Alynana Media Cambodia
Icon Collap
clinic narit

តើក្រោយបុណ្យចូលឆ្នាំចិន ភ្ញៀវទេសចរជនជាតិចិននឹងចូលមកកម្ពុជាកាន់តែច្រើន ឬក៏យ៉ាងណា?

Admin Alynana | Jan 24, 2023
តើក្រោយបុណ្យចូលឆ្នាំចិន ភ្ញៀវទេសចរជនជាតិចិននឹងចូលមកកម្ពុជាកាន់តែច្រើន ឬក៏យ៉ាងណា?
Clinic narith

(ភ្នំពេញ)៖ បើទោះបីប្រទេសចិនបើកព្រំដែនឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរអាចធ្វើដំណើរចេញចូលដោយមិនចាំបាច់ធ្វើចត្តាឡីស័កក៏ដោយ តែលំហូរភ្ញៀវទេសចរជនជាតិចិនចូលមកកម្ពុជា នៅមិនទាន់មានការកើនឡើងគួរឲ្យកត់សម្គាល់នោះទេ ពោលគឺនៅមានចំនួនតិចតួចនៅឡើយ។ យ៉ាងណាក៏ដោយ អ្នកជំនាញក្នុងវិស័យទេសចរណ៍រំពឹងថា ចំនួនភ្ញៀវទេសចរចិនចូលមកកម្ពុជានឹងមានការកើនឡើងខ្លាំង ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមរួច ព្រោះជនជាតិចិនមានត្រណមមិនធ្វើដំណើរចេញក្រៅប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់ខ្លួននោះទេ។

ទោះជាបែបនេះក្ដី កំណើនភ្ញៀវទេសចរចិនចូលមកកម្ពុជាអាចសម្រេចទៅបាន គឺអាស្រ័យលើប្រទេសទាំងពីរមានការបង្កើនជើងហោះហើរត្រង់បន្ថែមទៀត។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាមានសុទិដ្ឋិនិយមខ្ពស់ចំពោះសក្តានុពលកម្ពុជាក្នុងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរចិនចូលមកសម្លឹងឱកាសវិនិយោគ និងដើរកម្សាន្តនៅកម្ពុជា បន្ទាប់ពីប្រទេសនេះ បានប្រកាសបើកប្រទេសឲ្យធ្វើដំណើរជាអន្តរជាតិឡើងវិញ ដោយមិនចាំធ្វើចត្តាឡីស័ក។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ចំនួនភ្ញៀវទេសចរចិន ចូលមកកម្សាន្តនៅកម្ពុជានៅមាន​ចំនួនតិចតួច​នៅឡើយ បើទោះបីជាចិនបានបើកឲ្យប្រជាពលរដ្ឋនិងដំណើរអន្តរជាតិដំណើរចេញចូលតាំងពីថ្ងៃទី៨ ខែមករា កន្លងមកក្តី។ តែយ៉ាងណាអ្នកជំនាញរូបនេះជឿជាក់ថា ចំនួនភ្ញៀវទេសចរចិនចូលមកកម្ពុជានឹងមានការកើនឡើងខ្ពស់នៅក្រោយថ្ងៃពិធីបុណ្យចូលឆ្នាំចិន ព្រោះជនជាតិចិនមានត្រណមមិនធ្វើដំណើរចេញក្រៅប្រទេសក្នុងឱកាសបុណ្យប្រពៃណីរបស់ខ្លួននោះទេ។

ការជឿជាក់បែបនេះធ្វើឡើងក្រោយលោកស្រី ឆាយ ស៊ីវលីន សង្កេតឃើញថា ក្រោយចិនបើកប្រទេសឡើងវិញមានភ្ញៀវទេសចរចិនជាច្រើនបានបង្ហាញការចាប់អារម្មណ៍ និងសួរនាំព័ត៌មានពាក់ព័ន្ធតំបន់ទេសចរណ៍ និងតម្លៃ នៃការធ្វើដំណើរកម្សាន្ដមកកាន់ប្រទេសកម្ពុជា។ ទោះយ៉ាងណា លោកស្រីសង្កត់ធ្ងន់ថា លំហូរភ្ញៀវទេសចរជនជាតិចិនចូលមកកម្ពុជាអាចមានកំណើនខ្ពស់ទៅបាន គឺវាអាស្រ័យលើប្រទេសទាំងពីរមានការបង្កើន​ជើងហោះហើរត្រង់បន្ថែមរវាងគ្នានិងគ្នា។

ពាក់ព័ន្ធជើងហោះហើររវាងកម្ពុជា-ចិននេះ ឯកឧត្តម ស៊ីន​ ចាន់សិរីវុត្ថា​ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា មកទល់ពេលនេះប្រទេសទាំងពីរមិនទាន់មានការបន្ថែមជើងហោះហើរច្រើននៅឡើយទេ ពោលគឺនៅមួយសប្តាហ៍នៅមាន ១៥ជើងដដែល។ ទោះបីយ៉ាងនេះក្តី ឯកឧត្តម អះអាងថា មានក្រុមហ៊ុនមួយចំនួនបានបង្ហាញចេតនាចង់សុំចំណតបម្រុងបន្ថែម សម្រាប់ជើងហោះហើរទៅមកកម្ពុជាចិន។ មន្ត្រីជាន់ខ្ពស់រូបនេះរំពឹងថា ចំនួនអ្នកដំណើរជនជាតិចិនចូលមកកម្ពុជានឹងមានការកើងឡើង នៅក្រោយថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម។

ពាក់ព័ន្ធសេវាកម្មទេសចរណ៍លោកស្រី ឆាយ ស៊ីវលីន បានគូសបញ្ជាក់ថា បើទោះបីវិស័យទេសចរណ៍កម្ពុជារងផលប៉ះពាល់ខ្លាំងពីវិបត្តិកូវីដ-១៩ ហើយកំពុងស្ថិតក្នុងដំណាក់កាលងើបឡើងវិញក៏ដោយ តែកម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជនជាតិចិន។

បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៅឆ្នាំ២០២២កន្លងទៅថ្មីៗកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង២លាន២សែននាក់កើនឡើងជាង ១ពាន់ភាគរយ បើធៀបនឹងឆ្នាំ២០២១ ក្នុងនោះភ្ញៀវទេសចរជានជាតិចិនមានជាង១០ម៉ឺននាក់ ឈរលេខរៀងទី៣ បន្ទាប់ពីថៃដែលមាន៨៥ម៉ឺននាក់ និងវៀតណាមជាង៤៦ម៉ឺននាក់។ កាលមិនទាន់មានការឆ្លងជំងឺកូវីដ-១៩ ពោលគឺនៅឆ្នាំ២០១៨ និង២០១៩ ចិនបានឈរកំពូលតារាង​មានភ្ញៀវទេសចរអន្តរជាតិ​មកកម្សាន្ត​នៅកម្ពុជា​ច្រើនជាងគេ ក្នុងនោះឆ្នាំ២០១៨មានជិត២លាននាក់ និងឆ្នាំ២០១៩ មានជាង២លាននាក់៕