(កំពត)៖ ប្រធានសមាគមម្រេចកំពត បានអះអាងថា នៅពេញមួយឆ្នាំ២០២២ ការនាំចេញម្រេចកំពតសម្រេចបានត្រឹមតែប្រមាណ ៨២តោន ប៉ុណ្ណោះ ខណៈកាលពីឆ្នាំ ២០២១ ម្រេចកំពតសម្រេចបានការនាំចេញសរុបរហូតដល់ជាង ១០០តោនឯណោះ។ ទន្ទឹមនឹងការនាំចេញធ្លាក់ចុះនេះ ក៏មានខាងក្រុមហ៊ុនបញ្ជាទិញមួយចំនួន បានស្នើឲ្យសមាគមលក់ម្រេចកំពតបញ្ចុះតម្លៃទាបជាងមុនផងដែរ ខណៈដែលជាច្រើនឆ្នាំមកនេះ តម្លៃទីផ្សារម្រេចកំពត គឺមិនដែលមានការប្រែប្រួលនោះទេ គឺមានចន្លោះពី ១៥ ទៅដល់២៨ដុល្លារក្នុងមួយគីឡូក្រាមទៅតាមប្រភេទម្រេចនីមួយៗ។
បើតាមប្រធានសមាគមម្រេចកំពត គូសបញ្ជាក់ថា ការនាំចេញម្រេចកំពតធ្លាក់ចុះនេះ គឺដោយសារបញ្ហាសង្រ្គាម និងបញ្ហាអតិផរណាកើនឡើងនៅអឺរ៉ុប និង ការប្រែប្រួលរូបិយបណ្ណធៀបនឹងប្រាក់ដុល្លាអាមេរិកជាដើម។
លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត បានអះអាងថា ដោយសារបញ្ហាសង្រ្គាមនៅអ៊ុយក្រែន បានធ្វើឲ្យអតិផរណានៅអឺរ៉ុបកើនខ្ពស់ និងបញ្ហាការប្រែប្រួលរូបិយបណ្ណធៀបនឹងប្រាក់ដុល្លាអាមេរិកផងនោះ បានធ្វើឲ្យការនាំចេញម្រេចកំពតទៅកាន់ទីផ្សារអឺរ៉ុប ក៏ដូចជាទីផ្សារដទៃទៀតនៅក្នុងឆ្នាំ២០២២ កន្លងទៅនេះ ហាក់មានការថយចុះជាងមុនប្រមាណ ២០%។ ជាក់ស្តែង នៅពេញមួយឆ្នាំ២០២២ ការនាំចេញម្រេចកំពតសម្រេចបានត្រឹមតែប្រមាណ ៨២តោន ប៉ុណ្ណោះ ខណៈកាលពីឆ្នាំ ២០២១ សម្រេចបានការនាំចេញសរុបរហូតដល់ជាង ១០០តោនឯណោះ។
បើតាម ប្រធានសមាគមម្រេចកំពតរូបនេះ លោកមិនទាន់អាចប៉ាន់ប្រមាណបាននោះទេថា នៅឆ្នាំ២០២៣នេះ ការនាំចេញម្រេចកំពត អាចមានភាពល្អប្រសើរឡើងវិញ ឬយ៉ាងណានោះទេ ដោយសារតែស្ថានភាពពិភពលោកបច្ចុប្បន្ននៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ។ តួយ៉ាង សម្រាប់ឆ្នាំ២០២៣នេះ នៅមិនទាន់មានក្រុមហ៊ុនបញ្ជាទិញណាមួយបានធ្វើការចុះកុងត្រាទិញម្រេចកំពតជាមួយប្រជាកសិករនៅឡើយនោះទេ គិតមកទល់ពេលនេះ។
ខណៈការបញ្ជាទិញមានភាពយឺតយ៉ាវនោះ ក៏ក្រុមហ៊ុនមួយចំនួន ក៏បានស្នើសុំឱ្យមានការលក់ចុះថ្លៃជាងមុនផងដែរ ប៉ុន្តែខាងសមាគមនៅមិនទាន់មានការឆ្លើយតបបែបណាវិញនោះទេ។ ជាច្រើនឆ្នាំមកហើយ តម្លៃម្រេចកំពតដែលលក់លើទីផ្សារអន្តរជាតិនាពេលកន្លងមក គឺមានតម្លៃថេរ ដោយម្រេចខ្មៅមានតម្លៃ ១៥ ដុល្លារ រីឯម្រេចក្រហមមានតម្លៃ ២៥ ដុល្លារ និងម្រេចស មានតម្លៃ ២៨ ដុល្លារក្នុងមួយគីឡូក្រាម។
សូមជម្រាបថា ចំពោះស្ថានភាពនៃការដាំដុះដំណាំម្រេចនៅឆ្នាំនេះវិញ លោក ងួន ឡាយ បានបញ្ជាក់ឱ្យដឹងថា គឺមានល្អប្រសើរ ដោយសារកត្តាអាកាសធាតុមានភាពអំណោយផល មានភ្លៀងធ្លាក់ស្រោចស្រពគ្រប់គ្រាន់ផងដែរ។ ដោយឡែកចំពោះ ផ្ទៃដីផលិតកម្ម ក៏មិនមានការប្រែប្រួលនោះដែរ គឺរក្សានៅដដែល គ្រាន់តែមានការពង្រឹងគុណភាពដាំដុះបន្ថែមទៅលើកផ្ទៃដីដែលមានស្រាប់។ ប្រធានសមាគមម្រេចកំពត ជឿជាក់ថា បើគ្មានបញ្ហាអាកាសធាតុមករំខាន ទិន្នផលម្រេចកំពនៅឆ្នាំនេះ នឹងទទួលបានក្នុងកម្រិតខ្ពស់ ដោយរំពឹងថា នឹងទទួលបានផលិតផលលើសពី ១០០ តោនសម្រាប់ធ្វើការនាំចេញផងដែរ៕