(សៀមរាប)៖ ភ្ញៀវទេសចរបានចេញធ្វើដំណើរកម្សាន្ដភ្លូកទឹកភ្លូកដីនៅតាមគោលដៅទេសចរណ៍ និងរមណីដ្ឋាននានានៅទូទាំងប្រទេស ក្នុងឱកាសពិធីចូលឆ្នាំសកលឆ្នាំ២០២៣ ចំនួន២ថ្ងៃ កាលពីសប្ដាហ៍មុន ពោលគឺមានដល់ជាង២លាននាក់ឯណោះ មានការកើនឡើងជាង៧៦% ធៀបនឹងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២២។ នេះបើតាមតួលេខពីក្រសួងទេសចរណ៍។
ទោះបីថា ភ្ញៀវទេសចរបានចេញធ្វើដំណើរកម្សាន្តច្រើនឡើងវិញក្ដី ប៉ុន្តែអ្នកជំនាញ នៅតែចាត់ទុកកំណើននេះថា មិនទាន់វិលត្រឡប់ដូចមុនពេលកូវីដ១៩រាតត្បាតនៅឡើយ ដ្បិតថា ភ្ញៀវទេសចរដែលបានដើរកម្សាន្ដភាគច្រើន គឺជាភ្ញៀវក្នុងស្រុក ខណៈដែលភ្ញៀវទេសចរអន្តរជាតិនៅតែមានតិចតួច។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ រយៈពេល២ថ្ងៃ ពោលចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ មានភ្ញៀវទេសចរសរុបរហូតដល់ជាង ២លាននាក់ បានដើរកម្សាន្ត នៅតាមតំបន់ទេសចរណ៍ និងរមណីដ្ឋាននានាទូទាំងប្រទេស។ ក្នុងនោះ ភ្ញៀវជាតិមានប្រមាណ២លាននាក់ និងភ្ញៀវអន្តរជាតិមានត្រឹមតែជិត ១ម៉ឺន៧ពាន់នាក់ប៉ុណ្ណោះ។ ក្នុងនោះ រាជធានីភ្នំពេញ មានចំនួនភ្ញៀវទេសចរធ្វើដំណើរកម្សាន្ដច្រើនជាងគេ បន្ទាប់មកគឺខេត្តព្រះសីហនុ សៀមរាប និងខេត្តកំពតជាដើម។
បើតាម លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានបញ្ជាក់ឱ្យដឹងថា ចំនួនភ្ញៀវទេសចរដែលបានដើរកម្សាន្ដក្នុងឱកាសចូលឆ្នាំសកលឆ្នាំ២០២៣ នេះ ហាក់មិនសូវមានភាពខុសគ្នានោះទេ បើធៀបនឹងការដើរកម្សាន្ដក្នុងពិធីបុណ្យធំៗរបស់កម្ពុជា ដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យអុំទូកជាដើម។ ក្នុងន័យនេះ លោក អះអាងថា ស្ថានភាពភ្ញៀវទេសចរក្នុងស្រុក គឺមានដំណើរការជាប្រក្រតីដូចសព្វមួយដង ក៏ប៉ុន្តែចំពោះភ្ញៀវអន្តរជាតិហាក់នៅមានសម្ទុះតិចតួចនៅឡើយ។
យ៉ាងណាក៏ដោយចុះ លោក ធួន ស៊ីណាន បានបន្ថែមថា តាមរយៈចរន្តនៃការចេញដើរកម្សាន្ដរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងឱកាសចូលឆ្នាំសកល ២០២៣ នេះ លោក ហាក់មិនទាន់អាចសន្និដ្ឋានបាននោះទេថា នេះគឺជាសញ្ញាណល្អប្រសើរឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាឬយ៉ាងណានោះទេ ប៉ុន្តែលោក ជឿជាក់ថា វិស័យទេសចរណ៍កម្ពុជានឹងមានភាពល្អប្រសើរឡើងវិញជាបន្តបន្ទាប់ ប្រសិនជាមិនមានករណីអាក្រក់ណាមួយកើតឡើង ខណៈវិស័យទេសចរណ៍កម្ពុជាបច្ចុប្បន្នទើបតែងើបឡើងវិញបន្តិចម្តងៗនៅឡើយ។
ពាក់ព័ន្ធនឹងវិស័យទេសចរណ៍នេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ០២ ខែមករាឆ្នាំ២០២៣ បានប្រកាសថា កម្ពុជានឹងមិនមានការរឹតត្បិតអ្នកដំណើរដូចប្រទេសមួយចំនួននោះទេ បើទោះបីជា មានករណីឆ្លងរាតត្បាតកូវីដ១៩ កំពុងផ្ទុះឡើងនៅក្នុងប្រទេសចិនយ៉ាងណាក្ដី។ សម្តេច បានប្រកាសថា កម្ពុជានឹងទទួលស្វាគមនភ្ញៀវទេសចរណ៍ចិន ដោយមិនមានលក្ខណ្ឌតម្រូវពាក់ព័ន្ធនឹងវិធានការទប់ស្កាត់កូវីដ១៩ដូចប្រទេសនានាកំពុងធ្វើនោះឡើយ។ សម្តេចលើកឡើងថា វាក៏ជាឱកាសមួយដែរសម្រាប់កម្ពុជាក្នុងការទាក់ទាញភ្ញៀវទេសចរចិនកាន់តែច្រើន ចំពេលប្រទេសដ៏ទៃដាក់ការរឹតត្បិតនោះ។
តាមផែនការរបស់រដ្ឋាភិបាលចិន ប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ក្នុងពិភពលោកមួយនេះ នឹងចាប់ផ្ដើមបើកទ្វារប្រទេសទទួលអ្នកដំណើរអន្តរជាតិឡើងវិញ ដោយលែងតម្រូវឲ្យធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី ៨ ខែមករានេះតទៅហើយ។
សូមបញ្ជាក់ថា នៅរយៈពេល១១ខែ ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ១លាន៩សែននាក់ កើនឡើងជាង ១០០០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងនោះ ភ្ញៀវទេសចរដែលបានចូលមកកម្សាន្តនៅកម្ពុជា ច្រើនជាងគេ គឺភ្ញៀវទេសចរមកពីប្រទេសថៃ ដែលមានចំនួនជាង ៧២ម៉ឺននាក់ បន្ទាប់មកគឺភ្ញៀវទេសចរវៀតណាម មានជាង៤០ម៉ឺននាក់ ខណៈភ្ញៀវទេសចរចិន មានប្រមាណ ៩ម៉ឺននាក់។ ដោយឡែក នៅឆ្នាំ២០២៣ កម្ពុជារំពឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនជាង ៣លាននាក់ផងដែរ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
គួរជមម្រាបថា ក្នុងឱកាសពិធីចូលឆ្នាំសកលឆ្នាំ២០២៣ រាជធានីភ្នំពេញ មានទេសចរទៅកម្សាន្ដច្រើនជាងគេ រហូតដល់ជាង៤៥ម៉ឺននាក់ បន្ទាប់មកខេត្តខេត្តព្រះសីហនុ ជាប់ចំណាត់ថ្នាក់ទី២ មានទេសចរទៅកម្សាន្តជាង ៣៣ម៉ឺន៨ពាន់នាក់ និងទី៣ ខេត្តខេត្តសៀមរាប មានទេសចរទៅកម្សាន្តជាង ៣៣ម៉ឺន៧ពាន់នាក់ និងខេត្តផ្សេងៗទៀតផងដែរ៕