(អាមេរិក)៖ សភាអាមេរិក បានបោះឆ្នោតសម្រេចនៅថ្ងៃទី១២ខែមករាឆ្នាំ២០២៣ ដើម្បីរាំងខ្ទប់ប្រទេសចិនពីការទិញប្រេងស្តុកបម្រុងរបស់អាមេរិក។ ការបោះឆ្នោតនេះ បន្ទាប់ពីមើលឃើញថា ក្នុងរយៈពេលចុងក្រោយនេះ រដ្ឋបាល លោក ចូ បៃឌិន បានបញ្ចេញប្រេងបម្រុងលក់ និងប្រើប្រាស់ ដើម្បីទប់ទល់នឹងការឡើងថ្លៃប្រេង ដែលបង្កឡើងដោយការកាត់បន្ថយការផលិតប្រេងរបស់អង្គការប្រទេសអ្នកផលិតប្រេង OPEC រួមទាំងវិធានការបិទការទិញប្រេងរុស្ស៊ីផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AP។
ការបោះឆ្នោតលើវិធានការថ្មីនេះ នឹងហាមប្រាមរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ពីការលក់ប្រេងឆៅចេញពីស្តុកបម្រុងយុទ្ធសាស្រ្ត ទៅឱ្យក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋ ឬមានឥទ្ធិពលពីរដ្ឋាភិបាលទីក្រុងប៉េកាំង។
លោកស្រី ខាធី មេកម៉ូរីសរ៉ូជឺ(Cathy McMorris Rodger) ប្រធានគណៈកម្មាធិការថាមពល និងពាណិជ្ជកម្មរបស់សភាអាមេរិក បាននិយាយថា ច្បាប់នេះនឹងទៅបញ្ចប់អ្វីដែលលោកស្រី ហៅថា ជាការអនុវត្តគោលនយោបាយបំពានលើ ប្រេងបម្រុងយុទ្ធសាស្រ្ត ដោយប្រធានាធិបតី លោក ចូ បៃឌិន។ លោកស្រីបានចោទប្រកាន់លោកបៃឌិនថា បានប្រើប្រាស់ប្រេងបម្រុងនេះ ទៅបិទបាំងនូវគោលនយោបាយបរាជ័យរបស់លោក ហើយបានបណ្តាលឱ្យតម្លៃថាមពលឡើងថ្លៃ និងអតិផរណាកើនឡើង។
តំណាងរាស្រ្តមកពីគណបក្សសាធារណរដ្ឋរូបនេះ បានអះអាងទៀតថា ការលក់ប្រេងបម្រុងឱ្យចិន គឺបានគំរាមដល់សន្តិសុខជាតិ និងសន្តិសុខថាមពលរបស់អាមេរិក ហើយសកម្មភាពនេះត្រូវបញ្ឈប់ជាបន្ទាន់។
គួររំលឹកថា កាលពីឆ្នាំ២០២២ ប្រេងប្រមាណ ១៨០លានបារ៉ែលត្រូវបានដកចេញពីស្តុកបម្រុងយុទ្ធសាស្រ្តរបស់អាមេរិក ដោយរដ្ឋបាលលោក ចូ បៃឌិន ដើម្បីបង្អាក់ការកើនឡើងតម្លៃប្រេង ដោយសារតែអង្គការ OPEC កាត់បន្ថយការផលិតប្រេង និងនៅបន្ទាប់ពីអាមេរិកបានហាមឃាត់លើការនាំចូលប្រេងរបស់រុស្ស៊ី ក្រោយការឈ្លានពានទៅលើអ៊ុយក្រែន។ ការធ្វើបែបនេះ បណ្តាលឱ្យកម្រិតស្តុកប្រេងរបស់អាមេរិក បានធ្លាក់ចុះទាបបំផុតចាប់តាំងពីទសវត្សរ៍ទី៨០មក។ ជុំវិញបញ្ហានេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីងតោន បានបញ្ជាក់កាលពីខែមុនថា ខ្លួននឹងចាប់ផ្តើមបង្កើនការស្តុកប្រេងរបស់ខ្លួនឡើងវិញ ខណៈតម្លៃប្រេងបានថយចុះ។
យ៉ាងណាមិញ ក្រសួងថាមពលបានបញ្ជាក់ថា រដ្ឋបាលលោក ចូ បៃឌិន គឺមានសិទ្ធិក្នុងការប្រើប្រាស់ប្រេងបម្រុងយុទ្ធសាស្រ្តនេះ ដើម្បីដោះស្រាយបញ្ហាអាក់ខាននៃការផ្គត់ផ្គង់ ក៏ដូចជាជួយសម្រាលបន្ទុករបស់គ្រួសារអាមេរិក។ បើតាមការប៉ាន់ស្មាន ការបញ្ចេញប្រេងពីស្តុកបម្រុងនេះ គឺបានបន្ទាបតម្លៃប្រេងលើទីផ្សាររហូតដល់ ៤០%។ គិតចាប់តាំងពីឆ្នាំ២០១៧មក ប្រេងភាគច្រើន ដែលយកចេញពីប្រេងបម្រុងទុក គឺត្រូវបានលក់ទៅឱ្យក្រុមហ៊ុនអាមេរិកតែប៉ុណ្ណោះ ចំណែកការលក់ទៅប្រទេសចិននោះ គឺមានតិចជាង ៣%៕