(ថៃ)៖ ក្រុមប្រឹក្សាវិនិយោគថៃបានឱ្យដឹងកាលពីពេលថ្មីៗនេះថា ប្រទេសថៃគឺជាគោលដៅវិនិយោគគ្រឿងអេឡិចត្រូនិក និងរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ប្រទេសចិន ខណៈដែលក្រុមវិនិយោគិនមកពីប្រទេសដែលមានសេដ្ឋកិច្ចធំទី២នៅក្នុងពិភពលោកមួយនេះ បានចាក់បញ្ចូលដើមទុនចំនួន ២ពាន់រយលានដុល្លារទៅក្នុងឧស្សាហកម្មសំខាន់ៗទាំងនេះ នៅក្នុងប្រទេសថៃកាលពីឆ្នាំ២០២២។ នេះគឺជាការវិនិយោគដ៏ច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល ៣ ឆ្នាំមកនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei។
លើកចុងក្រោយបំផុតដែលចិនឈរនៅតំណែងកំពូលតារាងនៃការវិនិយោគក្នុងឧស្សាហកម្មផលិតគ្រឿងអេឡិចត្រូនិក និងរថយន្ដអគ្គិសនីនៅប្រទេសថៃ គឺកាលពីឆ្នាំ២០១៩នៅពេលដែលក្រុមហ៊ុនអ្នកផលិតមួយចំនួនបានព្យាយាមការពារខ្សែចង្វាក់ផ្គត់ផ្គង់របស់ពួកគេពីសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។ ប្រទេសថៃ និងវៀតណាមស្ថិតក្នុងចំណោមប្រទេសធំៗដែលទទួលបានផលប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្មមួយនេះ ប៉ុន្តែតំណែងកំពូលនេះបានរបូតពីដៃ មកឱ្យប្រទេសជប៉ុនកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១។
លោក ណារីត ធឺស្ទៀរ៉ាសុកឌី(Narit Therdsteerasukdi) ក្រុមប្រឹក្សាវិនិយោគថៃបាននិយាយថា ការកើនឡើងនូវការដាក់ពាក្យសុំវិនិយោគដែលថៃទទួលបាននៅឆ្នាំ២០២២នេះ គឺមួយផ្នែកធំបានមកពីក្រុមហ៊ុនឈានមុខគេក្នុងពិភពលោកមួយចំនួនដូចជាក្រុមហ៊ុន BYD Auto ក្រុមហ៊ុន Foxconn និងក្រុមហ៊ុន Amazon Web Services ដែលបង្ហាញពីទំនុកចិត្តរបស់ពួកគេ ចំពោះប្រទេសថៃថាជាទីតាំងដែលរឹងមាំ និងមានភាពងាយស្រួលដល់ការវិនិយោគក្នុងឧស្សាហកម្មនាពេលអនាគត។
លោក ណារីត បន្តថា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងទស្សនវិស័យសេដ្ឋកិច្ចសកលបច្ចុប្បន្នកំពុងធ្វើឱ្យក្រុមវិនិយោគិនស្វែងរកតំបន់វិនិយោគប្រកបដោយសុវត្ថិភាពដែលផ្តល់ឱកាសដ៏សំខាន់សម្រាប់ប្រទេសថៃក្នុងការចាប់យកពេលវេលានេះ ដើម្បីទាក់ទាញក្រុមហ៊ុនឱ្យបង្កើត ឬផ្លាស់ប្តូរទីស្នាក់ការកណ្តាលក្នុងតំបន់របស់ពួកគេឱ្យទៅកាន់ប្រទេសថៃ។
ស្របពេលដែលប្រទេសជប៉ុនបានសន្យាវិនិយោគសម្រាប់គម្រោងជាច្រើនទៀតនោះ ការវិនិយោគរបស់ចិននៅតែហូរចូលទៅកាន់វិស័យអេឡិចត្រូនិច និងការផលិតរថយន្ត។
គួរជម្រាបថា អាមេរិកឈរនៅចំណាត់ថ្នាក់ទី៣ ដែលបានវិនិយោគច្រើនបំផុតនៅថៃ ជាមួយទឹកប្រាក់វិនិយោគចំនួន ៦ពាន់រយលានដុល្លារសម្រាប់គម្រោងចំនួន ៣៣គម្រោង។ កោះតៃវ៉ាន់ឈេនៅចំណាត់ថ្នាក់កំពូលទី៤ក្នុងតម្លៃវិនិយោគជិត ១ពាន់៤រយលានដុល្លារជាមួយការវិនិយោគពីក្រុមហ៊ុន Delta Electronics និងក្រុមហ៊ុន Foxconn ជាដើម។ ចំណែកសិង្ហបុរីបានធ្លាក់មកនៅលេខ ៥ ជាមួយការវិនិយោគជាង ១ពាន់៣រយលានដុល្លារ។
គ្រឿងអេឡិចត្រូនិក និងគ្រឿងបង្គុំអគ្គិសនីជាការវិនិយោគនាំមុខគេជាមួយទុនវិនិយោគចំនួនជិត ៤ពាន់លានដុល្លារ។ ឧស្សាហកម្មរថយន្តទទួលបានការវិនិយោគសរុបជិត៤ពាន់លានដុល្លារ ដែលក្នុងនោះខ្សែចង្វាក់ផ្គត់ផ្គង់រថយន្តអគ្គិសនីបានទាក់ទាញការដាក់ពាក្យសុំវិនិយោគក្នុងតម្លៃជាង ១ពាន់៦រយលានដុល្លារ។
សូមជម្រាបថា ក្រុមប្រឹក្សាភិបាលថៃ ទើបនឹងបានអនុម័តផែនការរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD សម្រាប់រោងចក្រផលិតអាគុយក្នុងប្រទេសថៃ។ រោងចក្រដែលមានតម្លៃជាង ១១៨ លានដុល្លារនេះនឹងផលិតអាគុយសម្រាប់រថយន្តអគ្គិសនី និងរថយន្ត Hybrid សម្រាប់ទីផ្សារប្រទេសថៃ និងការនាំចេញផងដែរ។ ក្រុមហ៊ុន BYD កាលពីឆ្នាំមុនបានប្តេជ្ញាចិត្តវិនិយោគជាង ៥៤៥ លានដុល្លារដើម្បីបើករោងចក្រផលិតរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅខាងក្រៅប្រទេសចិន គឺនៅក្នុងប្រទេសថៃផងដែរ៕