(សេអ៊ូល, កូរ៉េខាត្បូង)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញ និងលើកទឹកចិត្តឱ្យកូរ៉េខាងត្បូង វិនិយោគលើការកែច្នៃ និងវេចខ្ចប់ផលិតផលនៅកម្ពុជា។
លោក ប៉ាន សូរស័ក្តិ បានជំរុញបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក YU Jeoung Yeol ប្រធាន ទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និង វិនិយោគកូរ៉េ (KOTRA) និងសហការី នៅទីស្នាក់ការកណ្តាល KOTRA កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ក្នុងជំនួបនោះលោករដ្ឋមន្ត្រី បានកោតសរសើរយ៉ាងខ្លាំងចំពោះតួនាទី និងការរួមចំណែករបស់ KOTRA ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីការចូលជាធរមាន នៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) និងបានបញ្ជាក់ថា ពេលវេលានេះ ជាពេលវេលាសមស្របដើម្បីពិភាក្សាលើការជម្រុញពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងបង្កើនការប្រើប្រាស់កិច្ចព្រមព្រៀង CKFTA។
លោករដ្ឋមន្ត្រី ក៏បានសំណូមពរឱ្យភាគីកូរ៉េ ជួយវិនិយោគលើការកែច្នៃ និងវេចខ្ជប់លើកសិផលសំខាន់ៗរបស់កម្ពុជា រួមមាន ដំទ្បូងមី មៀន កៅស៊ូ ចេក ទុរេន ស្វាយ និងផ្លែឈើត្រូពិចដទៃទៀត ដើម្បីជំរុញការនាំចេញកសិផលដ៏សម្បូរបែប និងមានគុណភាពរបស់កម្ពុជាជូនប្រជាជនកូរ៉េ។
លោកប្រធាន YU Jeoung Yeol បានជម្រាបជូនលោករដ្ឋមន្ត្រី និងគណៈប្រតិភូ ថា KOTRA មានជំនឿយ៉ាងមុតមាំ តាមរយៈកិច្ចព្រមព្រៀង CKFTA នឹងជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ហើយដែលអាចជំរុញឱ្យមានការកើនឡើងនៅកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកទេសឌីជីថល និងកសិកម្មជាដើម។
លោកប្រធានបន្តថា បច្ចុប្បន្នក្រុមហ៊ុនកូរ៉េជាង ២០០ក្រុមហ៊ុន កំពុងវិនិយោគនៅកម្ពុជា ហើយ KOTRA កំពុងកៀរគរអ្នកវិនិយោគបន្ថែមទៀតជាពិសេស លើវិស័យខាងលើ និងវិស័យគ្រឿងបន្លាស់យានយន្ត ឬរថយន្ត និងវត្ថុធ្វើពីឈើ៕