(សៀមរាប)៖ មន្ត្រីក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ បានបង្ហើបឲ្យដឹងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ខួបលើកទី១០ គឺជាព្រឹត្តិការណ៍ដែលត្រូវបានរៀបចំឡើងឲ្យធំជាងមុនៗ ហើយអាចនឹងបំបែកឯតទគ្គកម្មលើពិភពលោក តាមរយៈកម្មវិធីចំនួនពីរ ឬលើសពីនោះ។
ឯកឧត្ដម សោម រតនា ប្រធានផ្នែកព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ របស់សហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ពិធីក្រុងពាលី បើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅទីលានជល់ដំរី ក្រុងអង្គរធំ ខេត្តសៀមរាបនាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដឆ្នាំនេះ មានរៀបចំចំនួន ៦ទីតាំង កម្មវិធីកំសាន្ដចំនួន ៤៤កម្មវិធី ដែលរៀបចំឡើងនៅតំបន់រមណីយដ្ឋានអង្គរ និងនៅក្នុងក្រុងសៀមរាប ដោយមានក្រុមយុវជន ស.ស.យ.ក. ចំនួន ៥ពាន់នាក់ផងដែរ។
ខួបគម្រប់១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មានលក្ខណៈពិសេសជាឆ្នាំមុនៗ ដែលឯកឧត្ដមបានបង្ហើបថា ព្រឹត្ដិការណ៍ដ៏អស្ចារ្យមួយនេះ អាចនឹងបំបែកឯតទគ្គកម្មលើពិភពលោកលើកម្មវិធីចំនួនពីរនៅក្នុងព្រឹត្ដិការណ៍នោះ។ ជាមួយគ្នានេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានចូលរួមអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ លើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ រួមទាំង បានផ្តល់ឱកាសឲ្យយុវជន ប្រជាជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានឈ្វេងយល់បន្ថែមអំពីភាពរុងរឿង ល្បីល្បាញ ភាពសម្បូរបែប នៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនាជាដើម។ ឯកឧត្ដមរំពឹងថា ព្រឹត្ដិការណ៍មួយនេះនឹងមានអ្នកទេសចរជាតិ និងអន្ដរជាតិចូលរួមជាច្រើននាក់ និងផ្ដល់សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋនៅខេត្ដសៀមរាបយ៉ាងច្រើនផងដែរ។
ព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ នឹងប្រព្រឹត្តទៅចាប់ថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមប្រធានបទ «ក្ដីស្រមៃ និងក្ដីសង្ឃឹម» អង្គរសង្ក្រាន្តនឹងវិលត្រឡប់មកសារជាថ្មី ស្របពេលខួប១០ឆ្នាំ ដែលនឹងនាំមកនូវទិដ្ឋភាពដ៏សប្បាយរីករាយ ក៏ដូចជាការរំលឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗ ដែលបានបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រលើពិភពលោក ដោយមានការទទួលស្គាល់ពីអន្តរជាតិលើវិញ្ញាសារដែលបានរៀបចំចំនួន២។ ប៉ុន្តែ ឯកឧត្ដម សោម រតនា សុំមិនបញ្ចេញឈ្មោះវិញ្ញាសារ ដែលត្រូវការបំបែកកំណត់ត្រានោះទេ ដោយសុំលាក់សិន។ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត តែងតែជារូបភាពដែលដក់ជាប់នៅក្នុងអារម្មណ៍បងប្អូនប្រជាពលរដ្ឋខ្មែរ នៅពេលរំលឹកដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរម្ដងៗ។ មិនតែប៉ុណ្ណោះគឺ ដើម្បីបំផុសស្មារតីប្រជាជនកម្ពុជា ជាពិសេសយុវជន កូនចៅខ្មែរជំនាន់ក្រោយ ឱ្យមានមោទកភាព ស្រឡាញ់វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ជា បំផុសគំនិតរួបរួមកម្លាំងសាមគ្គីជាធ្លុងមួយ និងជាគ្រួសារតែមួយ ព្រមទាំងបណ្តុះស្មារតីអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ បាវចនាជាតិ ព្រលឹង និងអត្តសញ្ញាណជាតិខ្មែរ រួមទាំងផ្តល់ឱកាសសម្រាប់ពាណិជ្ជករ សហគ្រិន អាជីវករ ផលិតផលពាណិជ្ជកម្ម ផលិតផលសិប្បកម្ម និងសេវាកម្មនានា និងចូលរួមចំណែកជំរុញទេសចរណ៍ផ្ទៃក្នុង និងអន្តរជាតិដែលជាមាសបៃតងរបស់កម្ពុជា៕