើកស្ទួយ ជ្រោងនូវតម្លៃវប្បធម៌របស់កម្ពុជា។
ចំណែកក្រុមយុវជនដែលចូលរួមប្រកួតប្រជែងតាំងពីវគ្គដំបូង រហូតដល់វគ្គផ្តាច់ព្រ័ត្រជាប់ និងទទួលបានជ័យលាភីពានរង្វាន់លេខ១ លេខ២ និងលេខ៣ បានបង្ហាញចំណាប់អារម្មណ៍រំភើបរីករាយមែនទែន ដែលក្រុមយុវជននីមួយៗ បានបង្ហាញពីសមត្ថភាពយ៉ាងល្អ និងទទួលបានជោគជ័យ តាមរយៈគណៈកម្មការផ្តល់ពិន្ទុយ៉ាងសុក្រិត្យ យុតិ្តធម៌ និងសូមគោរពអរគុណដល់គណៈកម្មការទាំង ០៤រូប និងអរគុណដល់ទស្សនិកជនដែលតែងតែជួយគាំទ្រក្រុមយុវជន និងល្ខោនខ្មែរ។
ជាចុងក្រោយលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា ក្រោយពីបានទស្សនា នៃការបង្ហាញពីសមត្ថភាពដ៏ល្អឥតខ្ចោះរបស់បេក្ខជន បេក្ខនារី គឺលោកជំទាវ ចង់ឲ្យអ្នកជាប់ជ័យលាភី លេខ១គ្រប់ៗគ្នា។ ប៉ុន្តែជ័យលាភីលេខ០១ គឺមានតែ១ប៉ុណ្ណោះ ហើយក្រុមយុវជន ដែលបង្ហាញនូវទេពកោសល្យនោះ គឺប្លែកៗគ្នាតែបនិ្តចបន្តួចប៉ុណ្ណោះទេ ដូច្នេះអ្វីដែលសំខាន់បំផុតនោះគឺ ការចូលរួម និងសុំលើកទឹកចិត្តឲ្យកម្មវិធីក្រោយៗទៀត ឲ្យមានចូលរួមពីយុវជនកាន់តែផុលផុសថែមទៀត ដូច្នេះជ័យលាភីលេខ១ លេខ២ និងលេខ៣ គង់តែមកដល់ម្តងម្នាក់ រៀងៗខ្លួនផងដែរ៕