Alynana Media Cambodia
Icon Collap
clinic narit

សម្ដេចតេជោ ហ៊ុន សែន រំពឹងថាកម្ពុជានឹងអាចនាំចេញទំនិញទៅកាន់ទីផ្សារប្រទេសចិនកាន់តែច្រើន

Admin Alynana | Feb 10, 2023
សម្ដេចតេជោ ហ៊ុន សែន រំពឹងថាកម្ពុជានឹងអាចនាំចេញទំនិញទៅកាន់ទីផ្សារប្រទេសចិនកាន់តែច្រើន
Clinic narith

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បង្ហាញក្តីរំពឹងថា កម្ពុជានឹងអាចនាំចេញទំនិញទៅកាន់ទីផ្សារប្រទេសចិនកាន់តែច្រើន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន ដែលចិនបានផ្ដល់ភាពអនុគ្រោះច្រើនដល់កម្ពុជា។

ថ្លែងនៅក្នុងពិធីបើកការដ្ឋានស្ដារនិងលើកកម្រិតគុណភាពផ្លូវកំពត-កែប ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បញ្ជាក់ថា នៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន មានរហូតទៅដល់១៤ ៥០០លានដុល្លារអាមេរិក ដែលមានកំណើនរហូតដល់ ១៩ភាគរយ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា «ឆ្នាំនេះចំនួនតួលេខនៃទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរមានរហូតទៅដល់១៤ ៥០០លានដុល្លារអាមេរិក ដែលមានកំណើនរហូតដល់១៩ភាគរយ ហើយនៅពេលខាងមុខ ខ្ញុំជឿថាយើងនឹងមានសមត្ថភាព ដើម្បីនឹងនាំទំនិញចូលទៅកាន់ទីផ្សារចិនកាន់តែច្រើន តាមរយៈនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលមិត្តចិនបានផ្តល់ភាពអនុគ្រោះ សម្រាប់ការនាំទំនិញរបស់កម្ពុជារហូត៩៧.៥៣% ដែលជាកម្រិតខ្ពស់បំផុតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន ជាមួយនឹងប្រទេសដទៃទៀត»។

បើតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម កម្ពុជាបាននាំចេញទៅចិននូវសម្លៀកបំពាក់ ស្បែកជើង ស្បែកសត្វមានរោម ម៉ាស៊ីនប្រើពីស្តុង អង្ករ កៅស៊ូ ចេក ដំឡូងមី គ្រាប់ស្វាយចន្ទី ស្បែកជើង ហិប វ៉ាលី ជាដើម -ល-។ ខណៈការនាំចូលពីចិនមកវិញ នូវផលិតផលសម្រាប់បម្រើឲ្យការវិនិយោគ និងផលិតកម្ម ដូចជា ក្រណាត់ចាក់ ក្រណាត់ត្បាញពីកប្បាស គ្រឿងចក្រ ដែក គ្រឿងសំណង់ផ្សេងៗ បរិក្ខារ និងគ្រឿងអេឡិចត្រូនិក វត្ថុធាតុពីប្លាស្ទិក អាលុយមីញ៉ូម គ្រឿងសង្ហារឹម និងក្រដាស និងក្រដាសកាតុងជាដើម។

សូមជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានចូលជាធរមានកាលពីខែមករា ឆ្នាំ២០២២ ដែលរហូតមកដល់ពេលនេះ មានរយៈពេល១ឆ្នាំហើយ តំណាលគ្នានឹងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ក៏បានចូលជាធរមានផងដែរ នៅដើមខែធ្នូ ឆ្នាំ២០២២។

ការខិតខំប្រឹងប្រែងបង្កើត ឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ដើម្បីពង្រីកទីផ្សារដល់ទំនិញ និងកសិផលរបស់កម្ពុជា ឲ្យរីកកាន់តែធំ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏កំពុងធ្វើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយបណ្តាប្រទេសជាច្រើនទៀតផងដែរ៕