(ភ្នំពេញ)៖ ការនាំចេញផលិតផលសំលៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងឆ្នាំ ២០២២ មានទំហំទឹកប្រាក់ជាង ១២ ពាន់លានដុល្លារអាមេរិក ការកើនឡើងប្រមាណ ១៥ ភាគរយ បើប្រៀបធៀបទៅនិងទំហំនៃការនាំចេញក្នុងឆ្នំា២០២១។
ក្នុងរបាយការណ៍ នៃការចេញផលិតផលសំខាន់ៗរបស់កម្ពុជា នៅក្នុងពិធីបូកសរុបការងារពាណិជ្ជកម្មឆ្នាំ ២០២២ និងលើកទិសដៅឆ្នាំថ្មី នៅថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៣ នេះ ក្រសួងពាណិជ្ជកម្ម លើកឡើងថា ការនាំចេញទំនិញសំខាន់ៗរបស់កម្ពុជា នៅក្នុងឆ្នាំ ២០២២ មានទំហំទឹកប្រាក់សរុបប្រមាណជាង ២២ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៦ ភាគរយ បើធៀបទៅឆ្នាំ ២០២១។
ក្នុងនោះការនំាចេញសំលៀកបំពាក់ មានទឹកប្រាក់ជាង ៩ ពាន់លានដុល្លារអាមេរិក បានកើឡើង ១៣ ភាគរយ, ស្បែកជើង មានចំនួន ១,៧ ពាន់លានដុល្លារអាមេរិក បានកើនឡើង ២៥ ភាគរយ និងការនាំចេញសម្ភារៈធ្វើដំណើរ មានទំហំទឹកប្រាក់ជាង ១,៧ លានដុល្លារអាមេរិកផងដែរ ។ ដោយបានកើនឡើងប្រមាណ ១៩ ភាគរយ បើប្រៀបធៀបនិងឆ្នំា២០២១។
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមសមាគមផលិតស្បែកជើងកម្ពុជា បានថ្លែងថា សមាគមសង្កេតឃើញថា ការបញ្ជាទិញមានការធ្លាក់ចុះ, ចំណែកនៅក្នុងឆ្នាំ ២០២៣ នេះ មើលទៅស្ថានភាពនៃការបញ្ជាទិញស្បែកជើង និងកាបូប ក៏នឹងអាចថមថយចុះផងដែរ។ ក្នុងនោះបើតាមការព្យាករ ការធ្លាក់ចុះបរិមាណនៃការបញ្ជាទិញផលិតផលស្បែកជើង និងកាបូប នេះ អាចស្ថិតក្នុងកម្រិតប្រហែលជា ៣០ ឬ ៤០ ភាគរយ។
អ្នកឧកញ៉ា បន្តថា ទោះបីក្នុងពេលបច្ចុប្បន្ន ការបញ្ជាទិញមានការថមថយចុះ តែនៅក្នុងរយៈពេលទៅមុខ វិស័យស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ កម្ពុជាគឺជាប្រទេសមួយដែលទាក់ទាញវិនិយោគិន និងអ្នកធ្វើធុរកិច្ចផ្សេងៗទៀតអាចហូរចូលមកជាបន្តបន្ទាប់ និងនៅក្នុងរយៈពេលវែង កម្ពុជានឹងស្រូបយកសក្តានុពលវិនិយោគលើផ្នែកនេះបានកាន់តែច្រើន ស្របពេលរាជរដ្ឋាភិបាលបានលើកទឹកចិត្តដល់នាំចូលវត្ថុធាតុដើម និងការនាំចូលសម្ភារៈ ឬម៉ាស៊ីនផលិតដោយរួចពន្ធ ហើយសម្រាប់ការនាំចេញ កម្ពុជាក៏មានភាពអនុគ្រោះពន្ធរយៈវែងសមរម្យផងដែរ៕