(ថៃ)៖ ប្រទេសថៃ គ្រោងនឹងចាប់ផ្តើមគិតថ្លៃសេវាប្រមាណ ៣០០បាត ឬប្រហែលស្មើនឹង ៩ដុល្លារអាមេរិក ពីភ្ញៀវទេសចរបរទេស ចាប់ពីខែមិថុនា ឆ្នាំ២០២៣ខាងមុខតទៅ។ បើតាមការបញ្ជាក់របស់រដ្ឋាភិបាលថៃ លុយដែលប្រមូលបាននេះ នឹងយកទៅជួយភ្ញៀវទេសចរ ក្នុងករណីដែលនរណាម្នាក់ជួបឧបទ្ទវហេតុអំឡុងពេលដើរលេងក្នុងប្រទេសខ្លួន និងយកទៅអភិវឌ្ឍតំបន់គោលដៅទេសចរណ៍ផងដែរ។ ទោះយ៉ាងណា ការគិតថ្លៃសេវាបន្ថែមនេះ ទំនងជាត្រូវបានគេបញ្ចូលបន្ថែមជាថ្លៃមួយសំបុត្រយន្តហោះតែម្តង។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Reuter។
លោក ភីផាត់ រ៉ាចហាគីតប្រាកាន់(Phiphat Ratchakitprakan) រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថៃ បាននិយាយថា ប្រាក់៩ដុល្លារនេះមិនមែនត្រូវប្រមូលពីជនបរទេសទាំងអស់ដែលចូលមកក្នុងប្រទេសថៃឡើយ។ សម្រាប់ជនបរទេសណា ដែលមានកាតធ្វើការងារក្នុងប្រទេសថៃ (Working Permit) និងកាតឆ្លងកាត់ព្រំដែន (Border Pass) នឹងមិនត្រូវបង់ថ្លៃសេវានេះបន្ថែមឡើយ។
បើតាមរដ្ឋមន្រ្តីរូបនេះដដែល ប្រទេសថៃ រំពឹងទទួលបានភ្ញៀវទេសចរប្រមាណ ២៥លាននាក់នៅក្នុងឆ្នាំ២០២៣នេះ។ ជាមួយគ្នានេះ ការចំណាយក្នុងវិស័យទេសចរណ៍ ត្រូវបានព្យាករថា នឹងឈានដល់ជាង៧១ពាន់លានដុល្លារ។
មែនទែនទៅ ផែនការកៀងគរលុយពីភ្ញៀវទេសចរនេះ គឺធ្វើឡើងតាំងពីឆ្នាំមុនមកម្ល៉េះស្របពេលមានករណីផ្ទុះរាតត្បាតកូវីដ១៩ ប្រភេទអូមីក្រុង ប៉ុន្តែការអនុវត្តត្រូវបានពន្យារពេល។ អាជ្ញាធរទេសចរណ៍ថៃ បានបញ្ជាក់កាលពីពេលនោះថា ក្នុងពេលដែលធានារ៉ាប់រងមិនមានសម្រាប់ភ្ញៀវទេសចរ នោះវាបានក្លាយជាបន្ទុករបស់អាជ្ញាធរក្រុងបាងកក ក្នុងការថែទាំពួកគេ។
សូមជម្រាបថា ថ្មីៗនេះប្រទេសថៃ បានចេញសេចក្តីណែនាំឡើងវិញ នូវការត្រួតពិនិត្យឯកសារ ចំពោះភ្ញៀវទេសចរបរទេស ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី៣១ខែមករា ដោយត្រូវបង្ហាញថា ពួកគេបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់២ដូស ឬលិខិតបង្ហាញពីការជាសះស្បើយពីជំងឺកូវីដ១៩ គិតចាប់តាំងពីខែកក្កដាឆ្នាំមុន។
វិធានការនេះ ស្របពេលដែលចិនបានបើកប្រទេសឡើងវិញ ក្រោយបញ្ចប់គោលនយោបាយសូន្យកូវីដ ដែលធ្វើឱ្យរដ្ឋាភិបាលថៃបារម្ភថា នឹងអាចមានករណីឆ្លងកើនឡើង តាមរយៈលំហូរទេសចរមកពីប្រទេសចិន។ ថៃរំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរចិនរហូតដល់ ៣០ម៉ឺននាក់ ត្រឹមរយៈពេល៣ខែនៃឆ្នាំ២០២៣នេះ និងដល់ ៥លាននាក់ក្នុងឆ្នាំនេះ៕