(ឥណ្ឌា)៖ គិតត្រឹមឆ្នាំ ២០២២ចំនួនប្រជាជនរបស់ប្រទេសចិនបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល៦ទសវត្សរ៍ចុងក្រោយនេះ ដែលវាជាការធ្លាក់ចុះជាប្រវត្តិសាស្ត្រ ដោយបានបង្ហាញយ៉ាងច្បាស់ថា អនាគតនៃប្រទេសយក្សសេដ្ឋកិច្ចមួយនេះទំនងជាមិនអាចសម្រេចបានក្តីសុបិនក្នុងការដណ្តើមយកកៅអីនៃប្រទេសសេដ្ឋកិច្ចលេខមួយពីដៃសហរដ្ឋអាមេរិកនោះទេ។ ចំណែកឯ ប្រទេសឥណ្ឌាវិញ ត្រូវបានគេព្យាករណ៍ថា នឹងអាចវ៉ាផុតចំនួនប្រជាជនចិន នៅក្នុងឆ្នាំ២០២៣នេះតែម្តង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិនបានរាយការណ៍កាលពីពេលថ្មីៗនេះថា ចំនួនប្រជាជនចិនបានធ្លាក់ចុះប្រហែល៨៥ម៉ឺននាក់កាលពីឆ្នាំ២០២២ ក្នុងចំណោមប្រជាជនសរុបជាង ១ពាន់៤រយលាននាក់។ នេះជាការធ្លាក់ចុះជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៦១មក ដែលជាឆ្នាំចុងក្រោយនៃគ្រោះទុរ្ភិក្សដ៏អាក្រក់របស់ប្រទេសចិន ដោយសារតែបដិវត្តន៍វប្បធម៌។
ការណ៍នេះហើយប្រហែលជានឹងធ្វើឱ្យប្រទេសឥណ្ឌាក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកជំនួសចិនវិញ។ អ្នកជំនាញរបស់អង្គការសហប្រជាជាតិបានព្យាករណ៍កាលពីឆ្នាំមុនថា ប្រទេសឥណ្ឌានឹងមានប្រជាជនសរុបជាង ១ពាន់៤រយលាននាក់នៅឆ្នាំ២០២២។
បើយោងតាមទិន្នន័យចេញផ្សាយកាលពីថ្ងៃអង្គារទី១៧មករា ដដែលនោះក៏បានបង្ហាញផងដែរថា អត្រាកំណើតនៃប្រជាជនរបស់ប្រទេសចិនបានធ្លាក់ដល់កម្រិតទាបបំផុតក្នុងកំណត់ត្រានាពេលកន្លងមក។ ខណៈដែលគូស្វាមីភរិយាជាច្រើនបានជ្រើសរើសមិនបង្កើតកូននៅចំពេលនៃជំងឺរាតត្បាតកូវីដ១៩នេះ និងក៏ដូចជាអត្រាមរណភាពបានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០។
ជាមួយគ្នានេះ ការធ្លាក់ចុះចំនួនប្រជាជនបានធ្វើឱ្យមន្ត្រីក្នុងប្រទេសចិន ព្រមទាំងអ្នកតាមដានប្រជាសាស្ត្រមានការភ័យខ្លាចថា ប្រទេសយក្សសេដ្ឋកិច្ចធំផុតលេខទី២របស់ពិភពពលោកមួយនេះកំពុងជួបនឹងវិបត្តិធំមួយទៀតគឺវិបត្តិប្រជាសាស្ត្រ ហើយក៏អាចទាញសេដ្ឋកិច្ចពិភពលោកទាំងមូលទៅរកឱនភាពផងដែរ។
តើការធ្លាក់ចុះចំនួនប្រជាជននេះកំពុងមានន័យបែបណាចំពោះអនាគតនៃប្រទេសចិន?
អត្រាកំណើតរបស់ប្រទេសចិនកាលពីឆ្នាំមុនមានត្រឹមតែជាង៦% ប៉ុណ្ណោះក្នុងមនុស្ស១ពាន់នាក់ ធ្លាក់ចុះពីកំណើនជាង ៧,៥២% ក្នុងឆ្នាំ២០២១ ហើយឆ្នាំនេះជាអត្រាទាបបំផុតក្នុងកំណត់ត្រា។ ជាមួយគ្នានេះដែរ អត្រាមរណភាពរបស់ប្រទេសចិនបានឈានដល់ជាង៧%ក្នុងចំណោមមនុស្ស ១ពាន់នាក់ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
អង្គការសហប្រជាជាតិរំពឹងថា ចំនួនប្រជាជនរបស់ប្រទេសចិននឹងធ្លាក់ចុះចំនួន១០៩លាននាក់នៅឆ្នាំ២០៥០ ច្រើនជាងការព្យាករណ៍របស់ខ្លួនកាលពីឆ្នាំ២០១៩ ចំនួន៣ដង។ ការណ៍នេះក៏បង្កើនការភ័យខ្លាចអំពីការធ្លាក់ចុះនៃកម្លាំងពលកម្មផងដែរ ដោយវានឹងប៉ះពាល់ដល់សេដ្ឋកិច្ច និងបំណុលរបស់រដ្ឋាភិបាល ខណៈដែលប្រទេសនេះកំពុងជួបផលវិបាកក្នុងការចំណាយលើថ្លៃសុខភាព និងសុខុមាលភាពសង្គមស្រាប់ទៅហើយនោះ។
សម្រាប់រយៈពេលវែង អ្នកជំនាញខាងប្រជាសាស្ត្រមើលឃើញថា ចំនួនប្រជាជនចិនធ្លាក់ចុះ ១០៩លាននាក់នៅឆ្នាំ២០៥០ នេះគឺមិនមែនបណ្តាលមកពីគោលនយោបាយកូនតែមួយដែលដាក់ចេញនៅចន្លោះឆ្នាំ១៩៨០និង២០១៥តែមួយមុខនោះទេ។ លោកបណ្ឌិត John Donaldson សាស្ត្រាចារ្យរងផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាលាវិទ្យាសាស្ត្រសង្គមនៃសាកលវិទ្យាល័យគ្រប់គ្រងសិង្ហបុរីបាននិយាយថា គោលនយោបាយនេះបានដំណើរការយ៉ាងល្អក្នុងការកាត់បន្ថយអត្រាកំណើនប្រជាជន ជាពិសេសនៅក្នុងទីក្រុងធំៗនៃប្រទេសចិន។
បើតាម លោកស្រី Yue Su សេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច (Economist Intelligence Unit) បាននិយាយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ អត្រាកំណើតកូនដំបូងក្នុប្រទេសចិនបានធ្លាក់ចុះយ៉ាងឆាប់រហ័ស ដោយសារតែការពន្យារពេលនៃអាពាហ៍ពិពាហ៍ និងផែនការសម្រាលកូន។ អត្រាអត់ការងារធ្វើរបស់យុវជន និងភាពទន់ខ្សោយនៃការរំពឹងទុកប្រាក់ចំណូលក៏អាចពន្យារផែនការរៀបការ និងសម្រាលកូនបន្ថែមទៀតផងដែរ៕