Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា និងស្វីស រៀបចំពិធីអបអរខួបអនុស្សាវរីយ៍ទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធស្វីស

Admin Alynana | Feb 04, 2023
កម្ពុជា និងស្វីស រៀបចំពិធីអបអរខួបអនុស្សាវរីយ៍ទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធស្វីស
Clinic narith

 

(ភ្នំពេញ)៖ ក្នុងនាមរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កាលពីយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមជាមួយ លោក Heinrich Schellenberg ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហព័ន្ធស្វីស ទទួលបន្ទុកអាស៊ីប៉ាស៊ីហ្វិក ក្នុងពិធីអបអរខួបអនុស្សាវរីយ៍ទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធស្វីស។

លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រយៈពេល ៦០ឆ្នាំនេះ កម្ពុជា និងស្វីស មានកំណត់ត្រាដ៏ល្អនៃទំនាក់ទំនងមិត្តភាពដ៏ស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ លើវិស័យជាច្រើនដែលបានផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។

ប្រទេសទាំងពីរ គឺជាអ្នកការពារស្មារតី និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ក្នុងការប្តេជ្ញាចិត្តជាលក្ខណះពហុភាគីនិយម។ សំខាន់ជាងនេះទៅទៀត ប្រទេសទាំងពីរ គឺជាអ្នកជំរុញគោលនយោបាយការបរទេសអព្យាក្រឹតដើម្បីការពារឯករាជ្យជាតិជារដ្ឋអធិបតេយ្យ ដែលនយោបាយការបរទេសកម្ពុជាអព្យាក្រឹតភាព បានអនុម័តដោយព្រះបរមរតនកោដ្ឋ ព្រះបរមរតនកោដ្ឋ ឆ្នាំ១៩៥៥ បានក្លាយជាប្រយោគអចិន្ត្រៃយ៍នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងកម្ពុជា-ស្វីស បន្តរីកចម្រើនជាមួយនឹងសន្ទុះគួរឱ្យកត់សម្គាល់ ដែលបង្ហាញឱ្យឃើញពីទំហំពាណិជ្ជកម្ដែលកំពុងកើនឡើង ដំណើរទស្សនកិច្ចកម្រិតខ្ពស់ និងការសន្ទនានយោបាយជាទៀងទាត់រវាងក្រសួងការបរទេសទាំងពីរ ក៏ដូចជាកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាក់ព័ន្ធផ្សេងទៀត និងកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌពហុភាគី។ តាមរយៈវេទិកានេះ ក្នុងនាមរាជរដ្ឋាភិបាល លោកទេសរដ្ឋមន្រ្តី ជឿជាក់ថា វាពិតជានឹងរួមចំណែកដល់ការឈានទៅមុខបន្ថែមទៀតនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ។

លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ប្រទេសស្វីស បានផ្តល់ជំនួយគាំទ្រផ្នែកសុខភាព អភិបាលកិច្ច កសិកម្ម សន្តិសុខស្បៀង ការកសាងជំនាញ ការបោសសម្អាតមីន ព្រមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ សុខុមាលភាព និងវិបុលភាពនៅកម្ពុជា។ ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយហិរញ្ញវត្ថុរបស់រដ្ឋាភិបាលស្វីស ដែលបានផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផាចាប់តាំងពីឆ្នាំ១៩៩៤ ហើយប្រជាជនកម្ពុជា ចងចាំជានិច្ចដោយដឹងគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះការលះបង់របស់លោកវេជ្ជបណ្ឌិត Beat Richner ក្នុងការជួយសង្គ្រោះជីវិតកុមារ និងស្ត្រីកម្ពុជារាប់លាននាក់ តាមរយៈការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃ។

ពាក់នឹងការងារបោសសម្អាតមីន ប្រទេសស្វីស គឺជាដៃគូដ៏សំខាន់ និងយូរអង្វែង។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យរដ្ឋាភិបាលស្វីសពិចារណាបន្តជួយគាំទ្រក្នុងការបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ក្នុងឆ្នាំ២០២៥ និងបន្តគាំទ្រដោះស្រាយហានិភ័យផ្សេងៗទៀតនៃសំណល់ជាតិផ្ទុះពីសង្រ្គាមក្រោយឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥។

ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួបលើកទី ៦០ នៃទំនាក់ទំនងការទូត លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះវត្តមានការិយាល័យសហប្រតិបត្តិការស្វីសនៅកម្ពុជាសម្រាប់រយៈពេល ១០ ឆ្នាំចុងក្រោយនេះ និងការបើកដំណើរការកម្មវិធីសហប្រតិបត្តិការស្វីសថ្មីនៅក្នុងតំបន់មេគង្គឆ្នាំ ២០២២-២០២៥ ដែលនឹងអាចជាកម្លាំងជំរុញថ្មីបន្ថែមដល់ទំនាក់ទំនងកម្ពុជា-ស្វីស៕