ទិន្នផលដែកថែបរបស់ពិភពលោកក្នុងឆ្នាំ២០២២ បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ។ ការធ្លាក់ចុះនេះ គឺបណ្តាលមកពីតម្រូវការធ្លាក់ចុះច្រើន ជាពិសេសកាលពីឆ្នាំមុន ក្នុងពេល ប្រទេសចិន ដែលជាប្រទេសផលិតនិងនាំចូលដែកដ៏ធំ បានស្ថិតក្រោមការបិទខ្ទប់ នៃវិធានការសូន្យកូវីដ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយបំផុតមួយពី សមាគមដែកពិភពលោក។
របាយការណ៍ពីសមាគមន៍ដដែលបង្ហាញថា ទិន្នផលដែកថែបពិភពលោកបានធ្លាក់ចុះក្នុងឆ្នាំ២០២២មកត្រឹមបរិមាណ ១,៨៧ពាន់លានតោន ធ្លាក់ចុះជាង ៤% ធៀបនឹងឆ្នាំ២០២១។ ប្រទេសផលិតដែកដ៏ធំបំផុតរបស់ពិភពលោក គឺប្រទេសចិន ដែលតំណាងឱ្យជាងពាក់កណ្តាល នៃផលិតកម្មសរុបពិភពលោក បានកត់ត្រាពីការថយចុះទិន្នផលជាង២% មកនៅសល់បរិមាណជាង១ពាន់លានតោនប៉ុណ្ណោះ។ មូលហេតុក៏ដោយសារតែ សេដ្ឋកិច្ចចិនធ្លាក់ចុះ ភាពមិនច្បាស់លាស់លើទីផ្សារអចលនទ្រព្យរបស់ខ្លួន។
ដោយឡែក ការផលិតជាទូទៅ ក៏មានភាពយឺតយ៉ាវដែរ នៅក្នុងទីផ្សារប្រទេសអ្នកផលិតផ្សេងទៀត។ ជាក់ស្តែង ប្រទេសជប៉ុន ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតទី៣របស់ពិភពលោកបានកត់ត្រាការធ្លាក់ចុះ ៧,៤% ក្នុងទិន្នផលរបស់ខ្លួន មកនៅត្រឹមជាង៨៩លានតោន។ ការផលិតដែកថែបនៅជប៉ុនធ្លាក់ចុះគឺមកពីការផលិតរថយន្តថយចុះដូចគ្នា ដោយសារតែកង្វះខាតបន្ទះឈីប។ ទន្ទឹមនេះ សហរដ្ឋអាមេរិក និងរុស្ស៊ីបានបង្ហាញការធ្លាក់ចុះរៀងៗខ្លួនដូចគ្នាដែរ ដោយអាមេរិកធ្លាក់ចុះក្នុងរង្វង់ជិត ៦% និងរុស្ស៊ីធ្លាក់ចុះជាង៧%។
ទោះយ៉ាងណា ឥណ្ឌាជាប្រទេសតែមួយគត់ ដែលបានកត់ត្រាការកើនឡើងនៃទិន្នផលដែកក្នុងចំណោមប្រទេសដែលផលិតដែកធំៗចំនួនប្រាំ។ ប្រទេសអាស៊ីខាងត្បូងមួយនេះ មានកំណើនការផលិតដែកក្នុងអត្រា៥,៥% ពោលគឺបរិមាណដែកបានកើនដល់ ១២៤លានតោន ចំពេលដែលសេដ្ឋកិច្ចរបស់ទីក្រុងញូដេលី នៅបន្តរឹងមាំជាងគេ និងក៏ដូចជាតម្រូវការដ៏ច្រើនសម្រាប់ដែកថែបក្នុងការសាងសង់។
គួរជម្រាបថា ក្រៅតែពីត្រូវបានគេប៉ាន់ស្មានថា នឹងវ៉ាដាច់ចិនជាប្រទេសមានប្រជាជនច្រើនជាងគេក្នុងលោក ឥណ្ឌាក៏ត្រូវបានគេប៉ាន់ស្មានថានឹងវ៉ាដាច់ជប៉ុន ក្លាយជាប្រទេសផលិតរថយន្តធំលំដាប់ទី៣ក្នុងលោកផងដែរ។ ប្រការនេះ នឹងជំរុញផលិតកម្មដែកថែមនៅឥណ្ឌាឱ្យកើនឡើងបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មយានយន្ត។
សូមជម្រាបថា និន្នាការនៃការធ្លាក់ចុះទិន្នផល និងតម្លៃដែកនេះ បាននិងកំពុងកើតឡើងនៅទូទាំងពិភពលោក សូម្បីតែនៅក្នុងតំបន់អាស៊ានក៏ដោយ។ ជាក់ស្តែង ប្រទេសក្បែរខាង គឺថៃ និងវៀតណាម រួមទាំងកម្ពុជាផង សុទ្ធតែបានរាយការណ៍ពីបញ្ហានេះ។ ជាក់ស្តែង វៀតណាម បានកត់ត្រាពីការធ្លាក់ចុះយ៉ាងខ្លាំងនូវផលិតកម្មស្លរដែក នៅតាមឡធំៗរបស់ខ្លួនកាលពីឆ្នាំមុន ស្របពេលគ្នានេះ ទាំងថៃ និងកម្ពុជា ក៏បានរាយការណ៍ពីតម្លៃដែកធ្លាក់ចុះផងដែរ៕