នៅរយៈប្រហែល៤ឆ្នាំចុងក្រោយនេះ ប្រទេសចិន គឺបានឈរលំដាប់នាំមុខគេជាទីផ្សារនាំចេញអង្ករដ៏ធំបំផុតរបស់កម្ពុជា ខណៈដែលទីផ្សារសហភាពអឺរ៉ុបគឺឈរលំដាប់ទី២។ ការនាំចេញអង្កររបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុបនៅមួយរយៈកន្លងមកនេះ មានការថមថយចុះ ក៏ដោយសារតែអង្ករកម្ពុជានាំចេញទៅសហភាពអឺរ៉ុបត្រូវបានកំណត់យកពន្ធរយៈពេល៣ឆ្នាំតាំងពីឆ្នាំ២០១៩មក រហូតដល់ខែមករាឆ្នាំ២០២២។
ក្រោយពីការយកពន្ធត្រូវបានបញ្ចប់ ហើយកម្ពុជាក៏បានតតាំងឈ្នះក្ដីក្ដាំជុំវិញរឿងអង្ករនៅនាំចេញទៅអឺរ៉ុបនេះផងនោះ គេសង្កេតឃើញថា ការនាំចេញអង្ករទៅកាន់ទីផ្សារមួយនេះ កំពុងកើនឡើងគួរឲ្យកត់សម្គាល់។
ជាក់ស្ដែង នៅត្រឹមតែរយៈពេល ១ខែ ដំបូងនៃឆ្នាំ២០២៣ កម្ពុជា បាននាំចេញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប មានចំនួនជាង១ម៉ឺន៧ពាន់តោន គិតជាទឹកប្រាក់មានជាង ១៣លានដុល្លារ ពោលគឺមានបរិមាណនាំចេញកើនឡើង៤២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តើនៅឆ្នាំ២០២៣នេះ ទីផ្សារសហភាពអឺរ៉ុប អាចនឹងវ៉ាដាច់ទីផ្សារចិនក្នុងការស្រូបយកផលិតផលអង្ករពីកម្ពុជាដែរ ឬយ៉ាងណា?
យោងតាមរបាយការណ៍ដែលបង្ហាញដោយសហព័ន្ធស្រូវ-អង្ករ កម្ពុជា នៅក្នុងរយៈពេលត្រឹមតែ ១ខែ ដំបូងក្នុងឆ្នាំ២០២៣ ប៉ុណ្ណោះ កម្ពុជា ទទួលបានទឹកប្រាក់ជិត ២៩លានដុល្លារ ពីការនាំចេញអង្ករ សរុបជិត ៣៧ពាន់តោន ទៅកាន់ទីផ្សារអន្តរជាតិ ចំនួន៣៤ គោលដៅ។ ក្នុងនោះ
ការនាំចេញអង្ករកម្ពុជា ទៅកាន់ប្រទេសក្នុងតំបន់សហភាពអឺរ៉ុបចំនួន ២០ប្រទេស ស្មើនឹង ៤៨% នៃការនាំចេញសរុប គិតជាបរិមាណមានចំនួនជាង ១៧ពាន់៧រយតោន ដែលមានទំហំទឹកប្រាក់ ជាង ១៣លានដុល្លារ។ ខណៈប្រទេសចិន បានគ្រប់គ្រងចំណែកការនាំចេញអង្ករកម្ពុជា ចំនួន ៤១% ក្នុងបរិមាណ ១៥ពាន់តោន មានទំហំទឹកប្រាក់ជាង ១១លានដុល្លារ។
ទោះបីថា នៅខែដំបូងនៅឆ្នាំនេះ ការនាំចេញអង្ករទៅទីផ្សារសហភាពអឺរ៉ុបហក់ឡើងខ្ពស់ជាងទីផ្សារចិនក៏ដោយ ប៉ុន្ដែ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករ-កម្ពុជា នៅតែយល់ឃើញថា ប្រទេសចិន គឺជាទីផ្សារគោលដៅធំសម្រាប់នាំចេញអង្កររបស់កម្ពុជាដដែល។
លោក លន់ យ៉េង បានពន្យល់ថា កត្តាដែលជំរុញឲ្យកម្ពុជា មានក្ដីរំពឹងខ្លាំងលើទីផ្សារចិន ជាងទីផ្សារអឺរ៉ុប ដោយសារតែលទ្ធភាពការនាំចូលអង្កររបស់ប្រទេសចិន មានទំហំធំ និងមិនសូវមានការប្រកួតប្រជែងខ្ពស់ ដូចការនាំចេញអង្ករទៅកាន់ទីផ្សារសហភាពអឺរ៉ុប នោះទេ។ បើតាមអ្នកជំនាញរូបនេះ ជាមធ្យមសហភាពអឺរ៉ុប មានតម្រូវការអង្ករ ប្រមាណ ១លានតោន ប៉ុណ្ណោះ ក្នុងមួយឆ្នាំ ខណៈប្រទេសចិនវិញ មានតម្រូវការនាំចូលអង្ករ ក្នុងបរិមាណចន្លោះពី៣លានទៅ៤លានតោន ក្នុងមួយឆ្នាំ។ នៅឆ្នាំ២០២៣នេះទៀតសោត សហព័ន្ធស្រូវអង្ករកម្ពុជាក៏មានមហិច្ឆតានឹងនាំចេញអង្ករទៅកាន់ទីផ្សារចិនឲ្យបានលើស ៤០ម៉ឺនតោនផងដែរ ខណៈឆ្នាំកន្លងមកនាំចេញទៅបានប្រមាណតែជាង ២០ ទៅ៣០ម៉ឺនតោនប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ បើតាមសហព័ន្ធស្រូវ-អង្ករកម្ពុជា កត្តាដែលធ្វើឲ្យការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារចិន មានការថយចុះនៅរយៈពេល១ខែដំបូងឆ្នាំ២០២៣នេះ ដោយសារអំឡុងខែមករា គឺជាការឈប់សម្រាកនៃពិធីបុណ្យចូលឆ្នាំចិន ទើបធ្វើឱ្យមានការយឺតយ៉ាវ ក្នុងនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងធ្វើឱ្យការនាំចេញសរុប មានការថយចុះ ផងដែរ។
ក្រៅពីការនាំចេញអង្ករ ទៅកាន់ទីផ្សារធំៗ ដូចជាសហគមន៍អឺរ៉ុប និងប្រទេសចិន អង្ករកម្ពុជា ក៏បាននាំចេញ ទៅកាន់ប្រទេសអាស៊ានចំនួន២ គឺប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ជិត២ពាន់តោន ផងដែរ ក្នុងរយៈពេល ១ខែ ឆ្នាំ២០២៣នេះ ដែលគិតជាទឹកប្រាក់ មានចំនួន ១លានដុល្លារ និងគោលដៅផ្សេងៗ ចំនួនជាង ២ពាន់តោន ដែលគិតជាទឹកប្រាក់ ចំនួនជាង ២លានដុល្លារ។
សូមបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២២ ប្រទេសកម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិសរុបជិត ៦៤ម៉ឺនតោន ដែលមានទឹកប្រាក់សរុបប្រមាណជាង ៤០០លានដុល្លារអាមេរិក ខណៈនៅឆ្នាំ២០២៣នេះ កម្ពុជាមានគោលដៅនាំចេញអង្ករឲ្យបានដល់៧៥ម៉ឺនតោន៕