Alynana Media Cambodia
Icon Collap
clinic narit

តើប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ក្នុងទិវាវប្បធម៌ជាតិ ៣ មិនា នេះបង្កប់អត្ថន័យ បែបណាខ្លះ សម្រាប់សង្គមវប្បធម៌ជាតិ?

Admin Alynana | Feb 03, 2023
តើប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ក្នុងទិវាវប្បធម៌ជាតិ ៣ មិនា នេះបង្កប់អត្ថន័យ បែបណាខ្លះ សម្រាប់សង្គមវប្បធម៌ជាតិ?
Clinic narith

ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សារាចរ​ណែនាំ​ស្តីពី​ការរៀបចំ​ទិវា​វប្បធម៌៣មិនា លើក​ទី២៥ ឆ្នាំ២០២៣។ ទិវា​វប្បធម៌៣មិនា​ ជា​ទិវា​ដ៏​សំខាន់​របស់​ជាតិ ដែល​កម្ពុជា​តែង​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង​រំលឹក​ដល់​គុ​ណូ​បការៈ​និង​ស្នាដៃ​ដ៏​ធំធេង​នៃ​បុព្វបុរស​យើង​ដែល​បាន​បន្សល់ទុក​នូវ​មរតក​វប្បធម៌​ដ៏​សម្បូរបែប​សម្រាប់​អ្នកជំនាន់ក្រោយ និង​​ថែរក្សា​ការពារ​សម្បត្តិ ទាំង​រូបី  និង​អរូបី ឱ្យស្ថិតស្ថេរ​គង់វង្ស។

ទិវាវប្បធម៌ជាតិ ក៏ជាឱកាសមួយ ដើម្បីបំផុសស្មារតីស្រឡាញ់ជាតិ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរគ្រប់រូប។  ពិសេសក្នុងស្រទាប់យុវជន ដែលត្រូវបន្តវេនអភិរក្ស លើកស្ទួយតម្លៃ និងអភិរក្សវប្បធម៌ជាតិ។ ដោយឡែក យុវជន ត្រូវខិតខំបង្កើតស្នាដៃវប្បធម៌ ឱ្យកាន់តែមានភាពច្នៃប្រឌិត ផ្អែកលើមូលដ្ឋាននៃអត្តសញ្ញាណជាតិ ដើម្បីលើកស្ទួយការប្រើប្រាស់សក្ដានុពលវប្បធម៌ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែរ។
 
បើតាម​សារាចររបស់រាជរដ្ឋាភិបាលកម្ពុជា ប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នឹងលើកកម្ពស់មនសិការ និងបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ជាតិ។ «យុវជនដើម្បីវប្បធម៌ជាតិ» ក៏មានការលើកទឹកចិត្តឱ្យចូលរួម ក្នុងការសិក្សាស្រាវជ្រាវ ដើម្បីចងក្រងរក្សាទុកឱ្យបានគង់វង្ស នូវរាល់ឯកសារបេតិកភណ្ឌវប្បធម៌គ្រប់ប្រភេទ ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ 

បន្ថែមពីនេះ ទិវាវប្បធម៌ជាតិ៣មិនា២០២៣នេះ ក៏បង្កើនការយល់ដឹងអំពីតម្លៃនៃវប្បធម៌ជាតិ និងភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ ក្នុងការបង្កើតការងារ និងកាលានុវត្តភាពសម្រាប់ទាញយកប្រាប់ចំណូល តាមរយៈការបង្កើនសេវា និងផលិតផលវប្បធម៌ ក្នុងគោលដៅទេសចរណ៍ និងពាណិជ្ជកម្មផងដែរ។

សូមបញ្ជាក់ដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានណែនាំឱ្យក្រសួង ស្ថាប័ន អាជ្ញាធរដែនដី សហគ្រាសរដ្ឋ និងឯកជន ព្រមទាំងលំនៅដ្ឋានទាំងអស់ ត្រូវលើកទង់ជាតិ និងទង់ជ្វាលា ចងពាក្យស្លោក និងបិទប័ណ្ណប្រកាស នៅតាមដងផ្លូវ និងទីលានសាធារណៈជាដើម ព្រមៗគ្នានៅថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៣៕