សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានបង្កឱ្យអតិផរណានៅទូទាំងពិភពលោកកើនឡើង រីឯប្រទេសអាល្លឺម៉ង់ក៏ស្ថិតក្នុងស្ថានភាពមិនខុសពីប្រទេសដទៃទៀតដែរ ទោះបីអាល្លឺម៉ង់ជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអឺរ៉ុបក៏ដោយ។ ប៉ុន្ដែរហូតមកទល់ចុងឆ្នាំ២០២២ នេះអតិផរណានៅ អាល្លឺម៉ង់ ហាក់ប្រសើរឡើងវិញបន្ដិចហើយ ក្រោយទទួលបានការជ្រោមជ្រែងពីរដ្ឋាភិបាលលើការទូទាត់ថ្លៃឧស្ម័នដល់ប្រជាពលរដ្ឋ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំងAFP។
នៅក្នុងខែធ្នូចុងឆ្នាំ២០២២ អតិផរណានៅអាល្លឺម៉ង់បានធ្លាក់ចុះម្តងទៀត ដែលជាការធ្លាក់ចុះក្នុងរយៈពេលពីរខែជាប់គ្នា ដោយសារតែមានការអន្តរាគមន៍ពីរដ្ឋាភិបាលក្រុងប៊ែរឡាំង។ នេះបើយោងតាមទិន្នន័យបឋមដែលបានបង្ហាញកាលពីថ្ងៃអង្គារ ទី៣ខែមករាឆ្នាំ២០២៣។
ទីភ្នាក់ងារស្ថិតិរដ្ឋសហព័ន្ធអាល្លឺម៉ង់បានឱ្យដឹងទៀតថា តម្លៃទំនិញប្រើប្រាស់នៅក្នុងប្រទេសមានសេដ្ឋកិច្ចកំពូលគេនៅអឺរ៉ុបមួយនេះ គឺស្ថិតក្នុងអត្រា ៨,៦% ដែលបានធ្លាក់ចុះពីអត្រា ១០%កាលពីខែវិច្ឆិកា ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ អត្រាអតិផរណានៅក្នុងប្រទេសអាល្លឺម៉ង់បានត្រឡប់មកនៅត្រឹមក្រោម ១០% ឡើងវិញជាលើកដំបូងចាប់តាំងពីខែសីហាមក ដែលការធ្លាក់ចុះនេះ គឺច្រើនជាងតួរលេខដែលអ្នកវិភាគបានរំពឹងទុកទៅទៀត។
ទីភ្នាក់ងារស្ថិតិរដ្ឋសហព័ន្ធដដែល បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្លាក់ចុះយ៉ាងខ្លាំងនៃអតិផរណានេះ គឺដោយសារតែបានរដ្ឋាភិបាលអាល្លឺម៉ង់បានជួយចេញថ្លៃឧស្ម័ននៅខែធ្នូ សម្រាប់ក្រុមគ្រួសារ និងអ្នកប្រកបអាជីវកម្ម។ លោកបន្ដទៀតថា ដោយសារតែជំនួយកាលពីខែធ្នូនេះ ដែលជាជំនួយភ្លាមៗនេះហើយ ទើបធ្វើឲ្យអត្រាអតិផរណា ទាបជាងខែមុនខ្លាំងបែបនេះ។
គួរជម្រាបថា សម្រាប់នៅពេញមួយឆ្នាំ ២០២២ កំណើនតម្លៃទំនិញប្រើប្រាស់របស់អាល្លឺម៉ង់បានឈានដល់ ៧,៩% ដែលជាចំនួនខ្ពស់បំផុតក្នុងកំណត់ត្រារាប់ចាប់ពីក្រោយសង្គ្រាមលោកលើកទីពីរមក។ មិនខុសពីប្រទេសផ្សេងទៀតនៅទូទាំងទ្វីបអឺរ៉ុបឡើយ តម្លៃទំនិញប្រើប្រាស់នៅប្រទេសអាល្លឺម៉ង់ រួមទាំងតម្លៃថាមពលអគ្គិសនី និងតម្លៃអាហារបានកើនឡើងដោយសារតែសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។
យ៉ាងណាមិញ សម្រាប់សេដ្ឋវិទូរបស់អាល្លឺម៉ង់ ទោះបីជាអត្រាអតិផរណាកាលពីខែធ្នូ មានភាពល្អប្រសើរក៏ពិតមែន តែតម្លៃរបស់ទំនិញហាក់នៅតែខ្ពស់ខ្លាំងដដែល មិនទាន់ថមថយដូចកម្រិតមុនពេលមានសង្គ្រាមនៅអ៊ុយក្រែនឡើយ។ ការអះអាងដូច្នេះក៏ដោយសារតែ ការឧបត្ថម្ភធនរបស់រដ្ឋាភិបាល គឺមិនមែនជាដំណោះស្រាយអចិន្ត្រៃយ៍ ចំពោះការកំណត់តម្លៃដ៏ថ្លៃរបស់ទំនិញបានរហូតនោះទេ៕